(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងខ្លាំងចំពោះជីវភាពរបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ រួមទាំងកម្មករ-កម្មការិនី តាមរយៈការដំឡើងប្រាក់បៀវត្ស ឬប្រាក់ឈ្នួលក្តី។

ប្រទេសកម្ពុជា ធ្លាប់ស្ថិតនៅលំដាប់ប្រទេសទី៤ ក្នុងពិភពលោក ដែលមានអត្រាដំឡើងប្រាក់ខែខ្ពស់ជាងគេ តាមរយៈការសិក្សារបស់ស្ថាប័ន ECA International ដែលជាស្ថាប័នផ្តល់ចំណេះដឹងខាងព័ត៌មាន និងបច្ចេកវិទ្យាឈានមុខគេ មានទីស្នាក់ការនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីឆ្នាំ២០១៩។

នៅពេលនោះ ស្ថាប័ននេះវាយតម្លៃថា ប្រទេសកម្ពុជា មានការដំឡើងប្រាក់ខែក្នុងអត្រា ៤.២% ក្នុងឆ្នាំ២០២០ កើនពី៣.៨% ក្នុងឆ្នាំ២០១៩។ របាយការណ៍របស់ ECA International ត្រូវបានស្ថាប័នព័ត៌មានល្បីៗរបស់បរទេសរួមមាន៖ Bangkok Post, Business Insider ជាដើមចុះផ្សាយជាបន្តបន្ទាប់។

ប្រទេសទី១ ដែលមានអត្រាដំឡើងប្រាក់ខែខ្ពស់ជាងគេ គឺប្រទេសឥណ្ឌា មានអត្រាដំឡើង៥.៤%, លំដាប់ទី២ គឺប្រទេសវៀតណាម ក្នុងអត្រា៥.១%, លំដាប់ទី៣ គឺប្រទេសឥណ្ឌូនេស៊ី មានអត្រា៤.៦%, បន្ទាប់មកគឺប្រទេសកម្ពុជា និងតាមពីក្រោយដោយប្រទេសថៃ។

ជាក់ស្តែង តាមរយៈច្បាប់ថវិកាជាតិឆ្នាំ២០២៣ រាជរដ្ឋាភិបាលគ្រោងថវិកាប្រមាណជាង ៩ ៥៥៥ ប៊ីលានរៀល ឬប្រមាណ ២ ២៩៥ លានដុល្លារអាមេរិក​ សម្រាប់ចំណាយបន្ទុកបុគ្គលិករដ្ឋ ​នៅក្នុងឆ្នាំ២០២៣ ដើម្បីដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការស៊ីវិល គ្រូពេទ្យ គ្រូបង្រៀន មន្រ្តីកងកម្លាំង​ប្រដាប់អាវុធ ដែលមានប្រាក់ខែអប្បបរមាជាង ១លាន១សែនរៀល ឱ្យដល់ជាង១លាន៣សែនរៀល ខណៈមន្រ្តីជាប់កិច្ចសន្យាឡើងដល់ ៧១ម៉ឺនរៀល ដើម្បីគាំទ្រដល់ជីវភាព មន្រ្តីរាជការ បន្ទាប់ពីខកខានក្នុងការដំឡើងរបស់រយៈពេល២ឆ្នាំ ដោយសារតែបញ្ហាកូវីដ១៩។

ចាប់ពីខែមករា ឆ្នាំ២០២៣ បៀវត្សអប្បបរមារបស់មន្ត្រីរាជការ​ត្រូវបានដំឡើង​៖

* បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល​ ត្រូវបានដំឡើងពីចំនួន ១ ១៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៣០០ ០០០ រៀល

* គ្រូបង្រៀន និង គ្រូពេទ្យ ត្រូវបានដំឡើងពីចំនួន ១ ២៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៤០០ ០០០ រៀល

* បៀវត្សនគរបាល (ពលបាលត្រី) ត្រូវបានដំឡើងពីចំនួន ១ ២៥៦ ៩៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២២ ដល់ប្រមាណ ១ ៣៨៤ ៤៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ)

* បៀវត្សយោធិន (ពលទោ) ត្រូវបានដំឡើងពីចំនួន ១ ១២៣ ៥០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ២៥១ ០០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ ១ ៣០៩ ៤៧៧ រៀល។ ​

ទន្ទឹមនេះ​ រាជរដ្ឋាភិបាលបានគ្រោងថវិកាចំនួន៥០ប៊ីលានរៀល ​សម្រាប់មូលនិធិថែទាំសុខភាពជូនមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន និងបានបន្តគ្រោងថវិកាចំនួន ៦ ប៊ីលានរៀល ដើម្បីទ្រទ្រង់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។

ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោងថវិកាចំនួន ១៨១ ប៊ីលានរៀល សម្រាប់ការដំឡើង ប្រាក់សោធនអប្បបរមាប្រចាំខែ ជូនដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ ក្នុងគោលដៅជួយគាំទ្រដល់ជីវភាពរបស់ពួកគាត់ ក៏ដូចជាសំដៅកាត់បន្ថយគម្លាតប្រាក់សោធនរបស់និវត្តជន រវាងនិវត្តជនថ្មី និងនិវត្តជនចាស់។ ដូចនេះ ប្រាក់សោធនអប្បបរមាប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន (អតីតយោធិន និងអតីតមន្ត្រីនគរបាលជាតិ) នឹងត្រូវបានដំឡើងពី ៦៩ ម៉ឺនរៀល ទៅដល់ ៧៧ ម៉ឺនរៀល ចាប់ពីខែមករា ឆ្នាំ ២០២៣​​។

ដោយឡែក​ប្រាក់ឧបត្ថម្ភសម្រាប់មន្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងមានកំណើនដូចខាងក្រោម៖

* ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ៥៧០ ០០០រៀល
* សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ១៩៥ ០០០រៀល
* ​ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ២៨៥ ០០០រៀល
* សមាជិក ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ​ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៩៧៩ ០០០រៀល
* ប្រធានក្រុមប្រឹក្សា ឃុំ សង្កាត់ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ២៤០ ០០០រៀល
* ទំនប់ទី១, ចៅសង្កាត់រងទី១ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៩៣០ ០០០រៀល
* ទំនប់ទី២, ចៅសង្កាត់រងទី២ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៨២០ ០០០រៀល
* មេភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៥១០ ០០០រៀល
* អនុប្រធានភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៣៩០ ០០០រៀល
* សមាជិកភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៣៦០ ០០០រៀល

រីឯកម្មវិធីផ្ទេរសាច់ប្រាក់ សម្រាប់ស្រ្តីក្រីក្រមានផ្ទៃពោះ និងកុមារតូច រដ្ឋបានគ្រោងថវិកាសម្រាប់ឧបត្ថម្ភពេលពិនិត្យផ្ទៃពោះចំនួន ៤លើក ដែលក្នុងមួយ១ លើកចំនួន៤ម៉ឺនរៀល , ពេលសម្រាលកូននៅមណ្ឌលសុខភាព ឬពេទ្យជូន២០ម៉ឺនរៀល​។ ជាមួយគ្នានេះ រដ្ឋក៏នឹងឧបត្ថម្ភ ១០លើកទៀត ពេលទៅទទួលថ្នាំបង្ការរហូតដល់កុមារអាយុ២ឆ្នាំ ដោយក្នុងមួយលើក៤ម៉ឺនរៀល៕