(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចែកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ ហៅកាត់ថាប្លង់រឹង ចំនួន១,០៧៥ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកអភិបាលខេត្តកណ្តាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់បំផុត លើការអនុវត្តកិច្ចការនេះ ដោយបានឧបត្ថម្ភគាំទ្រ ទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្ត ឲ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

លោកថា នេះជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការ យកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធានា កម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។

លោកអភិបាលខេត្ត បានព្រមានដល់មន្ត្រីសូរិយោដី ទូទាំងខេត្តគ្រប់ផ្នែកទាំងអស់ ចៀសឲ្យបានរឿងយកលុយ ពីប្រជាជនក្នុងការធ្វើប្លង់ដី បើសិនជាដឹងត្រៀមខ្លួនឲ្យហើយទៅ។

ថ្លែងក្នុងពិធីនេះ លោក សុខ កាន់រិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឲ្យដឹងថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្ត បានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋ សរុបចំនួន១៨៤លើក ស្មើនឹង២៦០,០៧៩ប័ណ្ណ។ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនប្រជាពលរដ្ឋមកពីក្នុងភូមិថ្មី សរុបចំនួន១,០៧៥ប័ណ្ណ៕