(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចាត់ឲ្យតំណាង ដែលមានលោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកា និងអំណោយរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រគល់ជូនគ្រួសារអតីតមន្ដ្រីអាវុធហត្ថដែលទទួលមរណភាព។

ក្នុងនោះរួមមាន៖ ថវិកាចំនួន៥លានរៀល, អង្ករចំនួន៤ការុង, ភេសជ្ជៈទឹកសុទ្ធ ចំនួន៨កេស ត្រូវបានប្រគល់ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក ឈួន សុផេន អតីតមន្ត្រី កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលសោធននិវត្តន៍ ដែលបានទទួលមរណៈភាព ដោយរោគាពាធ កាលពីវេលាម៉ោង២២៖៤០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅផ្ទះលេខ២៤អឺ ផ្លូវ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ព្រមជាមួយគ្នានោះ ក្រុមការងារ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះក្រុមគ្រួសារសពផងដែរ។

តំណាងគ្រួសារសព ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការលះបង់របស់នាយឧត្តមសេនីយ៍ និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ ជូនដល់ លោកនាយឧត្តមសេនីយ៍ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ព្រមជាមួយពុទ្ធពរ ទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕