(ស្ទឹងត្រែង)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយគាំពារសង្គម និងកិច្ចការពារតាមផ្លូវច្បាប់ដល់ក្រុមស្ត្រី ដែលបម្រើការផ្នែកសេវាកម្សាន្តទេសចរណ៍។ លោកស្រីបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តគោលនយោបាយលើកកម្ពស់សិទ្ធិ តួនាទី តម្លៃស្ត្រី ក្នុងវិស័យទេសចរណ៍ នៅខេត្តស្ទឹងត្រែង។

សិក្ខាសាលានេះ ធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលសហការរៀបចំដោយក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោកស្រីរដ្ឋលេខាធិការ ហ៊ុន ដានី ក៏បានលើកឡើងទៀតថា «ស្ត្រីដើរតួនាទីសំខាន់ ក្នុងការចូលរួមពង្រឹងភាពធន់ ស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍»

លោកស្រីថា ផ្តើមពីតួនាទីដ៏មានសារៈសំខាន់របស់ស្ត្រី ក្រសួងបានចាត់ទុកស្ត្រីគឺជាកម្លាំងចលករ ដ៏មានសក្តានុពល និងជាភាគីពាក់ព័ន្ធដ៏សំខាន់មិនអាចខ្វះបាន ដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងភាពធន់ និងអភិវឌ្ឍវិស័យទេសចរណ៍ លើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ បានដាក់ចេញនូវគោលនយោបាយ កម្មវិធី និងសកម្មភាពនានាជាច្រើន ដើម្បីជំរុញការលើកកម្ពស់សិទ្ធិ តួនាទី តម្លៃស្ត្រី ទាំងក្នុងក្របខណ្ឌមន្ត្រីរាជការសាធារណៈ និងក្នុងឧស្សាហកម្មទេសចរណ៍។

លោកស្រីបានគូសបញ្ជាក់ថា ស្ត្រីដែលបានបម្រើការ ក្នុងវិស័យទេសចរណ៍មានការគាំពារដោយច្បាប់ស្តីពីទេសចរណ៍។ ស្ត្រីត្រូវបានយកចិត្តទុកដាក់ឲ្យទទួលបានការចូលរួម និងទទួលបានអត្ថប្រយោជន៍ប្រកបដោយសមធម៌ ពីការអភិវឌ្ឍវិស័យទេសចរណ៍។

លោកស្រីបន្ដថា ការអនុវត្តច្បាប់ និងគោលនយោបាយ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើន​ ដល់ស្ត្រីដូចជា៖ ការអភិវឌ្ឍសមត្ថភាព ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច និងការធ្វើសេចក្តីសម្រេចចិត្ត ការកាត់បន្ថយអំពើហិង្សា ការកាត់បន្ថយភាពក្រីក្រ តាមរយៈឱកាសការងារ និងមុខរបរ។

ចំពោះមុខនេះ ស្ត្រីក្នុងវិស័យទេសចរណ៍ កាន់តែត្រូវបានយកចិត្តទុកដាក់បន្ថែមទៀត ពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តាមរយៈការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជំនួយសង្គម និងកិច្ចការពារតាមផ្លូវច្បាប់ ដល់ក្រុមស្ត្រីដែលបម្រើការផ្នែកសេវាកម្សាន្តទេសចរណ៍ថែមទៀតផង។

លោកស្រីបន្តថា ការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ស្រ្តីក៏ ត្រូវបានឆ្លុះបញ្ចាំងផងដែរនៅក្នុង «គោលនយោបាយសមភាពយេនឌ័រ» ដែលមានចែងក្នុងរបៀបវារៈនៃយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដោយបានផ្តល់នូវតម្លៃ និងសារៈសំខាន់នៃការចូលរួមរបស់ស្រ្តីនៅគ្រប់ដំណើរការនៃកិច្ចអភិវឌ្ឍប្រទេសជាតិ ដោយបានចាត់ទុកថា «ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»

ជាក់ស្តែងស្ត្រី ក៏បានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងវិស័យទេសចរណ៍ដូចជា៖ ស្ត្រីជាសហគ្រិន និងជាម្ចាស់អាជីវកម្មទេសចរណ៍ ស្ត្រីជាអ្នកបម្រើការជួរមុខ ស្ត្រីជាអ្នកបម្រើការជួរក្រោយ ស្ត្រីជាអ្នកគ្រប់គ្រងអាជីវកម្ម ស្ត្រីជាអ្នកដឹកនាំសហគមន៍ ស្រ្តីជាអ្នកបម្រើការក្នុងសេវាកម្សាន្ត ស្ត្រីជាអ្នកបម្រើការក្នុងសេវាម៉ាស្សា ស្ប៉ា ស្រី្តជាអ្នកបម្រើការក្នុងសេវាស្នាក់នៅ និងម្ហូបអាហារ -ល-។

លោកស្រីរដ្ឋលេខាធិការ ក៏បានឲ្យដឹងទៀតថា ខណៈពេលដែលកម្ពុជាបើកទទួលទេសចរណ៍ឡើងវិញ ចរន្តទេសចរណ៍អន្តរជាតិ និងទេសចរណ៍ផ្ទៃក្នុង ក៏កំពុងមានការកន្រ្តាក់គួរ ឲ្យកត់សម្គាល់ ក្រោមយុទ្ធសាស្ត្រដ៏មុតស្រួចរបស់ រាជរដ្ឋាភិបាល តាមរយៈយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីបង្កើតភាពសាំក្នុងសហគមន៍ និងការសម្រួលដល់ការធ្វើដំណើរមកកាន់កម្ពុជា របស់ភ្ញៀវទេសចរអន្តរជាតិ រួមទាំងផែនការច្បាស់លាស់នានារបស់ ក្រសួងទេសចរណ៍ ដែលបានដាក់ចេញតាមរយៈវិធានសុវត្ថិភាពទេសចរណ៍ វិធានប្រតិបត្តិស្តង់ដាអប្បបរមា ក្នុងវិស័យទេសចរណ៍ និងវិធានការគោលនយោបាយជំរុញទេសចរណ៍ផ្ទៃក្នុង ដែលក្នុងនោះស្ត្រីក៏បានចូលរួមយ៉ាងសកម្ម និងបានទទួលផលជាវិជ្ជមានអំពីគោលនយោបាយ បើកដំណើរការប្រទេសឡើងវិញ តាមរយៈវិស័យទេសចរណ៍នេះផងដែរ៕