(ព្រះសីហនុ)៖ នគរបាលក្រុងកោះរ៉ុង បានឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ ក្រោយអារ-ក សម្លាប់ប្រពន្ធនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ វេលាម៉ោងជាង៨យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

សមត្ថកិច្ចជំនាញបានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពេលកើតហេតុ វេលាម៉ោង ៨៖៣០នាទី យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នគរបាលបានចុះអន្តរាគមន៍នៅទីតាំងកន្លែងកើតហេតុ និងបានឃើញជនរងគ្រោះស្លាប់ដោយសារតែការធ្វើឃាតមែន។

តាមរបាយការណ៍ជនសង្ស័យដែលត្រូវជាប្តី មានឈ្មោះ ឆុន ប៊ុនឈន ភេទប្រុស អាយុ៤៥ឆ្នាំ, ស្រ្តីរងគ្រោះមានឈ្មោះ ឡុង ឡាប ភេទស្រី អាយុ៣៣ឆ្នាំ។ បើតាមចម្លើយការសាកសួររបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ការសម្លាប់នេះគឺបណ្តាលមកពីភ្លើងប្រចណ្ឌ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយក្រោយធ្វើសកម្មភាព និងកម្លាំងសមត្ថកិច្ចកំពុងបន្តនិតិវិធីច្បាប់៕