(យុក្យាការតា)៖ ឆ្លៀតឱកាសនៃការចូលរួមវេទិកាទេសចរណ៍អាស៊ាន២០២៣ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីទេសចរណ៍ បានដឹកនាំមន្រ្តីជំនាញក្រសួងទេសចរណ៍ ក្រសួងការបទេសនិងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួបប្រជុំទ្វេភាគីជាមួយ លោក Shi Zeyi អគ្គនាយកក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងគណៈប្រតិភូ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី។

លោក ថោង រដ្ឋសក្តិ បានរលឹកថា កម្ពុជានិងចិនមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងស្អិតល្មួតជាប្រវត្តិសាស្រ្ត ដែលរហូតមកដល់ពេលនេះគឺជាមិត្តដែកថែប។ មិត្តចិនតែងតែជួយដល់ការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទេសចរណ៍ ដោយបានជំរុញគាំទ្រដល់ការកសាងសម្បទារទេសចរណ៍មានដូចជា ការសាងសង់អាកាសយានដ្ឋានសៀមរាបថ្មី កីឡាដ្ឋានមរតកតេជោ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាដើម និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។

លោក Shi Zeyi បានកោតសរសើរដល់កម្ពុជា ដែលតែងតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេសការយកចិត្តទុកដាក់ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា។

ដោយមើលឃើញពីសក្តានុពល និងពេលវេលាសមស្របក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរឡើង អំឡុងពេលដែលប្រទេសចិនបើកប្រទេសឡើងវិញនៅពេលនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការរៀបចំផែនការសកម្មភាព ដើម្បីជំរុញលំហូរទេសចររវាងប្រទេសទាំងពីរដូចខាងក្រោម៖

* គិតគូររៀបចំកម្មវិធីសម្តែងសិល្បៈរួម ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ដល់ពលរដ្ឋប្រទេសទាំងពីរបន្ថែមទៀត ក៏ដូចជាចូលរួមអបអរសាទរខួបគម្រប់៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន។

* ជំរុញជើងហោះត្រង់បន្ថែមទៀតពីគោលដៅទីផ្សារចិនមកកាន់អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា និងពីកម្ពុជាទៅចិន។

* រៀបចំដំណើរទស្សនកិច្ចស្វែងយល់ (Fam-Trip) សម្រាប់ផ្នែកឯកជន និងសារព័ត៌មានទៅកាន់ប្រទេសទាំងពីរ។

* ជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។

* គាំទ្រដល់ការអនុវត្តសៀវភៅសស្តីពី China Ready ទេសចរណ៍កម្ពុជា និងការបង្កើតមជ្ឈមណ្ឌលទ្រទ្រង់ China Ready។

* ជំរុញការរៀបចំវេទិកាធុរកិច្ចទេសចរណ៍ក្នុងប្រទេសទាំងពីរ។

ភាគីទាំងពីរព្រមព្រៀងរៀបចំផែនការសកម្មភាពលម្អិតនៃកិច្ចសហប្រតិបត្តិការទេសចរណ៍រួមកម្ពុជា-ចិន ឆ្នាំ២០២៣-២០២៨ ដែលនឹងចុះហត្ថលេខាដោយថ្នាក់ដឹកនាំទេសចរណ៍នៃប្រទេសទាំងពីរនៅពេលណាមួយសមស្របនៅក្នុងប្រទេសកម្ពុជា ឬប្រទេសចិន ឬអំឡុងព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិណាមួយដែលភាគីពីរ ស្របតាមអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦៕