(សេអ៊ូល, កូរ៉េខាងត្បូង)៖ កុមារាខ្មែរមួយរូបដែលមានបញ្ហាបេះដូងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យកូរ៉េខាងត្បូង ជួយព្យាបាលឱ្យមានសុខភាពល្អប្រសើរ ឡើងវិញហើយ។ បន្ទាប់ពីព្យាបាលទទួលជោគជ័យ និងមានសុខភាពល្អ ប្រសើរហើយនោះ កុមារារូបនេះ ត្រូវបានអនុញ្ញាតឱ្យចូលជួបជាមួយប្រធានា ធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងភរិយារបស់គាត់ គឺលោកស្រី Kim Keon Hee មុននឹងរូបគេត្រឡប់មកកម្ពុជាវិញ។

កុមារាខ្មែរ ដែលមានឈ្មោះថា រដ្ឋា បានជួបបញ្ហាបេះដូងធ្ងន់ធ្ងរ។ រូបគេ បានជួបលោកស្រី Kim Keon Hee ភរិយាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលលោកស្រី អមដំណើរស្វាមីចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

ដោយក្តីអាណិតអាសូរកុមារា រដ្ឋា ដែលមានបញ្ហាបេះដូងនោះ លោកស្រី ក៏បាននាំយក រដ្ឋា ទៅព្យាបាលនៅប្រទេសកូរ៉េខាងត្បូង។ ក្រោមការយកចិត្តទុកដាក់លើការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យសេអ៊ូលអាសាន សុខភាពរបស់រដ្ឋា ក៏មានភាពល្អប្រសើរឡើងវិញ។

រដ្ឋា ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ និងត្រឡប់មកកម្ពុជាវិញផងដែរ។ មុនចាកចេញពីកូរ៉េខាងត្បូងត្រឡប់មកកម្ពុជាវិញ រដ្ឋា និងគ្រួសារ ត្រូវបានអនុញ្ញាតឱ្យចូលជួបលោកប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ។

លោកប្រធានាធិបតីកូរ៉េខាងត្បូង បានអរគុណដល់អ្នកគ្រប់គ្នាដែលបានជួយ រដ្ឋា។

ដោយឡែកលោកស្រី Kim Keon Hee បានអរគុណក្រុមហ៊ុនអាកាសចរណ៍កូរ៉េ ដែលបាននាំ រដ្ឋា មកប្រទេសកូរ៉េប្រកបដោយសុវត្ថិភាព។

លោកស្រី ក៏បានថ្លែងអំណរគុណបុគ្គលិកពេទ្យនៃមន្ទីរពេទ្យ Seoul Asan ដែលបានវះកាត់ជំងឺបេះដូងដ៏លំបាករបស់ រដ្ឋា រហូតបានជោគជ័យ។
លោកស្រី Kim Kun-hee បាននិយាយថា លទ្ធផលនេះ បានកើតឡើងចាប់តាំងពីលោកស្រីបានជួប រដ្ឋា នៅកម្ពុជាក្នុងខែវិច្ឆិកា។ លោកស្រី ចាត់ទុករឿងនេះ ដូចជាអព្ភូតហេតុមួយ។

ក្នុងជំនួបនោះ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានផ្តល់បាល់មួយជូនទៅកុមារា រដ្ឋា ផងដែរ។ លោកប្រធានាធិបតី ណែនាំ រដ្ឋា លេងកីឡា ហាត់ប្រាណ ដើម្បីមានសុខភាពល្អ។

ជាមួយនឹងគុណបំណាច់ជួយស្រោចស្រង់ជីវិតពីជំងឺប្រចាំកាយនេះ កុមារា រដ្ឋា បានសរសេរលិខិតថ្លែងអំណរគុណ នៅលើកាតប៉ុស្តិ៍ស្តាល់ តុបតែងដោយផ្កា រំលេចដោយពាក្យពេចន៍អរគុណ ជូនប្រធានាធិបតី និងភរិយារបស់គាត់៕