(ភ្នំពេញ)៖ ដូចដែលបានសន្យារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីពេលកន្លងទៅនេះថា នឹងគោរពស្នើសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្ដល់នូវប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើសំណង់អគារបុរីកីឡា ស្ថិតក្នុងខណ្ឌ៧មករា។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមការងារ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធជាច្រើនទៀត បានចុះទៅស្រង់បញ្ជីឈ្មោះប្រជាពលរដ្ឋ ដែលស្នាក់នៅលើសំណង់អគារបុរីកីឡាទាំងនោះ ដើម្បីប្រមូលទិន្នន័យសម្រាប់រៀបចំប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋទាំងនោះនៅក្នុងពេលខាងមុខ។

បើតាមមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី បានឲ្យដឹងថា យុទ្ធនាការស្រង់បញ្ជីឈ្មោះនេះ និងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺថ្ងៃទី០១-០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដើម្បីបញ្ចប់ការស្រង់ទិន្នន័យ និងប្រមូលទិន្នន័យទាំងនេះ បញ្ជូនទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំក្រដាសប័ណ្ណសម្រាប់ផ្ដល់ជូនបងប្អូននៅពេលដ៏ខ្លីខាងមុខនេះ។

ក្នុងឱកាសនៃយុទ្ធនាការថ្ងៃដំបូងនេះ គេមើលឃើញថាប្រជាពលរដ្ឋដែលកំពុងតែស្នាក់នៅក្នុងអគារបុរីកីឡាទាំងមូល បាននាំគ្នាចេញមកចុះបញ្ជីការនៅតាមបណ្ដាអគារនីមួយៗ ដោយក្តីសោមនស្សរីករាយក្រៃលែង។

អ្នកស្រី ជា សូរិយា ដែលកំពុងរស់នៅជាន់ទី៦ បានបង្ហាញក្តីរីករាយថា លោកស្រីពិតជាមិននឹកស្មានដល់ថា ថ្ងៃនេះមានភ័ព្វសំណាងទទួលបានបានកម្មសិទ្ធិ ដូចប្រជាពលរដ្ឋទូទៅនោះទេ អ្វីដែលធ្វើឲ្យលោកស្រីរីករាយបំផុត គឺសម្ដេចប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញគិតគូរដល់សុខទុក្ខនិងផ្ដល់ភាពកក់ក្តៅ ដល់អ្នករស់នៅសំណង់បុរីកីឡាទាំងអស់។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលរស់នៅក្នុងសំណង់អគារបុរីកីឡា «សូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ផ្ដល់ជូននូវបានកម្មសិទ្ធិដល់យើងខ្ញុំទាំងអស់គ្នា នាពេលខាងមុខនេះ»

ចំណែកលោក ហយ ហ៊ុន និងលោកស្រី លុក លន់ចាន់ថាវរី បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាការសម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរជាពិសេសសម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក៏ដូចជាប្រជាពលរដ្ឋដែលងាយរងគ្រោះ ហើយថ្ងៃនេះរូបលោកនិងប្រជាពលរដ្ឋ ដែលរស់នៅទីនេះទាំងអស់បានមកធ្វើប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួន សម្រាប់គ្រប់គ្រងលើផ្ទះសម្បែងដោយភាពកក់ក្តៅបំផុត និងមានឱកាស បានយកប្លង់ផ្ទះទាំងនោះទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃ។

គួរបញ្ជាក់ថា តំបន់បុរីកីឡាមានអគារ ចំនួន៨ ស្មើ១,៣៩២យូនីត ដែលមានប្រជាពលរដ្ឋ សរុបចំនួន១,៣៩២គ្រួសារ កំពុងរស់នៅដែលមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិលំនៅដ្ឋាន (ប្លង់រឹង) នៅឡើយ តែពេលនេះរាជរដ្ឋាភិបាលកំពុងចុះវាស់វែងប្រមូលទិន្នន័យជាក់ស្ដែង ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ ជូនប្រជាពលរដ្ឋ ដែលអាចយកទៅប្រើប្រាស់បានតាមតម្រូវការជាក់ស្តែងរៀងៗខ្លួន៕