(ប៉ៃលិន)៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដឹកនាំលោក កែ សុខលាភ សមាជិក ស.ស.យ.ក រាជធានីភ្នំពេញ បានពាំនាំអំណោយលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក រួមមានគ្រឿងឧបភោគបរិភោគ សាប៊ូ និងធូបមូស ប្រគល់ជូនកងកម្លាំង បញ្ជាការកងវិស្វកម្មស្ថាបនាលេខ៧១១ ប្រចាំខេត្តប៉ៃលិន ដែលគ្រប់គ្រងដោយ ឧត្តមសេនីយ៍ទោ ជុំ ហុន។

ពិធីប្រគល់ និងទទួលអំណោយនេះ រៀបចំឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។  ក្នុងឱកាសនោះ លោក កែ សុខលាភ ក៏បានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខ របស់លោក ហ៊ុន ម៉ានី ដល់កងកម្លាំងវិស្វកម្មលេខ៧១១ ក្នុងរដូវវស្សានេះ ជាពិសេសក្នុងតំបន់រងនូវការកើតជំងឺ គ្រុនចាញ់ ត្រូវធ្វើការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីជំងឺនេះ។

លោក កែ សុខលាភ បានបន្តថា អំណោយនេះកើតចេញពីចិត្ត និងស្មារតីចែករំលែករបស់យុវជន នៅសមរភូមិក្រោយ ដែលតែងតែគិតគូរ សុខទុក្ខរបស់កងទ័ពឈរជើង នៅតាមតំបន់ព្រំដែន។

ក្នុងឱកាសនោះដែរ លោក កែ សុខលាភ បានបញ្ជាក់ថា ដោយកត្តាសន្តិភាព រាជរដ្ឋាភិបាលបានបន្តការកែទម្រង់ស៊ីជម្រៅយ៉ាងសកម្ម របស់ខ្លួនក្នុងបេសកកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ដើម្បីធ្វើឲ្យជីវភាពប្រជាជនកាន់តែល្អប្រសើរថែមទៀត។ ការទាក់ទាញ វិនិយោគ បានផ្តល់ឱកាសការងារកាន់តែច្រើន ដល់យុវជនជំនាន់ក្រោយ៕