(តាកែវ)៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តតាកែវ បាននាំយកស្រូវពូជប្រភេទសែនក្រអូប និង OM៥៤-៥១ ចំនួន៤៨០តោន និង២០០គីឡូ ចែកជូនដល់ប្រជាកសិករ ចំនួន៤,៨០២គ្រួសារ ដោយម្នាក់ៗទទួលបានចំនួន១០០​គីឡូក្រាម ​មកពីក្រុង-ស្រុកចំនួន៥ ក្នុងខេត្តតាកែវ ដែលរងគ្រោះដោយជំនាន់ទឹកភ្លៀងនារដូវប្រាំងកន្លងមកនេះរួមមាន៖ ស្រុកទ្រាំង ក្រុងដូនកែវ ស្រុកសំរោង ស្រុកអង្គបូរី និងស្រុកព្រៃកប្បាស។

ក្នុងឱកាសចុះចែកស្រូវពូជដល់កសិករលោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា​ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយ បងប្អូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈដោយមិនប្រកាន់បក្ខពួកនយោបាយ ហើយសម្រាប់ការផ្តល់ជូនស្រូវពូជនាពេលនេះ គឺជាការជួយអន្តរាគមន៍ជាបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក សម្រាប់ការធ្វើស្រែស្តារជាថ្មី នៅពេលទឹកស្រកទៅវិញ។

លោករដ្ឋលេខាធិការ បានបន្តថា ពូជស្រូវដែលរាជរដ្ឋាភិបាល ផ្តល់ជូនបងប្អូនប្រជាកសិករ នាពេលនេះសូមបងប្អូនប្រើប្រាស់ឱ្យបានត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេស ចៀសវាងការប្រើស្រូវពូជនេះខុសបច្ចេកទេស ដែលនាំឱ្យបងប្អូនខាតទាំងពូជខាតទាំងថវិកា និងពេលវេលាថែមទៀតផង។ ក្នុងនោះដែរត្រូវចេះទុកដាក់ស្រូវពូជនេះឱ្យបានល្អ ដើម្បីបងប្អូន អាចយកមកព្រោះបាននៅឆ្នាំក្រោយៗទៀត។

ថ្លែងនៅក្នុងឱកាសនោះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានលើកឡើងថា រាជរដ្ឋាភិបាលមានចក្ខុវិស័យយ៉ាងច្បាស់ ក្នុងការជំរុញវិស័យកសិកម្មនៅកម្ពុជា ឲ្យមានការរីកចម្រើនព្រោះកសិកម្មជាវិស័យស្នូល និងតាមរយៈការបណ្ដុះបណ្ដាលមន្រ្តីជំនាញផ្នែកកសិកម្មទៅដល់មូលដ្ឋានផ្ទាល់ដែលបងប្អូនរស់នៅ ដើម្បីកាន់តែផ្ដល់ភាពងាយស្រួលដល់ប្រជាកសិករ ក្នុងការរៀនពីជំនាញបច្ចេកទេសក្នុងការប្រកបរបរកសិកម្ម ដើម្បីឲ្យបានទិន្នផលខ្ពស់ដែលអាចបម្រើដល់ទីផ្សារក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេសបានទៀតផង ដើម្បីរួមចំណែកធ្វើអោយជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងគ្រួសារកាន់តែធូរធាឡើងៗ និងកាត់បន្ថយបាននូវភាពក្រីក្រផងដែរ។

សូមបញ្ជាក់ថា សម្រាប់ការចែកជូនពូជស្រូវដល់ប្រជាកសិករទាំង៥ក្រុងស្រុកនេះរួមមាន៖

*ក្រុងដូនកែវ៖ នៅវត្តធន់មន់ សង្កាត់បារាយណ៍ បានចែកពូជស្រូវចំនួន ៨៤,៣០០ គក ជូនប្រជាពលរដ្ឋរងការខូចខាតចំនួន ៨៤៣គ្រួសារ សំរាប់ស្តារឡើងវិញលើផ្ទៃដី ៧៨០ហត។

*ស្រុកទ្រាំង៖ នៅវត្តពោធិ៍អំពិល ឃុំសំបួរ បានចែកពូជស្រូវចំនួន ៩៨,២០០ គក ជូនប្រជាពលរដ្ឋចំនួន ៩៨២គ្រួសារ ស្មើនឹង០២ឃុំ សំរាប់ស្តារឡើងវិញលើផ្ទៃដី ១ ១២៩ហត។

*ស្រុកសំរោង៖ នៅវត្តខ្សាច់សរ ឃុំទ្រា បានចែកពូជស្រូវចំនួន ១១៤,៧០០ គក ជូនប្រជាពលរដ្ឋចំនួន ១,១៤៧គ្រួសារ ស្មើនឹង០៤ឃុំ ដើម្បីស្ដារឡើងវិញលើផ្ទៃដី ៧០១ហត។

*ស្រុកអង្គបូរី៖ នៅវត្តកោះទ្រា ឃុំពន្លៃ ស្រុកអង្គបូរី បានចែកពូជស្រូវជំហានទី១ ចំនួន ១៤៨,០០០ គក ជូនប្រជាពលរដ្ឋចំនួន ១,៤៨០ គ្រួសារ ស្មើនឹង៣ឃុំ សំរាប់ស្តារលើផ្ទៃដីទំហំ ២ ៨១២ ហត។

*ស្រុកព្រៃកប្បាស៖ នៅសាលាឃុំកំពែង ស្រុកព្រៃកប្បាស បានចែកជូនកសិករជំហ៊ានទី១ ចំនួន ៣៥០គ្រួសារ ក្នុង​បរិមាណស្រូវ ៣៥ ,០០០ គក សំរាប់ស្តារឡើងវិញលើផ្ទៃដី ៤៣២ហត៕