(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានក្រើនរំលឹកដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាព និងប្រឆាំងដាច់ខាតចំពោះជនអគតិទាំងអស់ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា។

ការជំរុញបែបនេះ របស់លោក ម៉ៅ ធនិន បានធ្វើឡើងក្នុងពិធីកាត់ឫស្សីមាព្រះវិហារ នៃវត្តអង្គចំប៉ី ស្ថិតក្នុងឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ពិធីនេះមានមន្ត្រីរាជការ កងកម្លាំង អាជ្ញាធម៌ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ព្រះសង្ឃ និងអ្នកពាក់ព័ន្ធចូលរួមយ៉ាងច្រើនកុះករផងដែរ។

នាឱកាសនោះ លោក ម៉ៅ ធនិន បានគូសបញ្ជាក់ថា៖ «យើងមានថ្ងៃនេះ យើងមានឱកាសធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនា និងមានការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងទីអារាម គឺដោយសារតែប្រទេសជាតិយើង មានសុខសន្តិភាព ដែលសុខសន្តិភាពនេះ គឺបានមកដោយសារការលះបង់សាច់ស្រស់ ឈាមស្រស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ហើយបើយើងក្រឡេកមើលទៅអតិតកាល ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ត្រូវបានបំផ្លេចបំផ្លាញទាំងស្រុង ប្រជាពលរដ្ឋមិនមានសិទ្ធិក្នុងការគោរពប្រណិបត្តិសាសនា សិក្សារៀនសូត្រនោះឡើយ។ ម៉្យាងទៀត ទីវត្តអារាមដែលជាកន្លែងសម្រាប់ប្រជាពុទ្ធបរិស័ទ្ធគោរពប្រណិបត្តិ ត្រូវបានយកទៅធ្វើជាកន្លែងដាក់អ្នកទោស ឃ្លាំងដាក់សម្ភារៈជាដើម។ ហើយថ្ងៃនេះ យើងមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ក៏ដោយសារតំលៃនៃសុខសន្តិភាព ដែលអាចឱ្យយើងមានឱកាសក្នុងការកសាង ធ្វើបុណ្យទាន ដោយមិនមានភាពភ័យខ្លាច និងពោពេញទៅដោយភាពសប្បាយរីករាយ»។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវមានសាមគ្គីភាព ចេះយោគយល់អធ្យាស្រ័យ ពិសេសមេភូមិ មេឃុំ មេប៉ុស្តិ៍ទាំងអស់ ត្រូវបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើ ធ្វើយ៉ាងណាកុំឱ្យមានភាពថ្នាំងថ្នាក់ពីសំណាក់ពួកគាត់៕