(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល តំណាងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាទីស្ដីការក្រសួង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត​ លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ជាសហប្រធាន, តំណាងក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ ស្ថាប័នក្រោមឱវាទក្រសួងសុខាភិបាលផងដែរ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល ជាយន្តការសម្របសម្រួល និងជាវេទិកាពិគ្រោះយោបល់ក្នុងភាពជាដៃគូ ប្រកបដោយប្រសិទ្ធភាព សម្របសម្រួលជំនួយហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍នានា សំដៅគាំទ្រការអនុវត្តឱ្យបានសម្រេច នូវគោលដៅអភិវឌ្ឍន៍ជាតិ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិ យុទ្ធសាស្ត្រតាមវិស័យ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។

គោលបំណងជាក់លាក់នៃកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសសុខាភិបាលរួមមាន៖

១៖ លើកកម្ពស់ប្រសិទ្ធភាពនៃការពិគ្រោះយោបល់ ក្នុងភាពជាដៃគូកម្រិតបច្ចេកទេស សម្រាប់សម្របសម្រួល និងកៀរគរហិរញ្ញប្បទានសហប្រតិបត្តិការ។
២៖ ធានាការតម្រឹមហិរញ្ញប្បទានសហប្រតិបត្តិការ ជាមួយតម្រូវការអាទិ៍ភាពរបស់វិស័យសុខាភិបាល និងការកែទម្រង់របស់រាជរដ្ឋាភិបាល។
៣៖ តាមដានវឌ្ឍនភាពនៃការអនុវត្តកម្មភាពរួមគ្នា រវាងក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ ដែលបានរំលេចក្នុងផែនការសកម្មភាព និងសូចនាករតាមដានរួមគ្នា។
៤៖ បំពេញបន្ថែមឱ្យយន្តការភាពជាដៃគូបន្ថែមទៀត ដូចជាកិច្ចពិគ្រោះយោបល់ភាពជាដៃគូថ្នាក់ក្រោមជាតិ និងកិច្ចពិគ្រោះយោបល់ពហុភាគី ក្នុងវិស័យសុខាភិបាល។

កិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាលនាថ្ងៃនេះ បានពិភាក្សាលើរបៀបវារៈដូចជា៖

១៖ របាយការណ៍បច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩
២៖ យុទ្ធសាស្ត្រសុខាភិបាលឌីជីថល ២០២៣- ២០៣៣
៣៖ ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៣- ២០៣៣

លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះដៃគូអភិវឌ្ឍន៍ ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាលកម្ពុជា ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈ ដែលកម្ពុជាបានខិតខំប្រឹងប្រែងជំរុញវិធានការការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩៕