(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារមន្ត្រីសាលាខណ្ឌ និងសង្កាត់ជាច្រើនរូប ចុះសួរសុខទុក្ខដល់ខ្នងផ្ទះ និងនាំយកថវិកាអំណោយ មួយចំនួនជូនដល់ប្រជាពលរដ្ឋ ១គ្រួសារ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យប្រពន្ធរបួសបាក់ជើង ចំណែកប្តី និងកូនរបួសស្រាល ស្ថិតនៅលើផ្លូវ៣៧១ កាលពីថ្ងៃប៉ុន្មានថ្ងៃមុន។

អំណោយដែលនាំលោកអភិបាលខណ្ឌ នាំទៅប្រគល់ជូនដល់គ្រួសាររងគ្រោះរួមមាន៖ គ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកា១លានរៀលផងដែរ។ គ្រួសារជនរងគ្រោះមានទីលំនៅក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គ្រួសារជនរងគ្រោះដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូមានប្តីឈ្មោះ មាស ម៉ឺន អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់រងរបួសស្រាល។ ប្រពន្ធឈ្មោះ ទិត្យ ចិន្តា អាយុ៣៤ឆ្នាំ មុខរបរកម្មការនីរោងចក្រ របួសបាក់ជើងខាងស្តាំ និងកូនតូចឈ្មោះ សាមី ធីតា អាយុ៣ឆ្នាំ របួសរលាត់មុខស្រាល។

សូមរំលឹកថា ជនរងគ្រោះបានជួបគ្រោះថ្នាក់ដួលម៉ូតូកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈពួកគេជិះម៉ូតូ១គ្រឿង មានគ្នា៣នាក់ ចេញពីផ្ទះដើម្បីទៅធ្វើការស្រាប់តែដល់កន្លែងកើតហេតុចំណុងផ្លូវ៣៧១ ស្ថានភាពផ្លូវបែកភក់រអិសក៏បណ្តាលឱ្យដួល និងរងរបួសតែម្តង។ ក្រៅពីនេះក៏មានសិស្សសាលារួមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀត បានរអិសដួលនៅលើផ្លូវនោះតែពុំរងរបួសធ្ងន់ធ្ងរអ្វីនោះឡើយ៕