(ក្រចេះ)៖ អង្គការ WWF នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំពិធីបុណ្យសត្វផ្សោតទន្លេមេគង្គ នៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីជាការឧទ្ទិសផលបុណ្យដល់សត្វផ្សោតដែលស្លាប់ ដោយសារការជាប់មង សន្ទួចរនង ការប្រើឧបករណ៍ឆក់ និងស្លាប់ដោយសារមូលហេតុផ្សេងៗទៀត។

ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ម៉ុក ពន្លក នាយខណ្ឌជលផលក្រចេះ និងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន លោកតាលោកយាយ គណៈកម្មការវត្ត ក្រុមឆ្មាំទន្លេ សហគមន៍នេសាទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សអនុវិទ្យាល័យក្បាលជួរសរុបប្រមាណជិត ៣០០នាក់។

ថ្លែងនាឱកាសនោះ លោក ម៉ុក ពន្លក បានបញ្ជាក់ដែរថា ពីធីបុណ្យនេះប្រារព្ធឡើងក្នុងគោលបំណង៖

*ផ្សាភ្ជាប់ប្រពៃណី ជំនឿ សាសនា ទៅនឹងការអភិរក្សធនធានធម្មជាតិ

*ឧទ្ទិសផលបុណ្យដល់សត្វផ្សោតដែលស្លាប់ដោយសារការជាប់មង សន្ទួចរនង ការប្រើឧបករណ៍ឆក់ និងស្លាប់ដោយសារមូលហេតុផ្សេងៗទៀត។

*អប់រំផ្សព្វផ្សាយដល់ប្រជាជនដែលរស់នៅតំបន់អន្លង់ផ្សោត និងរស់នៅក្បែរនោះឱ្យចេះគោរពដឹងគុណដល់ទន្លេ សត្វផ្សោត ត្រី និងជីវចម្រុះជាច្រើនទៀត ហើយចូលរួមការពារទាំងអស់គ្នា ដោយបញ្ឈប់ការធ្វើនេសាទគ្រប់ប្រភេទនៅកន្លែងដែលសត្វផ្សោតរស់នៅ និងបញ្ឈប់ការនេសាទដោយប្រើឧបករណ៍ឆក់ ដាក់មងក្នុងអន្លង់ សន្ទួចរនង និងឧបករណ៍ខុសច្បាប់ផ្សេងៗទៀត។

*ពង្រឹងកិច្ចសហការជាមួយ ព្រះសង្ឃ មេឃុំ មេភូមិ កងកម្លាំងប្រដាប់អាវុធ មន្ត្រីជលផល ឆ្មាំទន្លេ សហគមន៍នេសាទ និងប្រជាពលរដ្ឋ ដើម្បីចូលរួមការពារសត្វផ្សោត និងជីវចម្រុះជលផលជាច្រើនទៀត។

*បណ្តុះស្មារតីក្មេងជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សីឱ្យស្គាល់បុណ្យបាប និងចេះស្រលាញ់ធនធានធម្មជាតិដ៏សំបូរបែប ដែលជាកេរ្តិ៍ដំណែលពីដូនតាយើង ហើយចូលរួមការពារ និងថែរក្សាឱ្យនៅគង់វង្ស ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិគ្រប់ជំនាន់។

សូមបញ្ជាក់ដែរថា នៅក្នុងពិធីបុណ្យនេះក៏មានការសម្ដែងពីសិស្សានុសិស្ស អំពីសកម្មភាពជនល្មើសប្រើឧបរកណ៍នេសាទល្មើសច្បាប់ដូចជា ចក់ត្រី និងសម្ដែងពីសមត្ថកិច្ច និងអាជ្ញាធចុះបង្រ្គាប ជនល្មើសកំពុងនេសាទខុសច្បាប់ផងដែរ៕