(កណ្ដាល)៖ សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់ នៅខេត្តកណ្តាល ផ្តល់អាហារូបករណ៍សិក្សា១០០% រយៈពេល៤ឆ្នាំ ដល់សមណនិស្សិត-និស្សិត កុលបុត្រខ្មែរគ្រប់រូប ដោយឥតបង់ថ្លៃសិក្សា លើមុខជំនាញចំនួន២០ជំនាញ បានបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ហើយ ដំបូងក្រោមព្រះរាជធិបតីភាព និងអធិបតីភាព សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។

ពិធីនេះប្រព្រឹត្តទៅនារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបរិវេណវត្តព្រះឥន្ទ សាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា ព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានសង្ឃដីការថា សាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣នេះ គឺជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់នៅខេត្តកណ្តាល មិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍ ពណ៌សម្បុរ ព្រមទាំងជាគ្រឹះស្ថាន ឧត្តមសិក្សា មិនគិតពី ផលចំណេញ ឋិតក្រោមឱវាទរបស់ ក្រសួងអប់រំ យុវជន និងកីឡា ផ្តល់អាហារូបករណ៍សិក្សា ១០០% រយៈពេល៤ឆ្នាំ ដល់សមណនិស្សិត-និស្សិតកុលបុត្រខ្មែរគ្រប់រូបដោយឥតបង់ថ្លៃសិក្សា លើមុខជំនាញចំនួន២០ជំនាញដូចជា៖ ប្រវត្តិសាស្ត្រខ្មែរ អក្សរសាស្ត្រខ្មែរ ភាសាអង់គ្លេស ភាសាចិន ភាសាបារាំង បរិស្ថានវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ ភូមិវិទ្យា និងរៀបចំដែនដី វិទ្យាសាស្ត្រនយោបាយ នីតិរដ្ឋបាលសាធារណៈ នីតិឯកជន ទស្សនវិជ្ជាពុទ្ធសាសនា សង្គមវិទ្យា វិស្វកម្មសំណង់អគារ វិស្វកម្មអគ្គីសនី ស្ថាបត្យកម្ម វិស្វកម្មអភិវឌ្ឍជនបទ កសិកម្ម អភិវឌ្ឍន៍សហគមន៍ គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច។

សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា មានដីកាបន្តថា ការបង្កើតសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នេះឡើង ដើម្បីជួយដល់សមណនិស្សិត-និស្សិត ដែលជាកុលបុត្រខ្មែរគ្រប់រូប មានឱកាសមកបន្តការសិក្សាថ្នាក់ ឧត្តមសិក្សាបានគ្រប់គ្នាដោយ មានគោលបំណងធ្វើយ៉ាងណា ឲ្យយុវជនខ្មែរទាំងអស់បានទទួលការអប់រំ និងការសិក្សាថ្នាក់ឧត្តមសិក្សា ឲ្យបានគ្រប់គ្នាធ្វើយ៉ាងណា ឲ្យយុវជនខ្មែរមានក្រមសីលធម៌ មានចំណេះដឹង មានជំនាញបទពិសោធពិតប្រាកដ មានសមត្ថភាព មានប្រសិទ្ធភាព មានឧត្តមភាព ដើម្បីឧត្តមប្រយោជន៍ជាតិ និងសក្តានុពល ដើម្បីរួបរួមសាមគ្គីគ្នា ថែរក្សាការពារនូវសន្តិភាព ជាតិ ដែលរកបានដោយកម្រ រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ និងការពារជាតិស្របតាមគោលបំណងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា មានដីកាបន្តថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី កើតឡើងដោយមានការរួបរួមសាមគ្គីគ្នារវាង គណៈសង្ឃ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល ក្រុមបញ្ញាវន្តខ្មែរ និងមហាពុទ្ធបរិស័ទ សប្បុរសជន គ្រប់ទិសទី។

ជាមួយគ្នានេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានផ្ដាំផ្ញើដល់ក្មួយៗ ជាសិស្សនិស្សិត ត្រូវខិតខំរៀនសូត្រ ព្រោះចំណេះវិជ្ជាសំខាន់ណាស់សម្រាប់ខ្លួនឯង និងប្រទេសជាតិ យុវជនជាទំពាំង ស្នងឬស្សី ត្រូវបន្តស្វាតធ្យាយសិក្សា ត្រូវធ្វើជាសិស្សដែលមានភាពឆ្លាតវៃ។ ហើយភាពខ្លាំង នៃការសិក្សាក្នុងសម័យតេជោសែន គឺដោយអំណោយផលនៃសុខសន្តិភាព ដែលពួកយើងកំពុងតែមាន មោទកភាពជាតិខ្ពស់ ដែលប្រទេសកម្ពុជាកំពុងតែដើរលើផ្លូវត្រូវ នៃមាគ៌ាប្រជាធិបតេយ្យសេរីពហុបក្ស ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលមានស្នាដៃច្រើនរាប់មិនអស់៕