(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា លើកទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ពិធីនេះមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ លោក លោកស្រី វរសេនីយ៍ នាយការិយាល័យទាំងអស់ចំណុះស្នងការដ្ឋាន លោកវរសេនីយ៍ អធិការ នៃអធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំង៩ លោកវរសេនីយ៍ មេបញ្ហាការនៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ លោកវរសេនីយ៍ អនុសេនីយ៍ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទាំង៦៧ លោកវរសេនីយ៍ អនុសេនីយ៍ នាយប៉ុស្តិ៍នរគរបាលការពារព្រំដែនគោកផងដែរ។

នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ តួនាទី ភារកិច្ចបានល្អតាមផែនការណ៍។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ចេញនូវផែនការសម្រាប់ខែបន្ទាប់មានដូចជា៖ ជម្រុញដល់កម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានទាន់ពេលវេលា, បន្តផ្សព្វផ្សាយ រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក, ពង្រឹងទប់ស្កាត់បទល្មើសជូញដូរគ្រឿងញៀន, ទប់ស្កាត់ការជួញដូរមនុស្ស, ទប់ស្កាត់រាល់ទំនិញគេចពន្ធ និងអាហារនាំឲ្យខូចសុខភាព, បង្កាបង្ក្រាប គ្រប់បទល្មើសព្រហ្មទណ្ឌ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម, ត្រៀមកម្លាំងមធ្យោបាយ ឧបករណ៍ និងសម្ភារៈពន្លត់អគ្គីភ័យ ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង, កម្លាំងទាំងអស់ត្រូវគោរពវិន័យ និងមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ៕