(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។

កិច្ចប្រជុំបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនខេត្តស្ទឹងត្រែង ដោយមានការចូលរួមជាគណៈអធិបតីលោក ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត លោក ហួត ឈាង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត លោក ញ៉ែម សាម៉ន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត និងលោក ឈាង ឡាក់ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត សមាជិកគណៈអចិន្រ្តៃយ៍គណបក្សខេត្ត សមាជិកសមាជិកាគណបក្សខេត្ត ប្រធានគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ជិត២០០នាក់។

បន្ទាប់ពីលោក ឈាង ឡាក់ និងលោក ផៃ ប៊ុនឈឿន ឡើងអានផែនការដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រចំនួន៥ និងបណ្តាគោលនយោបាយធំៗ ជាអាទិភាពសម្រាប់រយៈពេលប្រាំឆ្នាំបន្ត រួចមក លោក ឡូយ សុផាត បានអំពាវនាវដល់សមាជិកសមាជិកាគណបក្ស និងក្រុមការងារគណបក្សខេត្តស្ទឹងត្រែង ត្រូវពង្រឹងសាមគ្គីភាពក្នុងក្រុមការងារ គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ អង្គការមហាជន ពិសេសយុវជន ហើយធ្វើសកម្មភាពឱ្យបានស្រុះដៃគ្នាឆ្ពោះទៅកាន់ការបោះឆ្នោត ស្របតាមទិសដៅនៃរបាយការណ៍ ឯកសារជំនួយស្មារតី កម្មវិធីនយោបាយអាណត្តិទី៧ ដែលគណបក្សបានដាក់ចេញសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស។

លោក ឡូយ សុផាត បានគូសបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ គឺសំដៅឱ្យអង្គប្រជុំយើងបានយល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ សម្តេចប្រធានកិត្តិយសគណបក្ស បានស្នើដល់ក្រុមការងារ និងសមាជិកសមាជិកាទំាងអស់ បន្តពង្រឹងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ ដោយត្រូវយកចិត្តទុកដាក់ពង្រាយក្រុមការងារឱ្យដល់គ្រប់ភូមិនៃឃុំ និងសង្កាត់នីមួយៗ។

ក្រុមការងារគ្រប់ថ្នាក់ត្រូវបង្កើនសកម្មភាពចុះជួយគាំទ្រដល់មូលដ្ឋាន ក្នុងការរៀបចំចាត់ចែងអនុវត្តផែនការការងារឆ្ពោះ ទៅកាន់ការបោះឆ្នោតឱ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ។ បន្តពង្រឹងការគ្រប់គ្រងសមាជិក និងការកសាងពង្រីកសមាជិកថ្មី ជាពិសេសយុវជនដែលគ្រប់អាយុបោះឆ្នោតតាមគោលការណ៍ «ពង្រឹងចាស់ កសាងថ្មី» ដោយខិតខំធ្វើឱ្យសមាជិកម្នាក់ជាសន្លឹកឆ្នោត គាំទ្រគណបក្សមួយសន្លឹក។

ជាចុងក្រោយ លោក ឡូយ សុផាត បានបន្ថែមថា គណបក្សប្រជាជនកម្ពុជានៅតែបន្តប្តេជ្ញាចំពោះមុខប្រជាជនថា គណបក្សប្រជាជន នឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យ ដើម្បីរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យបានរឹងមាំ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងអភិវឌ្ឍឃុំសង្កាត់លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន៕