(បាត់ដំបង)៖ លោក ផេង សិទ្ធី ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលរងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងនោះ ក៏មានការចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សា និងលោក សុខ លូ អភិបាលខេត្ត ព្រមទាំងមន្ដ្រីរាជការជាច្រើនរូបទៀត។

បន្ទាប់ពីគណ:អធិបតីបានប្រគល់ជូនអនុក្រឹត្យរួចមក, លោក ផេង សិទ្ធី ដែលទើបប្រកាសតែងតាំងចូលកាន់មុខតំណែងជាអភិបាលរងខេត្តថ្មី បានឡើងបេ្ដជ្ញាចិត្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាពជូនចំពោះគណៈអធិបតី ជូនអង្គពិធីទាំងមូល។

នាឱកាសនោះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើរបាយការណ៍ស្វាគមន៍ ស្ដីពីការអភិវឌ្ឍ និងការរីកចម្រើនក្នុងខេត្ត ដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក។

ជាមួយគ្នានោះ លោក លេង វី បានផ្ដាំផ្ញើដល់អភិបាលរងខេត្តថ្មី ដែលទើបប្រកាសចូលកាន់តំណែងថ្មី គឺត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អ និងខិតខំបំពេញកិច្ចការ ដែលថ្នាក់លើប្រគល់ជូន ដើម្បីធ្វើជាសេនាធិការឲ្យរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលឲ្យបានល្អប្រសើរ។ លោកបានជំរុញឲ្យរដ្ឋបាលខេត្ត ក្រុង ស្រុក បន្តពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ឲ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីទប់ស្កាត់ ការពារមិនឲ្យមេរោគនេះ ឆ្លងដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងមូលដ្ឋានបន្តទៀត។

បន្ថែមពីនេះ លោក លេង វី បានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចនៅតាមមូលដ្ឋាន ទប់ស្កាត់ បង្រ្កាប បទល្មើសប្រើប្រាស់គ្រឿងញៀន និងចែកចាយគ្រឿងញៀន មិនឲ្យកើតមានឡើង បទល្មើសទាំងនេះនៅតាមមូលខ្លួនទទួលខុសត្រូវជាដាច់ខាត។

ដោយឡែក រដ្ឋបាលមូលដ្ឋាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ទៅតាមគោលការណ៍ ដែលថ្នាក់លើបានផ្ទេរអំណាច វិមជ្ឈការ និងសហវិមជ្ឈការ មករដ្ឋបាលថ្នាក់ក្រោមជាតិកន្លងមក គឺត្រូវបម្រើជូនពួកគាត់ មានតម្លាភាព គណនេយ្យភាព និងត្រឹមត្រូវល្អប្រសើជាងមុន។ ក្រុមប្រឹក្សា និងគណ:អភិបាលខេត្ត ក្រុង ស្រុក ត្រូវសហការគ្នា ធ្វើកិច្វការរដ្ឋបាល មានការឯកភាពគ្នា ឲ្យបានត្រឹមត្រូវ រាល់កិច្ចការលើគ្រប់វិស័យ ដែលយើងបាននឹងកំពុងធ្វើនេពេលបច្ចុប្បន្ន៕