(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស បានប្រាប់ដល់កងទ័ពអាកាសដែលទើបបញ្ចប់ វគ្គហ្វឹកហ្វឺនសមត្ថភាពក្នុងកិច្ចការទ័ពអាកាស ឱ្យជឿជាក់ចំពោះការដឹកនាំរបស់ រាជរដ្ឋាភិបាល ហើយត្រូវគោរពស្មោះត្រង់ចំពោះតួនាទីភារកិច្ចក្នុងបុព្វហេតុជាតិ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញបិទវគ្គ ហ្វឹកហ្វឺន បំប៉ន នាយទាហានថ្នាក់មូលដ្ឋានបញ្ជាការសេនាធិការជំនាន់ទី២ នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ឧត្តមសេនីយ៍ត្រី យ៉ែម បុណ្យរ៉េត នាយកសាលាទ័ពអាកាស បានឱ្យដឹងថា វគ្គហ្វឹកហ្វឺន បំប៉ន នាយទាហាន ថ្នាក់មូលដ្ឋានបញ្ជាការសេនាធិការជំនាន់ទី២នេះ មានសិក្ខាកាម ជានាយទាហានកងទ័ពជើងអាកាសចូលរួម ២៩រូប ដោយសិក្សាលើទ្រឹស្តី និងការអនុវត្ត ជាក់ស្តែងនៅលើទីលានសាលាហ្វឹកហ្វឺនកងទ័ពជើងអាកាសមានរយៈពេល៣ខែ។

វគ្គហ្វឹកហ្វឺននេះ បានបញ្ចប់កាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។ វគ្គហ្វឹកហ្វឺននេះ សិក្ខាកាមបានសិក្សាទ្រឹស្តីចំនួន ១៣វិញ្ញាសារ ហើយទទួលបានលទ្ធផលនិទ្ទេសល្អ ចំនួន ១១រូប និទ្ទេសល្អបង្គួរចំនួន ១៣រូប និងនិទ្ទេសមធ្យមចំនួន ៥រូប។

នាយឧត្តមសនីយ៍ សឹង សំណាង បានថ្លែងថា សាលាហ្វឹកហ្វឺនកងទ័ពជើងអាកាស ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់របស់កងទ័ពជើងអាកាស។ នាយឧត្តមសេនីយ៍បន្តថា ការបណ្តុះបណ្តាលហ្វឹកហ្វឺននេះ ស្របទៅនឹងគោលនយោ បាយការពារជាតិ ដែលឈានទៅពង្រឹងសមត្ថភាពនាយទាហានបន្តវេន ឱ្យទទួលបាន បទពិសោធន៍ល្អៗពីយោធាចារ្យ ដែលបានបំពេញការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព។

នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសបញ្ជាក់ដែរថា សេនាធិការជាផ្នែកមួយ ដ៏សំខាន់ក្នុងជួរកងទ័ព ដែលត្រូវដឹកនាំបញ្ជាប្រកបដោយឆន្ទៈមុះមុត និងត្រូវស្វែងយល់ ពីការវិវឌ្ឍន៍ជាប្រចាំក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងកំណែទម្រង់ ដើម្បីពង្រឹងកិច្ចការពារទឹកដី និងដែនអាកាស។

ក្នុងឱកាសនោះ មេបញ្ជាការកងទ័ពជើងអាកាស បានណែនាំដល់សិក្ខាកាម ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គោរពដាច់ខាតក្រមសិលធម៌ និងប្រឹងប្រែងសិក្សាស្វែងយល់យុទ្ធសាស្ត្រការពារលំហរអាកាស ធ្វើយ៉ាងណាឱ្យ សត្រូវបរាជ័យទាំងស្រុង។ សិក្ខាកាមសេនាធិការត្រូវមានការយល់ដឹងពីទំនើបនីយកម្ម សព្វាវុធរបស់បណ្តាប្រទេសនានា ដើម្បីកំណត់ឱ្យបានជាក់លាក់សម្រាប់ទិសសដៅ យុទ្ធសាស្ត្រការពារអាកាសនាពេលអនាគត។

នាយឧត្តមសេនីយ៍ សឹង សំណាង បានផ្តល់អនុសាសន៍ជូនវគ្គហ្វឹកហ្វឺននេះថា សង្គ្រាមអាកាសកន្លងមកនេះ នៅក្នុងតំបន់សេនាធិការកងទ័ពអាកាសជាអ្នកបញ្ជា ដឹកនាំប្រយុទ្ធប្រឆាំងគ្រប់រូបភាពរាល់ការចូលលុកលុយពីយន្តហោះសត្រូវតាមរយៈប្រព័ន្ធវិទ្យុរ៉ាដា ប្រព័ន្ធការពារអាកាស ដើម្បីឱ្យសត្រូវស្ថិតក្នុងភាពឯកោ និងបរាជ័យ។

ក្រៅពីនេះត្រូវទប់ស្កាត់បណ្តាញព័ត៌មានពួកអគតិដែលតែងបង្ករការភូតកុហកប្រជា
ពលរដ្ឋ។ បន្ថែមពីលើនោះត្រូវចេះថែទាំសុខភាពឱ្យបានល្អគោរព និងអនុវត្តគោលការណ៍ សុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ១៩៕