(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក Chardkiat ATTHAKOR ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ទើបតែងតាំងថ្មី បានឯកភាពគ្នាលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្សឆ្លងដែនរវាងប្រទេសទាំងពីរ។

ក្នុងជំនួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង និងលោក Chardkiat ATTHAKOR ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ទៅលើការជួយគាំទ្រដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងបំពេញការងារនៅក្នុងប្រទេសថៃផងដែរ។

ក្នុងនោះសម្ដេចក្រឡាហោម និងលោកអគ្គរាជទូត បានជជែកពិភាក្សា និងផ្លាស់ប្ដូរយោបល់ទៅវិញទៅមកលើបញ្ហាមួយចំនួន ក្នុងស្មារតីធ្វើយ៉ាងណាសម្រួលដល់ការចេញចូលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ និងកិច្ចសហការក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា នៅតាមបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ។

បន្ថែមពីនេះ លោកឯកអគ្គរាជទូត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដូចជាការរត់ពន្ធមនុស្សឆ្លងដែន ដែលក្នុងរយៈពេលកន្លងទៅនេះ បានទទួលនូវលទ្ធផលគួរឲ្យកត់សម្គាល់។

លោកបញ្ជាក់ជូនសម្ដេចដែរថាបញ្ហានេះ គឺជាបញ្ហាសម្រាប់តំបន់ដែលត្រូវសហការគ្នាដោះស្រាយ មិនមែនតែជាបញ្ហារបស់ប្រទេសណាមួយនោះទេ គឺភាគីពាក់ព័ន្ធទាំងអស់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជា ពិសេសរវាងអាជ្ញាធរមានសមត្ថកិច្ចដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែននេះ។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងមានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អប្រសើរ និងជិតស្និទ្ធ ហើយប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏ល្អទាំងក្នុងកម្រិតនយោបាយ សន្តិសុខ ទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជារយៈពេលចុងក្រោយនេះ គឺកិច្ចសហការគាំទ្រគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ដោយឡែក នៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា សម្តេចផ្ទាល់បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំខេត្តជាប់ព្រំដែន ជាមួយសមាសភាគីថៃ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ដែលកិច្ចប្រជុំនេះតែងបានប្រព្រឹត្តទៅក្នុងស្មារតីដើម្បីរួមគ្នា ថែរក្សាសន្តិសុខ តាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ ដូចជារួមគ្នាអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ។

សម្តេចក្រឡាហោម ស ខេង មានក្ដីសង្ឃឹមយ៉ាងមុតមាំថា វត្តមានរបស់លោកឯកអគ្គរាជទូតនៅកម្ពុជា នឹងបន្តរួមចំណែកដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ កាន់តែខ្លាំងក្លាថែមទៀត។ គ្រាដែលលោកឯកអគ្គរាជទូត បានគោរពថ្លែងអំណរគុណសម្ដេចក្រឡាហោម និងបានបង្ហាញការប្ដេជ្ញាចិត្ត ពង្រឹងពង្រីកបន្ថែមទៀតរវាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឈរលើមូលដ្ឋាន ដែលបានកសាងកន្លងមកពីឯកអគ្គរាជទូតមុនៗ ហើយនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងនេះឲ្យកាន់តែល្អប្រសើរថែមទៀត៕