(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៦ និង០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមការផ្តួចផ្តើមគំនិត របស់លោកបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរៀបចំឲ្យមានសិក្ខាសាលា «ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ នឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ» រយៈពេល២ថ្ងៃ ដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធ នៅក្នុងខេត្តកំពង់ស្ពឺ ចំនួនប្រមាណ៩០នាក់ នៅសណ្ឋាគារផាមរីវើ ។

គោលបំណង នៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រៀបការយល់ដឹង ដល់ភាគីពាក់ព័ន្ធដើម្បីឲ្យមាន ការយល់ដឹងអំពីទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងដើម្បីចូលរួមចំណែកទាំងអស់គ្នា ក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព នៅក្នុង តំបន់ការពារធម្មជាតិ ដើម្បីជាឧត្តមប្រយោជន៍ របស់ព្រះរាជាណាចក្រកម្ពុជា កូនចៅជំនាន់ក្រោយ និងមនុស្សជាតិ ទាំងមូល។

លោក ចាយ សាមិត្ត រដ្ឋលេខាធិកាក្រសួងបរិស្ថាន តំណាងលោកបណ្ឌិត សាយ សំអាល់ បានធ្វើបទបង្ហាញដោយលើកឡើងថា ក្រសួងបរិស្ថានបានរៀបចំឲ្យមានសិក្ខាសាលា «ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ នឹងវិស័យបរិស្ថាន និងធនធាធម្មជាតិ» នៅខេត្តកំពង់ស្ពឺ ដោយសារតែនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មានតំបន់ការពារធម្មជាតិចំនួន៥កន្លែងគឺ៖ ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ (គិរីរម្យ), ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង, ជួរភ្នំក្រវាញកណ្តាល, ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់, របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលចាំបាច់ត្រូវការពារ និងអភិរក្សយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីជាឧត្តមប្រយោជន៍ ចំពោះប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ។

លោករដ្ឋលេខាធិការ បានបន្តថា ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចជាកម្មវត្ថុនៅក្នុងការទិញលក់បានឡើយ។ រាល់ការបញ្ជាក់ទទួលស្គាល់ដឹងឮ លើលិខិតទិញលក់ដី នៅក្នុងតំបន់ការពារធនធានធម្មជាតិ ត្រូវបានមោឃភាពចោលជាអាសារបង់ ហើយបុគ្គលដែលពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

សិក្ខាសិលាថ្ងៃនេះ បានធ្វើឡើងស្របតាម គោលបំណង និងគោលដៅនៃការអនុវត្តគោលនយោបាយ និងផែនការគាំទ្រដល់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា និងបន្ថែមលើសិក្ខាសាលាកន្លងមក ដែលបានផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការការពារអភិរក្សបរិស្ថាន សិក្ខាសាលា «ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធាធម្មជាតិ» ត្រូវបានរៀបចំឡើងដើម្បីពង្រឹង ឲ្យកាន់តែប្រសើរថែមទៀត នូវការយល់ដឹងទូលំទូលាយ អំពីច្បាប់ដែលអនុវត្តចំពោះ តំបន់ការពារធម្មជាតិ ដែលជាប្រភពនៃសិទ្ធិ កាតព្វកិច្ច និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធទាំងអស់ ការយល់ដឹងកាន់តែច្បាស់បន្ថែមទៀត អំពីសកម្មភាពដែលត្រូវបានហាមឃាត់ និងចាត់ជាបទល្មើសនៅក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងយល់ដឹងអំពីការបំលែងធនធានធម្មជាតិទៅជាទ្រព្យសម្បត្តិឯកជននៅក្នុងរូបភាពជាការសំអាតប្រាក់ និងទោសទណ្ឌដែលត្រូវទទួល។ ជាពិសេសគឺការអនុវត្តនីតិវិធី ព្រមទាំងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីកិច្ចស៊ើបអង្កេត កិច្ចស៊ើបសួរ និងការជំនុំជម្រះដើម្បីផ្តន្ទាទោសជនលើ្មសតាមច្បាប់។

លោកបានបញ្ជាក់ថា ប្រធានបទនៃសិក្ខាសាលា «ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធាធម្មជាតិ» នឹងផ្តល់នូវចំណេះដឹងបន្ថែមជូន ដល់សិក្ខាកាមលើប្រធានបទដូចតទៅ៖

១៖ ទស្សនទាននៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការលើវិស័យបរិស្ថាន
២៖ ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិទី៦ «អនាម័យ សោភ័ណភាព និងមានបរិស្ថានល្អ»
៣៖ ការពង្រឹងសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
៤៖ គោលការណ៍ណែនាំក្នុងការប្រើប្រាស់មធ្យោបាយសម្ភារៈ ដែលក្រសួងបរិស្ថានប្រគល់ជូនរដ្ឋបាលថ្នាក់ជាតិ
៥៖ សញ្ញាណទូទៅនៃទ្រព្យសម្បត្តិរដ្ឋ និងតំបន់ការពារធម្មជាតិ
៦៖ សញ្ញាណទូទៅនៃច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
៧៖ ច្បាប់ និងបទល្មើសពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរដ្ឋ
៨៖ តួនាទីរបស់នគរបាលយុត្តិធម៌
៩៖ នីតិវិធីកសាងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។

ដើម្បីរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពង្រឹងសមត្ថភាព របស់មន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធ នៅក្នុងការបង្រ្កាបបទល្មើស ពាក់ព័ន្ធនឹងធនធានធម្មជាតិ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងការកសាងសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕