(កែប)៖ លោក គីម សុវណ្ណឌី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចូលរួមជាអធិបតីក្នុងពិធីបើក និងដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើឯកសារបណ្តុះបណ្តាល ស្តីពីកិច្ចការពារកុមារពីការ កេងប្រវ័ញ្ច និងរំលោភបំពានតាមប្រព័ន្ធអនឡាញ រៀបចំធ្វើរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមករា រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប។

លោកបន្តថា កិច្ចប្រជុំនាពេលនេះ មានគោលបំណង ដើម្បីប្រមូលធាតុចូល និងធ្វើឱ្យខ្លឹមសារកញ្ចប់មេរៀនសម្រាប់បណ្តុះបណ្តាល អំពីកិច្ចការពារកុមារពីការកេងប្រវ័ញ្ច និងរំលោភបំពានតាមប្រព័ន្ធអនឡាញនេះ កាន់តែប្រសើរឡើង ហើយងាយយល់សម្រាប់ការសិក្សា។

លោកបន្តថា ក្រោយកិច្ចប្រជុំសេចក្តីព្រាងមេរៀនសម្រាប់បណ្តុះបណ្តាលនេះ នឹងត្រូវយកទៅអនុវត្តសាកល្បង ជាមួយអ្នកមានវិជ្ជាជីវៈសង្គមកិច្ច ឳពុកម្តាយ និងអ្នកថែទាំកុមារ ព្រមទាំងកុមារ និងយុវជន នៅខេត្តចំនួន៣ រួមមានខេត្តបាត់ដំបង់ ខេត្តព្រៃវែង និងខេត្តក្រចេះ។

លោក គីម សុវណ្ណឌី បានបន្ថែមថា នៅក្នុងអាណត្តិទី៥ នៃរដ្ឋសភា ដោយពិនិត្យឃើញនូវការរីកចម្រើនខាងបច្ចេកវិទ្យា ជាពិសេសការអភិវឌ្ឍនៃឧស្សាហកម្មឌីជីថល បានជះឥទ្ធិពលជាវិជ្ជមាន និងអវិជ្ជមានជាច្រើនមកដល់សង្គម អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក៏បានធ្វើការសិក្សាទៅលើផលប៉ះពាល់នៃបច្ចេកវិទ្យាទាំងនោះមកលើកុមារ ដោយបានរកឃើញថា កុមារគឺជាជនដែលងាយប្រឈមនឹងគ្រោះថ្នាក់ពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត។

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក៏បានបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើការសិក្សាស្រាវជ្រាវការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា (OCSE TWG) តាមរយៈសេចក្តីសម្រេចលេខ ២០៣ ក.ជ.ក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមការងារបច្ចេកទេសអន្តរក្រសួង (OCSE TWG) បានធ្វើការវិភាគស្ថានភាពដំបូងលើការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា(OCSE)។ របាយការណ៍ នៃការវិភាគស្ថានភាពនេះ ត្រូវបានឯកភាពពីឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។

ការវិភាគស្ថានភាពនេះ បានស្នើឡើងនូវអនុសាសន៍ធំៗចំនួន០៤ រួមមាន ទី១ គោលនយោបាយ និងអភិបាលកិច្ច ទី២ការផ្តល់សេវាអ៊ីនធឺណិត ទី៣យុត្តិធម៌ព្រហ្មទណ្ឌ និង ទី៤ សង្គម។ តាមរយៈការវិភាគស្ថានភាពដំបូងលើការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា (OCSE) ក្រុមការងារបច្ចេកទេសអន្តរក្រសួង (OCSE TWG) ក៏បានរៀបចំផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ (ឆ្នាំ២០២១-២០២៥)។ ផែនការនេះ ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ដោយលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។ ការរៀបចំឯកសារសម្រាប់បណ្តុះបណ្តាល ស្តីពីកិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ គឺជាផ្នែកមួយនៃការអនុវត្តគោលដៅយុទ្ធសាស្ត្រ ចង្កោមសកម្មភាព និងសកម្មភាព នៃផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ច ផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ២០២១-២០២៥។

គួរបញ្ជាក់ថា កន្លងមក អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក៏ធ្លាប់បានសហការជាមួយអង្គការផ្លែន ដើម្បីរៀបចំឯកសារសម្រាប់បណ្តុះបណ្តាល ស្តីពីកិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធ អនឡាញផងដែរ តែយើងបានចេញត្រឹមជាសេចក្តីព្រាង “Draft #0”។ លុះមកដល់ត្រីមាសទី៤ នៃឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក៏បានសហការជាមួយអង្គការឆាលហ្វាន់ ដើម្បីរៀបចំឯកសារសម្រាប់បណ្តុះបណ្តាលនេះបន្តទៀត ហើយឯកសារកញ្ចប់មេរៀននេះត្រូវបានពង្រីកជា ៣ប្រភេទ គឺ៖

១៖ ឯកសារសម្រាប់បណ្តុះបណ្តាលអ្នកមានវិជ្ជាជីវៈសង្គមកិច្ច
២៖ ឯកសារសម្រាប់បណ្តុះបណ្តាលឳពុកម្តាយ និងអ្នកថែទាំកុមារ
៣៖ ឯកសារមេរៀនសម្រាប់បណ្តុះបណ្តាលកុមារ និងយុវជន៕