(កំពង់ឆ្នាំង)៖ ដើម្បីបញ្ជៀសអំពីផលប៉ះពាល់ដល់តំបន់អភិរក្សពូជមច្ឆាជាតិមួយចំនួន ក្នុងបឹងទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ក្រុមការងារចុះពិនិត្យ និងរៀបចំតំបន់នេសាទ និងកណត់ឧបករណ៍នេសាទ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានមុខរបរនេសាទលៀស ក្នុងបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង។

ពាក់ព័ន្ធនឹងការរៀបចំតំបន់នេសាទ និងកំណត់ឧបករណ៍នេសាទលៀស ក្នុងខេត្តកំពង់ឆ្នាំង, លោក តាត សីហាក់ សង្កាត់រដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ថា បច្ចុប្បន្ននេះមន្ត្រីជំនាញរដ្ឋបាលជលផល បាននិងកំពុងអនុវត្ត រៀបចំដល់ពលរដ្ឋដែលប្រកបមុខរបរនេសាទលៀស ទៅតាមការណែនាំរបស់ក្រសួងកសិកម្ម ដែលកាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក្រសួងបានចាត់បញ្ជូនក្រុមការងាររដ្ឋបាលជលផលថ្នាក់ជាតិ ចុះមកសិក្សា ពិនិត្យដោយផ្ទាល់ទៅលើឧបករណ៍នេសាទលៀស និងកំណត់ទីតាំងសម្រាប់ឲ្យប្រជានេសាទធ្វើការនេសាទលៀសឲ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស។

លោកថា ក្រុមការងារ នៃរដ្ឋបាលជលផលថ្នាក់ជាតិ ក៏បានកំណត់ឧបករណ៍នេសាទ និងកម្លាំងម៉ាស៊ីនក្នុងការអូសទាញឧបករណ៍នេសាទដោយអនុញ្ញាតត្រឹមកម្លាំងម៉ាស៊ីន២៤សេស និងបែងចែកតំបន់នេសាទលៀស ដោយមានភ្ជាប់ និយាមការមានចំនួន៨ទីតាំង ស្ថិតក្នុងស្រុកចំនួន៣ ក្នុងនោះមានស្រុបរិបូណ៌, ស្រុកកំពង់លែង និងក្រុងកំពង់ឆ្នាំង។ ទីតាំងទាំង៣នេះបានកំណត់ក្នុងផែនទី ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាអ្នកសម្រេច។

លោកបន្តថា បច្ចុប្បន្ននេះក្រសួងក៏បានអនុញ្ញាតឲ្យមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង អាចចេញលិខិតអនុញ្ញាត (ពាក់មី) ជូនពលរដ្ឋដែលបានស្នើសុំមកខណ្ឌរដ្ឋបាលជលផលសម្រាប់ធ្វើការនេសាទលៀសបានតែក៏ត្រូវឆ្លងកាត់ការ ត្រួតពិនិត្យឧប ករណ៍នេសាទ និងកម្លាំងម៉ាស៊ីនជាមុនសិន ទើបដាក់ជូនមន្ទីរកសិកម្ម ចុះហត្ថលេខា ទៅលើលិខិតអនុញ្ញាត (ពាក់មី) ឱ្យរកពេញមួយរដូវ ចាប់ពីពេលនេះរហូតដល់រដូវបិទនេសាទ តែអាចអនុញ្ញាតឱ្យរកនេសាទ តែក្នុងតំបន់ដែលកំណត់ដោយក្រសួងតែប៉ុណ្ណោះ។

ដោយឡែកលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា មកដល់ពេលនេះមានប្រជានេសាទ ដែលជាអ្នកនេសាទលៀស បានធ្វើសំណើរស្នើ សុំមកខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ជាបន្តបន្ទាប់ ក្នុងនោះមានពលរដ្ឋរស់នៅក្នុងឃុំឆ្នុកទ្រូ ក្នុងភូមិសំរោង ក្រុងកំពង់ឆ្នាំង និងស្រុកជល់គីរី មួយចំនួនផងដែរ។

មកដល់បច្ចុប្បន្ននេះលិខិតអនុញ្ញាត (ពាក់មី) ដែលលោកបានស្នើសុំទៅលោកប្រធានមន្ទីរកសិកម្មមានជាង១០០ប័ណ្ណហើយ និងមានអ្នកមកទទួលយកទើបតែបានប៉ុន្មានជា៨០ប័ណ្ណតែប៉ុណ្ណោះ។ ដោយសារតែរដូវនេះ ប្រជាពលរដ្ឋដែលមានមុខរបរនេសាទលៀស មួយចំនួនកំពុងជាប់រវល់មមាញឹកក្នុងការបង្ករបង្កើនផលស្រែចម្ការ នៅពេលរួចចរាល់ ទើបពួកគាត់មកទទួលយកលិខិតអនុញ្ញាត (ពាក់មី) ដើម្បីចុះធ្វើការសាទលៀសវិញម្ដង៕