(ស្វាយរៀង)៖ ស្ត្រីម្នាក់មានផ្ទៃពោះ ធ្លាក់ឈាមធ្ងន់ធ្ងរម្នាក់ ត្រូវបានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្តស្វាយរៀង និងខ្វះឈាមត្រូវបានគ្រូពេទ្យ សម្រេចចិត្តផ្ដល់ឈាម ដើម្បីធ្វើការសង្គ្រោះបន្ទាន់វះកាត់ដោយជោគជ័យ។

គ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង បានឲ្យដឹងនៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ក្រុមគ្រូពេទ្យផ្នែកសម្ភព-រោគស្រ្ដី និងផ្នែកវះកាត់ នៃមន្ទីរពេទ្យខេត្តស្វាយរៀង បានធ្វើការវះកាត់ជួយសង្រ្គោះស្រ្ដី មានផ្ទៃពោះម្នាក់ដែលបញ្ជូនមកពីមន្ទីរពេទ្យបង្អែកស្រុករមាសហែក ដែលមានស្ថានភាពធ្លាក់ឈាមធ្ងន់ធ្ងរ កាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២៣។

ប្រភពបានបន្តថា ស្ត្រីដែលមកធ្វើការវះកាត់នេះ មានឈ្មោះ សេង សុធា អាយុ៤១ ឆ្នាំ រស់នៅភូមិល្បើក ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយសារស្ត្រីនេះ ត្រូវការឈាមច្រើន (១០ស្បោង) ក្នុងការសង្រ្គោះ និងពុំមានក្រុមគ្រួសារសម្រាប់ផ្ដល់ឈាម លោកស្រីវេជ្ជបណ្ឌិត លោក លោកស្រីជាគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង ក៏បានធ្វើការបរិច្ចាគឈាមបន្ថែម ដើម្បីជួយសង្រ្គោះស្រ្ដីផ្ទៃពោះរហូតដល់ឆ្លងផុតស្ថានភាពគ្រោះថ្នាក់ផងដែរ។

ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ក្រោយពីធ្វើការវះកាត់រួចស្ថានភាពសុខភាពរបស់ស្ត្រីខាងលើ មានភាពធម្មតាពុំមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ។

ក្រុមគ្រូពេទ្យខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការជុំវិញខេត្ត សូមបន្តជួយបរិច្ចាគឈាមដល់មន្ទីរពេទ្យខេត្តស្វាយរៀងបន្ថែមទៀត ដើម្បីឲ្យក្រុមគ្រូពេទ្យមានលទ្ធភាព ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះហើយត្រូវការឈាមផងដែរ៕