(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមបញ្ជ្រាបចំណេះដឹងស្ដីពី «ការបញ្ជ្រាបការយល់ដឹងស្តីពី នីតិវិធីថ្មីសម្រាប់ការចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង» ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង-ស្ថាប័នទាំង៥ ដើម្បីត្រៀមចូលរួមអនុវត្តនីតិវិធីថ្មី នៅចុងត្រីមាសទី១ ឆ្នាំ២០២៣ខាងនេះ។

កម្មវិធីនេះឡើងក្រោមការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ព្រមទាំងមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង, អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ នៅថ្នាក់កណ្តាលនៃក្រសួងចំនួន៥។

ក្រសួងចំនួន៥ រួមមាន៖ ១៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ២៖ អាជ្ញាធរសវនកម្មជាតិ, ៣៖ ក្រសួងធម្មការ និងសាសនា៖ ៤៖ ក្រសួងរ៉ែ និងថាមពល ៥៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍។

លោកបណ្ឌិតសភាចារ្យ បានថ្លែងថា ស្ថិតក្នុងយុគបដិវត្តឧស្សាហកម្ម ៤.០ ប្រទេសជាច្រើន ក្នុងសកលលោក ចាប់ផ្តើមអភិវឌ្ឍបច្ចេកវិទ្យាកាន់តែទំនើប ជឿនលឿន និងចាប់យកបច្ចេកវិទ្យាព័ត៌មានឌីជីថល ជាអាទិភាព សម្រាប់ជួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខ្លួន ហើយកំពុងពង្រីកសក្តានុពល នៃបច្ចេកវិទ្យានេះ ឱ្យកាន់តែមានប្រយោជន៍ កើនឡើងជាលំដាប់ ដើម្បីបម្រើដល់គ្រប់វិស័យ ទាំងវិស័យឯកជន និងវិស័យសាធារណៈ។

លោកបណ្ឌិតសភាចារ្យបានបន្ថែមថា ជាមួយគ្នានេះវត្តមាននៃប្រព័ន្ធ FMIS ក្នុងកម្មវីធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញឱ្យមានការកែប្រែរបៀបធ្វើការងារ ទាំងការគ្រប់គ្រង និងកត់ត្រាព័ត៌មានហិរញ្ញវត្ថុដោយដៃ មកជាការគ្រប់គ្រង និងកត់ត្រាដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ ដោយប្រព័ន្ធបានជួយដោះស្រាយនូវភាពស្មុគស្មាញមួយចំនួន នៃការអនុវត្តនីតិវិធីអនុវត្តការងារ និងការគ្រប់គ្រងទិន្នន័យដែលមានភាពច្បាស់លាស់ និងចំណេញពេលវេលាច្រើន។

បណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចាប់ផ្ដើមអនុវត្តមុនគេ ជាគំរូចាប់តាំងពីឆ្នាំ២០២០មកម្ល៉េះ ទៅលើការចំណាយបៀវត្ស, ចំណាយបន្ទុកបុគ្គលិកផ្សេងៗ មានគោលរបបកំណត់ច្បាស់លាស់ និងចំណាយទូទាត់ត្រង់ដូចជា ទឹក, ភ្លើង, សោហ៊ុយប្រៃសណីយ៍ និងទូរគមនាគមន៍ជាដើម និងបន្ទាប់មកក៏មានការចូលរួមអនុវត្ត ជាបន្តបន្ទាប់ពីក្រសួង-ស្ថាប័នស្ទើរតែទាំងអស់ នៅថ្នាក់ជាតិ សរុបមានចំនួន៣៤ក្រសួង-ស្ថាប័ន ក្នុងនោះរួមមាន ក្រសួង-ស្ថាប័នទាំង ៥ ដែលកំពុងចូលរួមកម្មវិធីនាថ្ងៃនេះផងដែរ។

លើសពីនេះ នីតិវិធីថ្មីសម្រាប់ការចំណាយថវិកាចរន្តគ្រប់មុខសញ្ញា ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា ការដកពិសោធន៍ការអនុវត្តនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថានកន្លងមក បានក្លាយជាមាគ៌ាតម្រង់ទិស និងជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការបន្តបោះជំហានទៅមុខជាបន្តបន្ទាប់ ក្នុងការពង្រីកការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង ទៅកាន់ក្រសួង-ស្ថាប័ន និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិបន្ថែមដូចបាននិងកំពុងរៀបចំក្នុងកម្មវិធីថ្ងៃនេះ និងជាមូលដ្ឋានសម្រាប់ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលនូវមតិស្ថាបនាក្នុងការបន្តអភិវឌ្ឍ និងកែលម្អសមត្ថភាព មុខងាររបស់ប្រព័ន្ធ ឧបករណ៍ផ្ដល់ព័ត៌មាន និងរបាយការណ៍ សម្រាប់ការវិភាគ វាយតម្លៃ និងតាមដានការគ្រប់គ្រង ព្រមទាំងអនុវត្តថវិកា ឱ្យកាន់តែល្អប្រសើរ សម្បូរបែប ឆ្លើយតបបានទៅតាមតម្រូវការ នៃការផ្ដល់សេវាសាធារណៈ ជូនក្រសួង-ស្ថាប័ន និង អង្គភាពដែលជាការដ្ឋានរបស់ប្រព័ន្ធ FMIS ។

គួរជម្រាបថា តាមផែនការដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងបន្តពង្រីកការអនុវត្តនីតិវិធីថ្មីៗ មួយចំនួនបន្ថែមទៀតរួមមាន៖
១៖ នីតិវិធីថ្មីសម្រាប់គ្រប់មុខសញ្ញាចំណាយថវិកាចរន្ត ដែលមិនមានធានាចំណាយដោយឡែកនៅក្រសួងចំនួន៨។
២៖ នីតិវិធីថ្មីសម្រាប់ការអនុវត្តកិច្ចលទ្ធកម្ម។
៣៖ នីតិវិធីថ្មីសម្រាប់ចលនាឥណទានថវិកាចរន្ត។
៤៖ នីតិវិធីថ្មីសម្រាប់ចំណូលថវិកានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
៥៖ ក្រសួងបរិស្ថាន ព្រមទាំងបន្តដល់ក្រសួង-ស្ថាប័នចំនួន៥ ដែលកំពុងចូលរួមកម្មវិធីនាថ្ងៃនេះផងដែរ៕