(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) សិក្សាគម្រោង​ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ ជំហានទី៣ ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាត ឱ្យបានគ្រប់គ្រាន់ដល់ពលរដ្ឋនៅប៉ែកខាងកើត និងខាងត្បូងរាជធានីភ្នំពេញ​ ដោយសារតែបច្ចុប្បន្ន ប្រជាជនដែលរស់នៅប៉ែកខាងកើត និងខាងត្បូងរាជធានីភ្នំពេញ មានទឹកប្រើប្រាស់មិនទាន់គ្រប់គ្រាន់នៅឡើយ។

ថ្លែងក្នុងពិធីចុះហត្ថលេខា លើកំណត់ហេតុប្រជុំកិច្ចពិភាក្សា ស្តីពីការរៀបចំសិក្សាសមិទ្ធិលទ្ធភាព របស់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ ជំហានទី៣ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង JICA នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ​លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា គម្រោងពង្រីករោងចក្រផលិតទឹកស្អាតនិរោធជំហានទី៣នេះ នឹងចាប់ផ្តើមសិក្សា ចាប់ពីខែមេសា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសិក្សានៅដើមឆ្នាំ ២០២៤ ដើម្បីឈានទៅចាប់ផ្តើមសាងសង់រោងចក្រ នៅឆ្នាំ២០២៦ និងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៩។

លោកបន្តថា ​គម្រោងពង្រីករោងចក្រផលិតទឹកស្អាតនិរោធ ជំហានទី ៣ នឹងមានសមត្ថភាពផលិតប្រមាណ ១៣០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយនឹងធ្វើការបែងចែកទៅតំបន់ជាយរាជធានីភ្នំពេញ ជាប់ព្រំប្រទល់ខេត្តកណ្តាល​ ពោលគឺតំបន់ភាគខាងកើតនៃរាជធានីភ្នំពេញ ​(កៀនស្វាយ ព្រែកឯង), តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ( តំបន់ខាងត្បូង និងខាងលិចចម្ការដូង) និងមួយផ្នែកទៀត ចែកចាយទៅខេត្តកណ្តាល​។

​លោកបានឱ្យដឹងទៀតថា «​ចាប់ពីខែមេសា ឆ្នាំ២០២៣ នេះតទៅ ទីប្រឹក្សាបច្ចេកទេស នឹងចាប់ផ្តើមសិក្សាពីសមិទ្ធលទ្ធភាពនៃគម្រោងនេះ ។ ក្រោយពីបញ្ចប់ការសិក្សានេះ យើងនឹងចាប់ផ្តើមធ្វើការពិភាក្សាទៅលើចំនួន ឥណទានដែលយើងត្រូវខ្ចីទៅលើគម្រោងទាំងមូល ហើយក្រោយពីកិច្ចព្រមព្រៀងទៅលើចំនួនកម្ចី ដែលយើងខ្ចីហើយ យើងនឹងចាប់ផ្តើមធ្វើការដេញថ្លៃជ្រើសអ្នកសាងសង់ អ្នកត្រួតពិនិត្យសំណង់ ដើម្បីធានាការសាង់សង់គម្រោងនេះ ចាប់ពីឆ្នាំ២០២៦ ហើយសំណង់នឹងត្រូវចប់នៅឆ្នាំ២០២៩»។

​លោកបន្ថែមថា ការរៀបចំសិក្សាពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ ជំហានទី៣ គឺដើម្បីជំរុញការផ្គត់ផ្គត់ទឹក ដល់ពលរដ្ឋនៅរាជធានីភ្នំពេញ​ ឱ្យបានតាមផែនការកំណត់នៅឆ្នាំ២០៣០ ពោលគឺត្រូវផលិតទឹកឱ្យបាន ១លាន៨សែនម៉ែត្រគូប ក្នុងមួយថ្ងៃ ដើម្បីធ្វើឱ្យប្រជាជនមានទឹក ប្រើប្រាស់គ្រប់គ្រាន់​។

លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្នអ្នកប្រើប្រាស់ទឹកស្អាត នៅរាជធានីភ្នំពេញ មានចំនួនប្រមាណ ៤៥ម៉ឺនអតិថិជន ដែលនៅឆ្នាំ២០៣០ អតិថិជនប្រើប្រាស់ទឹកនៅក្នុងទីក្រុងភ្នំពេញ នឹងកើនដល់ប្រមាណ​១លាន៧សែន៦ម៉ឺន​អតិថិជន។

គួរជម្រាបថា ​នៅឆ្នាំ២០២៣នេះ ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាត ប្រមាណ ៦៦០ពាន់ ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅអតិថិជនចំនួន៤៥ម៉ឺន​គ្រួសារ។ តែយ៉ាងណាការផ្គត់ផ្គង់ទឹក នៅតែមានភាពខ្វះខាត ខណៈតម្រូវការទឹកបច្ចុប្បន្នមានប្រមាណពី​ ៧សែន៥ម៉ឺនម៉ែត្រគូប ទៅ៨សែន ម៉ែត្រគូប ក្នុងមួយថ្ងៃ៕