(ភ្នំពេញ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋដែលមានលក្ខណៈជាប្រព័ន្ធ ប្រមាណ៩២៤,៤២១ក្បាលដី ស្មើនឹង២៧៤,៣០៧គ្រួសារ បច្ចុប្បន្នសម្រេចបាន៧១៣,៥០០ក្បាលដី ស្មើនឹង ៧៧ភាគរយ នៅសល់២១០,៩២១ក្បាលដី ស្មើនឹង ២៣ភាគរយ ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៤ខាងមុខ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ចាម» លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា តាមផែនការដំបូងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ប៉ុន្ដែដោយសារវិបត្តិជំងឺកូវីដ១៩ ទើបត្រូវបានអូសបន្លាយដល់ឆ្នាំក្រោយ។

លោកអភិបាលខេត្តបានថ្លែងបែបនេះថា «ជាគោលការណ៍ផែនការរបស់យើង ត្រូវបញ្ចប់នៅចុងឆ្នាំ២០២៣ ប៉ុន្ដែការព្យាករណ៍គឺមិនអាចបញ្ចប់បានទេ មូលហេតុដោយសារកូវីដ១៩ បានស៉ីពេលវេលារបស់យើង ដែលធ្វើឲ្យមន្ដ្រីពិបាកចុះបំពេញការងារ ហើយភូមិសាស្ដ្រខ្លះមានភាពស្មុគស្មាញ់ ដែលមន្ដ្រីរបស់យើងត្រូវការប្រើពេល។ ដូច្នេះជាការគ្រោងទុកដែលត្រូវបញ្ចប់ គឺនៅក្នុងឆ្នាំ២០២៤ យើងសម្រុកបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតាមផែនការដែលខេត្ត ក៏ដូចជាក្រសួងបានដាក់ចេញ»។

លោក អ៊ុន ចាន់ដា បានបន្ថែមថា ក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២២) បានចុះបញ្ជីក្បាលដីចំនួន ១៩៩,១០៥ក្បាលដី បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋបាន ចំនួន២១០,០៧៥ប័ណ្ណ។ គិតត្រឹមបំណាច់ឆ្នាំ២០២២ អនុវត្តបានចំនួន ៧១៣,៥០០ក្បាលដី ស្មើនឹង៧៧% នៅក្រុង-ស្រុកចំនួន១០ឃុំ-សង្កាត់ចំនួន៩១ នៅសល់ចំនួន ២១០,៩២១ក្បាលដី ស្មើនឹង២៣% នៅ៥ស្រុក ១៨ឃុំ។

ពាក់ព័ន្ធការដោះស្រាយវិវាទដីធ្លីវិញ លោកអភិបាលខេត្ដ បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៨ មកដល់ឆ្នាំ២០២២ បញ្ចប់បានចំនួន៧៤២ករណី ក្នុងនោះ បានសហការជាមួយរដ្ឋបាលខេត្តដោះស្រាយវិវាទដីធ្លីបញ្ចប់បាន ចំនួន១៤ករណី, ក្រុមការងារដោះស្រាយវិវាទដីធ្លីចល័តបាន ដោះស្រាយវិវាទដីធ្លីបានបញ្ចប់ ចំនួន៦៣ករណី, ច្រានចោលវិវាទដីធ្លី ចំនួន៣៦ករណី, ដកពាក្យបណ្តឹងវិវាទដីធ្លី ចំនួន១៤ករណី, បញ្ជូនពាក្យបណ្តឹងមកថ្នាក់ខេត្ត ចំនួន៥ករណី, កំពុងដោះស្រាយវិវាទដីធ្លី ចំនួន៩ករណី និងដោះស្រាយវិវាទដីធ្លីបញ្ចប់តាមគណៈកម្មការរដ្ឋបាលបានចំនួន៦២៥ករណី៕