(ភ្នំពេញ)៖ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងប្រតិភូ ក្នុងនាមគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយា ឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងប្រតិភូ សូមឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោកជំទាវ បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ចាត់ទុកថា មរណភាពរបស់លោកជំទាវ ប៊ុន សុថា គឺជាការបាត់បង់ដ៏ធំធេងនូវភរិយា ម្តាយ ជីដូន ប្រកបដោយព្រហ្មវិហារធម៌ប្រពៃមួយរូបជាទីគោរពស្រឡាញ់ចំពោះស្វាមី កូន ចៅគ្រប់ៗរូប។

សូមបញ្ជាក់ថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦៖១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕