(ភ្នំពេញ)៖ តបតាមសំណើរបស់បងប្អូនប្រជាពលរដ្ឋ, លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានបញ្ជាក់ថា មកដល់ពេលនេះ អាជ្ញាធរ បានសម្រេចឱ្យផ្អាករាល់ការសាងសង់នានានៅតាមបណ្ដោយផ្លូវលំ នៅក្នុងភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់។

លោក ម៉ូវ ម៉ានិត បានថ្លែងថា កន្លែងនោះ (ផ្លូវលំភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់) គឺគម្រោងផ្លូវ១៦ម៉ែត្រ នៅក្នុងប្លង់ LMAP ប៉ុន្តែប្រជាពលរដ្ឋលោកកាន់កាប់តាំងពីដើមមកទំហំប៉ុណ្ណា នៅប៉ុណ្ណឹងមែន យើងមិនទាន់មានការបើកផ្លូវនោះទេ ព្រោះយើងមិនទាន់មានលទ្ធភាពធ្វើផ្លូវបេតុងនៅតំបន់នោះទេ។ បើចោទថា ខាងណាទៅបិទផ្លូវ គឺដូចជាមិនត្រឹមត្រូវទេ។

លោកអភិបាលខណ្ឌ បន្ដថា ការស្នើសុំឱ្យមានការបើកផ្លូវ១៦ម៉ែត្រ អាជ្ញាធរនឹងពិនិត្យមើលជាបន្ដទៀតថា តើវានឹងមានផលប៉ះពាល់អ្វីខ្លះ?

សូមជម្រាបជូនថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ តំណាងប្រជាពលរដ្ឋជាច្រើនគ្រួសារ បានដាក់លិខិតសុំអន្តរាគមន៍ទៅអភិបាលខណ្ឌសែនសុខ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីឱ្យជួយទប់ស្កាត់ការសាងសង់ របស់ដីរំលោភយកចំណីផ្លូវរបស់រដ្ឋ ស្ថិតនៅក្នុងភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់។

ក្រោយពីទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ សាលាខណ្ឌសែនសុខ បានអញ្ជើញអ្នកពាក់ព័ន្ធទៅដោះស្រាយ និងសម្រេចឱ្យផ្អាករាល់សំណង់ផ្សេងៗទាំងអស់ដែលប៉ះពាល់ដល់ចំណីផ្លូវក្នុងទីតាំងខាងលើជាបណ្ដោះអាសន្ន រងចាំចំណាត់ការបន្ដរបស់សាលាខណ្ឌ៕