(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា រយៈពេល២ខែ ពោលចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះ បានចំនួន ៣១,៨៦៩នាក់។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានគូសបញ្ជាក់ថា៖ «ដោយអនុវត្តន៍តាមបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលជាតិភ្នំពេញ កម្លាំងជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សហការជាមួយនឹងអធិការនគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីចុះធ្វើអត្តឃាតរបស់ជូនបងប្អូនប្រជាពលរដ្ឋដល់តាមបណ្ដាភូមិ និងតាមខ្នងផ្ទះប្រជាពលរដ្ឋយើងគិតរហូតដល់ថ្ងៃទី៣១ ខែមករានេះ គឺរយៈពេល ២ខែពេញ ហើយយុទ្ធនាការនេះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ក៏ដូចជាដូរចាស់ ឬក៏ហួសសុពលភាពសរុបទៅគឺយើងធ្វើបានចំនួន ៣១,៨៦៩នាក់»។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបន្តថា បងប្អូនប្រជាពលរដ្ឋនៅតាមភូមិ សង្កាត់ទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានបង្ហាញនូវអារម្មណ៍កក់ក្តៅ សប្បាយចិត្តយ៉ាងខ្លាំង និងសូមគោរពថ្លែងអំណរគុណ ព្រមទាំងកោតសរសើរដល់ឧត្ដមសេនីយ៍ឯក ស ថេត ដែលមានគំនិតផ្តួចផ្តើម និងជំរុញឱ្យកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលភ្នំពេញ បានសហការគ្នាចុះធ្វើជូនគាត់ដល់ខ្នងផ្ទះឱ្យពួកគាត់ចំណេញទាំងពេលវេលា និងថវិកា។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានបន្ថែមថា អ្វីដែលសំខាន់លើសពីនោះទៀត គឺបងប្អូនប្រជាពលរដ្ឋ អាចទៅធ្វើនៅពេលយប់ ដែលមិនពាក់ព័ន្ធនឹងម៉ោងការងាររបស់ពួកគាត់ ដែលមានទីតាំងខ្លះ ធ្វើរហូតដល់ម៉ោង១០យប់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបាននូវភាពងាយស្រួល។

យុទ្ធនាការនេះ ដើម្បីផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរមកធ្វើអត្តសញ្ញាណប័ណ្ណមកដល់ប៉ុស្តិ៍នគរបាលសង្កាត់។ តាមរយៈយុទ្ធនាការនេះ មន្ត្រីនគរបាលបានចុះ ទៅតាមខ្នងផ្ទះប្រជាពលរដ្ឋ សម្រាប់ឱ្យប្រជាពលរដ្ឋដែលមានបញ្ហាអត្តសញ្ញាណប័ណ្ណដូចជា៖ ដែលត្រូវគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ, អត្តសញ្ញាណប័ណ្ណខូច។

ហើយនេះជាយុទ្ធនាការមួយគួរឱ្យកោតសសើរ ដែលមន្ត្រីនគរបាលបានចុះអនុវត្តន៍បែបនេះ គឺជាការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាក់ស្តែងដោយមិនរំខាន ឬចាំបាច់ឱ្យពួកគាត់ធ្វើដំណើរ ឬពិបាកស្វែងរកសេវាសាធារណៈពីមន្ត្រីនគរបាល ឬអាជ្ញាធរនោះទេ៕