(ឥណ្ឌូណេស៉ី)៖ កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី ដោយបានពិនិត្យឯកសារផ្សេងៗ ដើម្បីស្នើសុំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៦ និងកិច្ចប្រជុំពាក់ព័ន្ធ ពិនិត្យ និងអនុម័ត។ នេះបើតាមលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍។

លោក ថោង រដ្ឋសក្តិ បានបញ្ជាក់ថា កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឥណ្ឌូណេស៉ីនេះ ទទួលបានលទ្ធផលដូចខាងក្រោម៖

* កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍ អាស៊ានលើកទី៥៧

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ប្រធានស្ថាប័នជាតិ ទេសចរណ៍អាស៊ាន លេខាធិការដ្ឋានអាស៊ាន មជ្ឍមណ្ឌលអាស៊ានចិន ជប៉ុន និងកូរ៉េ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក សមាគមទេសចរណ៍អាស៊ាន សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលមានសមាសភាពចូលរួមជាង១៥០នាក់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា។

ដើម្បីជំរុញ និងគាំទ្រដល់ការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ ស្ថាប័នទេសចរណ៍ជាតិអាស៊ាន និងដៃគូបានពិភាក្សា និងឯកភាពគ្នាដូចតទៅ៖

១. ជំរុញប្រទេសសមាជិកទាំងអស់ អនុវត្តគោលការណ៍ណែនាំអាស៊ាន ស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍ ក្នុងឧស្សាហកម្មទេសចរណ៍ ដែលបានអនុម័តនាកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លើកទី២៥ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

២. ពិភាក្សាលើការរៀបចំការអនុវត្តលទ្ធផល នៃការសិក្សាប្រកបដោយបរិយាប័ន្នលើការអនុវត្តការ ទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍។

៣. រៀបចំផែនការអនុវត្តក្របខណ្ឌអាស៊ាន ស្តីពីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ដែលគ្រោងនឹង ចាប់ផ្តើមអនុវត្ត និងបញ្ចប់ក្នុងឆ្នាំ២០២៣។

៤. បញ្ចប់ការផ្តល់សច្ចាប័នលើពិធិសារ សម្រាប់ការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍។

៥.ពិភាក្សាជាមួយអង្គការទេសចរណ៍ពិភពលោក លើការរៀបចំអនុស្សរណៈយោគយល់ ដោយកំណត់សក្តានុពល ក្នុងការពង្រឹងតួនាទីនៃវិស័យទេសចរណ៍ ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថាន ជាពិសេសការស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩។

* កិច្ចប្រជុំស្ថាប័នជាតិ ទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី៤២

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ប្រធានស្ថាប័នជាតិទេសចរណ៍អាស៊ាន ចិន ជប៉ុន កូរ៉េ លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ ដែលមានសមាសភាពប្រមាណ១០០នាក់។ កិច្ចប្រជុំបានសម្រេច៖

១. ជំរុញអនុវត្តសកម្មភាពដែលនៅសេសសល់ចំនួន១៣ ក្រោមផែនការការងារកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន បូកបី២០២១-២០២៥ នៅក្នុងឆ្នាំ២០២៣ ដោយកំណត់ប្រទេសសម្របសម្រួល ដឹកនាំសម្រាប់សកម្មភាពនីមួយៗ។

២. គាំទ្រ និងជំរុញការអនុវត្តសកម្មភាពអាទិភាព ដោយអនុលោមតាមផែនការស្តារទេសចរណ៍អាស៊ានឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩ ដែលបានអនុម័តនាកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ អាស៊ានលើកទី២៥ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

៣. ដើម្បីប្រារព្ធខួបគម្រប់៥០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន ជប៉ុននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដៃគូ សន្ទនាពិសេសរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន-ជប៉ុន ក្នុងខែតុលា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

៤. ពន្លឿនការអនុវត្តគំនិតផ្តួចផ្តើម និងសកម្មភាពអាទិភាពក្នុងផែនការការងារទេសចរណ៍អាស៊ានបូកបី២០២១-២០២៥ ដោយផ្តោតលើការគាំទ្រដល់ការស្តារវិស័យទេសចរណ៍ឡើងវិញក្នុងប្រទេសនីមួយៗ និងទេសចរណ៍ប្រកបដោយចីរភាព។

៥. ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងផ្សព្វផ្សាយទេសចរណ៍។

* កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានឥណ្ឌា លើកទី២៩

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ប្រធានស្ថាប័នជាតិទេសចរណ៍អាស៊ាន ឥណ្ឌា លេខាធិការដ្ឋានអាស៊ាន ដែលមានសមាសភាពប្រមាណ១០០នាក់។ កិច្ចប្រជុំបានឯកភាពដូចតទៅ៖

១. ពន្លឿនការអនុវត្តសកម្មភាព ដែលបានកំណតនៅក្នុងផែនការការាងារទេសចរណ៍អាស៊ាន-ឥណ្ឌា ២០២៣-២០២៧ ដោយផ្តោតលើការគាំទ្រដល់ការស្តារវិស័យទេសចរណ៍ឡើងវិញ ក្នុងប្រទេសនីមួយៗ ជាពិសេសសកម្មភាពផ្សព្វផ្សាយទីផ្សារ និងការកសាងសមត្ថភាព។

២. គាំទ្រការអនុវត្តក្របខណ្ឌអាស៊ាន ស្តីពីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ក៏ដូចជាសេចក្តីប្រកាសភ្នំពេញ ស្តីពីបរិវត្តន៍កម្មទេសចរណ៍អាស៊ាន សម្រាប់កំណើតសេដ្ឋកិច្ចសង្គម។

៣. បញ្ចូលប្រទេសឥណ្ឌាជាទីផ្សារគោលដៅ ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តទីផ្សារទេសចរណ៍អាស៊ាន។

* កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានរុស្ស៊ី

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ប្រធានស្ថាប័នជាតិ ទេសចរណ៍អាស៊ាន រុស្ស៊ី លេខាធិការដ្ឋានអាស៊ាន ដែលមានសមាសភាពប្រមាណ១០០នាក់។ កិច្ចប្រជុំបានឯកភាពដូចតទៅ៖

១. ពន្លឿនការអនុវត្តសកម្មភាព ដែលបានកំណតនៅក្នុងផែនការការាងារទេសចរណ៍អាស៊ាន-រុស្ស៊ី ២០២២-២០២៤ ដោយផ្តោតលើការគាំទ្រ ដល់ការស្តារវិស័យទេសចរណ៍ឡើងវិញក្នុងប្រទេសនីមួយៗ ជាពិសេសសកម្មភាពផ្សព្វផ្សាយទីផ្សារ តាមរយៈការចូលរួមពីផ្នែកឯកជន ក្នុងសកម្មភាពផ្សាយទេសចរណ៍ និងការអភិវឌ្ឍន៍ធនធានមនុស្ស។

២. គាំទ្រការអនុវត្តក្របខណ្ឌអាស៊ាន ស្តីពីការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព ក៏ដូចជាសេចក្តីប្រកាសភ្នំពេញ ស្តីពីបរិវត្តន៍កម្មទេសចរណ៍អាស៊ាន សម្រាប់កំណើតសេដ្ឋកិច្ចសង្គម។

៣. ជំរុញការការអនុវត្តសេចក្តីថ្លែងការណ៍ កិច្ចប្រជុំកំពូលអាស៊ីខាងកើតស្តីពីកំណើនសេដ្ឋកិច្ច តាមរយៈការស្តារវិស័យទេសចរណ៍ឡើងវិញ ដែលត្រូវបានអនុម័តនាកិច្ចប្រជុំកំពូលអាស៊ីខាងកើតលើកទី១៦ កាលពីថ្ងៃទី២៧ តុលា ២០២១៕