(កោះកុង)៖ រឿងក្តីពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរ ដែលកើតនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ដែលបណ្តាលឲ្យមនុស្ស១នាក់ស្លាប់ និង១នាក់ទៀតរងរបួសធ្ងន់ ក្នុងក្រុងខេមរភូមិន្ទ ត្រូវបានចៅក្រមសាលាដំបូងខេត្តកោះកុង បង្វែរសំណុំរឿងទៅចៅក្រមស៉ើបសួរ ដើម្បីពិនិត្យនិងស្រាវជ្រាវជាថ្មី។

ពាក់ព័ន្ធករណីនេះ លោក មីន មករា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកោះកុង និងលោក វី ភិរម្យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ បានបើកសវនាការជំនុំជម្រះក្តីសំណុំរឿង គ្រោះថ្នាក់ចរាចរមួយនេះ ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ ព្រោះតែការធ្វេសប្រហែសពេលកំពុងបើកបរ។

បន្ទាប់ពីការសួរដេញដោលទៅកាន់ជនជាប់ចោទ លោកប្រធានជំនុំជម្រះសាលាដំបូងខេត្តកោះកុង យល់ឃើញ និងបានបង្វែរសំណុំរឿងទៅកាន់ចៅក្រមស៉ើបសួរឡើងវិញ ខណៈអវត្តមានដើមបណ្តឹង។ ដើម្បីរកភាពយុត្តិធម៌ និងការពិត សាលាដំបូងខេត្ត រង់ចាំវត្តមានដើមបណ្តឹងចូលអង្គសវនាការនៅពេលក្រោយ។

លោក ណុប ង៉ែត អាយុ៤០ឆ្នាំ រស់នៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ជាបងប្រុសរបស់ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ដេត ថូង បានឱ្យដឹងថា លោក និងប្អូនប្រុស បានធ្វើដំណើរពីខេត្តតាកែវមកកាន់ខេត្តកោះកុង ដើម្បីចូលរួមក្នុងអង្គសវនាការដោះស្រាយតាមនីតិវិធី ប៉ុន្តែដល់ពាក់កណ្តាលផ្លូវស្រាប់តែសភាពជំងឺប្អូនរបស់លោកធ្ងន់ធ្ងរពេក ទើបត្រឡប់ទៅផ្ទះវិញ។

បើតាមលោក ណុប ង៉ែត បន្ថែមថា ពេលនោះ លោកក៏ហៅទូរសព្ទមកមន្រ្តីតុលាការផងដែរក្នុងន័យប្រាប់ហេតុផល តែនិយាយគ្នាបានបន្តិចក៏ដាច់សេវា ហើយលោកក៏ឈប់ហៅទូរសព្ទម្តងទៅ ដោយខ្លាចក្រែងរំខានមន្រ្តីកំពុងធ្វើការ។

លោក ណុប ង៉ែត ដើមបណ្តឹងរបស់ជនរងគ្រោះ មានបំណងស្នើសុំតុលាការពន្យារពេលវេលាបើកសវនាការ ហើយប្រសិនបើសភាពអាការៈជំងឺប្អូនប្រុសរបស់លោកធូរស្រាលពេលណា នឹងចូលរួមបំភ្លឺជាក់ជាពុំខាន។ លោកបន្តថា សំណងថវិកា ២.០០០ដុល្លាដែលផ្តល់ដោយភាគីជនបង្ក ត្រូវចាយវាយព្យាបាលជំងឺស្ទើរអស់ទៅហើយ ទើបលោកចង់សុំសំណងបន្ថែមព្យាបាលជំងឺប្អូនប្រុស។

រីឯជនរងគ្រោះដែលស្លាប់ឈ្មោះ អ៊ុក ណាក់ ទីលំនៅកំណើត ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានទទួលសំណង ៩.០០០ដុល្លារ។

គួររម្លឹកថា កាលពីយប់ថ្ងៃទី២១ខែមករា ឆ្នាំ២០២៣ ដែលជាថ្ងៃសែនចូលឆ្នាំចិន ស្ថិតនៅភូមិ៣ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ: 2BB-9066 បានបើកបរយ៉ាងលឿនដូចហោះជ្រុលទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដា ពាក់ស្លាក កោះកុង1B-3315 មានគ្នា២នាក់ អូសចម្ងាយជិត១០០ម៉ែត្រ បណ្តាលឱ្យមនុស្ស១ស្លាប់ភ្លាមៗ ពេលបញ្ចូនទៅកាន់មន្ទីរពេទ្យខេត្ត និង១នាក់ទៀតរងរបួសធ្ងន់ធ្ងរ។

អ្នកស្លាប់ឈ្មោះ អ៊ុក ណាក់ ស្រុកកំណើត បសេដ្ឋកំពង់ស្ពឺ អ្នករងរបួស ដេត ធោង ហើយអ្នកទាំងពីរធ្វើការកម្មករនៅក្រុមហ៊ុនរស្មីរតនះ។ រីឯជនបង្កជាយុវជនវ័យក្មេងម្នាក់ ជាអ្នកបើកបរឈ្មោះ ហំ កែវយុហុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់អធិការរដ្ឋាននគរបាលក្រុងខេមរភូមិន្ទ។

យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មាត្រា៨៣ កំណត់ថា «ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញាត្តិស្តីពីចរាចរណ៍ផ្លូវគោក តម្រូវឱ្យបណ្តាលឱ្យមានរបួសដល់អ្នកដទៃ ហើយបណ្តាលឱ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើសពី ៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ១០លានរៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើនដូចមានចែងក្នុងមាត្រា៥៣ នៃក្រមព្រហ្មទណ្ឌ។ ប្រការណាមួយទៀតនោះ តុលាការ បន្តយកមាត្រា៨៤មកចាត់ការតាមនីតិវិធី»