(ភ្នំពេញ)៖ លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ពាក្យ «វម៌្ម» គឺជាពាក្យដើម ដែលមាននៅតាមសិលាចារឹក​ រីឯពាក្យ «វរ្ម័ន» គឺជាពាក្យ ដែលត្រូវបានប្រើប្រាស់តាមអ្នកស្រាវជ្រាវជនជាតិបារាំង។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានធ្វើឡើងបន្ទាប់ពីសារមន្ទីរជាតិ ប្រើប្រាស់ពាក្យ «វម៌្ម» នៅលើសំណេរ បង្ហាញលទ្ធផលនៃការតភ្ជាប់ បញ្ជាក់ពីព្រះហស្តទាំងពីរ របស់ព្រះបាទជ័យវម៌្មទី៧។ ពាក្យនេះ ត្រូវបាន Fresh News បន្តយកមកផ្សព្វផ្សាយ ហើយត្រូវមហាជនមួយចំនួនរិះគន់ថា សរសេរខុស។

ប៉ុន្តែលោក ប្រាក់ សុវណ្ណារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក្យថា «វម៌្ម» យើងឃើញមានការលើកយកពន្យល់ច្រើនគួរសមដែរ ពីសំណាក់អ្នកស្រាវជ្រាវជនជាតិខ្មែរយើង។ តាមពិតពាក្យនេះ យើងដឹងយូរហើយ នៅក្នុងសិលាចារឹកខ្មែរ គឺនិយាយអញ្ចឹងមែន។ ប៉ុន្តែពាក្យថា «វរ្ម័ន» នេះ ដោយសារយើងអានទៅតាមការសរសេរអ្នកស្រាវជ្រាវជនជាតិបារាំង គាត់មានថែមអក្សរ «N» (ក្នុងខេមរភាសា គឺអក្សរ «ន») នៅពីក្រោយ យើងក៏អានតាមឡាតាំង ទៅជា «វរ្ម័ន» អញ្ចឹងទៅ។ ពាក្យឲ្យត្រូវ គឺពាក្យ «វម៌្ម» ដែលមាននៅក្នុងសិលាចារឹកអញ្ចឹងមែន»។

បើតាមអតីតគ្រូផ្នែកបុរាណវិទ្យា ពាក្យ «វរ្ម័ន» មិនថាប្រជាជនខ្មែរ អ្នកស្រាវជ្រាវ អ្នករៀនសូត្រអ្វីទេ សូម្បីតែប្រជាជនធម្មតា អ្នកធ្លាប់អានសៀវភៅ និងអ្នកធ្លាប់ស្តាប់តាមប្រព័ន្ធផ្សព្វផ្សាយ ដឹងថាគេប្រើ «វរ្ម័ន» ទៅហើយ។ មិនតែប៉ុណ្ណោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ក៏ធ្លាប់ប្រើគោរមងារពាក្យ «សម្តេច ព្រះនរោត្តម សីហនុ វរ្ម័ន» ផងដែរ អញ្ចឹងពាក្យហ្នឹងប្រើរត់មាត់ទៅហើយ រហូតដល់មានការដាក់ព្រះនាមព្រះអង្គ នៅតាមសាលារៀនទៅទៀត កាលជំនាន់សង្គមរាស្ត្រនិយម ក៏ដូចជាមាននៅសល់ដល់សម័យនេះដែរ ចំពោះសាលារៀនខ្លះ។

កន្លងមកនេះដែរ លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា អ្នកជំនាញផ្នែកសិលាចារឹក និងប្រវត្តិសាស្ត្រខ្មែរ-អាស៉ីអាគ្នេយ៍ បានបង្ហាញថា នៅមុនសម័យអង្គរ (សតវត្សទី៦-៨) និងសម័យអង្គរ (សតវត្សទី៩-១៣) ព្រះនាមរបស់ព្រះមហាក្សត្រខ្មែរគ្រប់អង្គ គឺសុទ្ធតែបញ្ចប់ដោយពាក្យ «វម៌្ម» មិនមែនសរសេរ «វរ្ម័ន» ដូចការសន្មតរបស់អ្នកប្រាជ្ញជនជាតិបារាំងនោះឡើយ។ ពាក្យថា «វម៌្ម» ជាពាក្យសំស្ក្រឹត មានន័យថា អាវក្រោះ ដែលជាអាវចម្បាំងមួយប្រភេទធ្វើអំពីដែក ឬពាសដែកសម្រាប់ការពាររាងកាយពីការប្រហារដោយអាវុធផ្សេងៗ។

ក្រោមឥទ្ធិពលព្រហ្មញ្ញសាសនា ព្រះរាជាណាចក្រខ្មែរយើង គឺមានការលើកតម្កើងព្រះរាជាឱ្យមានឋានៈពាក់កណ្តាលអាទិទេព និងពាក់កណ្តាលមនុស្ស ជាអវតាតំណាងព្រះអាទិទេពគ្រប់គ្រងនៅលើផែនដី ដែលគេហៅថា «លទ្ធិទេវរាជ»។ ដូច្នេះការថ្វាយព្រះនាមដល់ព្រះរាជបុត្រ ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់ សុទ្ធតែជាឈ្មោះពាក់ព័ន្ធនឹងព្រះអាទិទេព ហើយព្រះនាម ឬនាមទាំងនោះបញ្ចប់ដោយបស្ចិមបទ «...វម៌្ម»។ ជាក់ស្ដែងដូចជាព្រះបាទជយវម៌្ម ព្រះបាទឥន្ទ្រវម៌្ម ព្រះបាទយសោវម៌្ម ព្រះបាទសូរ្យវម៌្មជាដើម។

ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ បានបន្តថា ហេតុដែលខ្មែរយើងជំនាន់ក្រោយប្រើពាក្យ «វរ្ម័ន» ខុសពីពាក្យដើមថា «វម៌្ម» យ៉ាងដូច្នេះ ក៏ព្រោះប្រជាជនខ្មែរនៅសម័យមុន (បន្ទាប់ពីសម័យអាណានិគម) រៀនប្រវត្តិសាស្ត្រ និងចំណេះដឹងផ្សេងៗតាមរយៈភាសាបារាំងមកផ្ទាល់ ក៏បាននាំគ្នានិយាយ និងសរសេរតាមបារាំងថា «វរ្ម័ន» តមករហូត។

បន្ថែមលើនេះ លោកសាស្ត្រាចារ្យ ហ៊ុន ឈុនតេង អ្នកស្រាវជ្រាវ និងជាគ្រូបង្រៀនជំនាញសិលាចារឹកខ្មែរ បានបង្ហោះវីដេអូលើបណ្តាញសង្គម ដោយពន្យល់ពីពាក្យ «វម៌្ម» និង «វរ្ម័ន»។ ក្នុងបាឋកថា ដែលរៀបចំដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ លោកថ្លែងថា ការប្រើប្រាស់ពាក្យនេះ សម្រាប់អ្នកស្រាវជ្រាវគឺដឹងច្រើន តែប្រជាជនទូទៅមិនសូវដឹងឡើយ។

សម្រាប់លោក ហ៊ុន ឈុនតេង អ្នកស្រាវជ្រាវ និងអ្នកចេះសិលាចារឹក ចង់ឲ្យប្រើពាក្យ «វម៌្ម» មិនមែនពាក្យ «វរ្ម័ន» ដែលយកតាមបារាំងនោះទេ។ ដោយសារកម្ពុជា នៅក្រោមអាណានិគមបារាំងយូរ ធ្វើឲ្យមានការប្រើប្រាស់ភាសាតាមបារាំងច្រើន និងប្រើប្រាស់អ្វីដែលជាកេរ្តិ៍ដំណែលបារាំង ប៉ុន្តែពេលទទួលបានឯករាជ្យ គឺខ្មែរចង់ងាកចេញពីឥទ្ធិពលបារាំង រហូតបង្កើតគណៈកម្មការខេមរយានកម្ម។

លោកបានបញ្ជាក់ថា «តាមអ្វីដែលបានលើកយកមកពិនិត្យនេះ ខ្មែរគួរសរសេរព្រះនាមព្រះមហាក្សត្ររបស់ខ្លួន តាមលំនាំសិលាចារឹក ដែលជាតឹងតាងប្រវត្តិសាស្ត្រដ៏សំខាន់ (មិនមែនសរសេរតាមឥទ្ធិពលបារាំងឡើយ)»

សូមជម្រាបថា ក្នុងវចនានុក្រម សម្តេច ជួន ណាត មានពាក្យ «វរ្ម័ន» ដែលជាពាក្យសំស្ក្រឹត និងប្រែថា ក្រោះ, អាវក្រោះ ដូចការពន្យល់ពាក្យ «វម៌្ម» របស់អ្នកប្រាជ្ញខ្មែរផ្នែកសិលាចារឹក។ សម្តេច ជួន ណាត ពន្យល់ថា ជយវរ្ម័ន គឺអាវក្រោះមានជ័យ; អ្នកពាក់ក្រោះមានជ័យ។ ព្រះបរមនាម ឬគោរមនៃព្រះបរមនាមរបស់ព្រះមហាក្សត្រិយ៍ក្នុងកម្ពុជរដ្ឋសម័យមហានគរ (សម័យនគរធំ) ដូចជា ព្រះបាទជយវរ្ម័នទី៧។

ទោះជាយ៉ាងនេះក្តី អ្នកប្រាជ្ញខ្មែរ ចង់ឲ្យពាក្យ «វម៌្ម» មិនមែន «វរ្ម័ន» ដូចការសន្មតរបស់អ្នកប្រាជ្ញជនជាតិបារាំងនោះឡើយ។ បើតាមស្នាដៃមួយរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផ្សាយឆ្នាំ២០២០ ក្រោមចំណងជើងថា «អក្សរសិល្ប៍ និង​ភាសាខ្មែរ​សម័យ​មុន​អង្គរ និង​សម័យ​អង្គរ តាម​រយៈ​សិលាចារឹក» បានប្រើប្រាស់ពាក្យ «វម៌្ម» ពោលមិនប្រើពាក្យ «វរ្ម័ន» នោះដែរ៕