(ភ្នំពេញ)៖ សិស្សានុសិស្សកម្ពុជា ១៥រូបទៀតហើយ ក្នុងចំណោម ២៥រូប បានទទួលជោគជ័យលើការប្រកួតយ៉ាងស្វិតស្វាញក្នុងកម្មវិធីប្រឡងប្រជែង COPERNICUS OLYMPIAD COMPETITION នៅលើទឹកដីអាមេរិក ដោយទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធ។

ការប្រកួតនេះធ្វើឡើងលើវិញ្ញាសារ Natural Science & Physic Astronomy វគ្គ GLOBAL ROUND ជាមួយប្រទេស ១៨ជុំវិញពិភពលោកចូលរួម កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្នុងសកលវិទ្យាល័យ RICE UNIVERSITY នាទឹកដីសហរដ្ឋអាមេរិច នឹងបានប្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ជាមួយនឹងមោទកភាពក្រៃលែងជូនជាតិមាតុភូមិ។

COPERNICUS OLYMPIAD COMPETITION គឺជាកម្មវិធីប្រជែងដ៏ធំមួយដែលបានបង្កើតឡើងដោយផ្តល់ឱកាសឱ្យសិស្សានុសិស្សជុំវិញពិភពលោកចូលរួមប្រកួតប្រជែងលើមុខវិជ្ជាជាច្រើន ដូចជា៖ Mathematics Natural Science Physics and Astronomy Cyber Security Film Festival។ នេះជាលើកទី៣ ដែលក្រុមការងារ BRIGHT បានដឹកនាំសិស្សានុសិស្សកម្ពុជាចូលរួមកម្មវិធីនេះ លើមុខវិជ្ជា Natural Science and Physics Astronomy ក្រោយពីទទួលបានជោគជ័យលើការដឹកនាំសិស្សានុសិស្សកម្ពុជាចូលរួមការប្រឡងលើមុខវិជ្ជា Mathematics កន្លងមក។

ក្រុមហ៊ុន Bright Education Consultant and Travel ត្រូវបានរៀបចំការប្រឡង Copernicus Olympiad លើមុខវិជ្ជា Natural Science and Physics Astronomy វគ្គ Elimination Round កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ដែលមានសិស្សានុសិស្សចូលរួមចំនួន ២២៥នាក់ មកពីសាលាចំនួន ៣៥សាលា ទាំងរដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ក្នុងចំណោមសិស្សដែលបានប្រកួតប្រជែងនេះ មានសិស្ស ២៣រូប ត្រូវបានជ្រើសរើសទៅប្រកួតបន្តនៅសហរដ្ឋអាមេរិក។

លើកឡើងនាឱកាសនាំយកមកនូវភាពជោគជ័យ ដែលបានទទួលមេដាយសំរឹទ្ធ ជូនមាតាបិតា ក៏ដូចជាជូនជាតិមាតុភូមិ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ យុវតី វណ្ណៈ កុសុម៉ា បានបង្ហាញអារម្មណ៍ សប្បាយរីករាយ និងអបអរចំពោះខ្លួនឯង ដែលទទួលបានជោគជ័យមួួយនេះទៅលើការប្រកួតប្រជែងដ៏សំខាន់មួយនេះ។ យុវតីរូបនេះ បានបញ្ជាក់ថា ការប្រឡងមួយនេះ គឺមានភាពពិបាក ដែលទាមទារឱ្យមានការខិតខំ ទើបអាចទទួលបានជោគជ័យផងដែរ។

ជាមួយគ្នានោះឪពុករបស់យុវតី វណ្ណៈ កុសុម៉ា លោក លី វណ្ណៈ បានបញ្ជាក់ដែរថា លោកពិតជាមានសេចក្តីរីករាយជាខ្លាំង ក្រោយឃើញកូនមានភាពខ្លាហាន ក្នុងការចេញទៅធ្វើការប្រកួតសមត្ថភាពនៅក្រៅប្រទេស ហើយទោះបីកូនមិនទាន់ទទួលបានលទ្ធផលល្អខ្លាំងក៏ដោយ តែក៏បានទទួលមេដាយមួយ ដែលជាមោទនភាពមួយសម្រាប់គ្រួសារ និងប្រទេសជាតិ។

លោក លី វណ្ណៈ ក៏បានគូសបញ្ជាក់ដែរថា ក្រោយមានកូនខ្មែរបានចេញទៅធ្វើការប្រកួតសមត្ថភាពនៅក្រៅប្រទេស និងអាចទទួលបានភាពជោគជ័យ ជាបន្តបន្ទាប់នេះ គឺបានបង្ហាញយ៉ាងច្បាស់ថា វិស័យអប់រំ នៅកម្ពុជា គឺពិតជាបានឈានដល់កម្រិតល្អមួយ ដែលអាចឱ្យកូនខ្មែរ អាចទៅធ្វើការប្រកួតប្រជែងជាមួយបណ្តាប្រទេសនានាលើសកលលោកបាន។ កូនខ្មែរគឺពិតជាមានសមត្ថភាព និងភាពក្លាហាន ក្នុងការចេញទៅធ្វើការប្រកួតនៅក្រៅប្រទេស។

លោកក៏បានថ្លែងអរគុណចំពោះប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាក្រសួងអប់រំ ដែលតែតែបានធ្វើសកម្មភាពយ៉ាងផុសផុល ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអប់រំកាន់តែរីកចម្រើនទៅមុខថែមទៀត។

លោក គង់ សាលីមីន អ្នកសម្របសម្រួលរបស់ក្រុមហ៊ុន Bright Education Consultant and Travel.Co,Ltd សម្រាប់ការនាំសិស្សចេញទៅប្រកួតនៅក្រៅប្រទេស បានឱ្យដឹងដែរថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយមក ក្រុមហ៊ុនបានសម្របសម្រួលឱ្យមានការប្រកួតកម្រិតអន្តរជាតិ Copernicus Olympiad ឡើងវិញ។ នេះជាលើកទី៥ហើយ ដែលក្រុមហ៊ុន បាននាំសិស្សទៅប្រកួតនៅក្រៅប្រទេស ដែលសិស្សសរុបប្រមាណ ២០០នាក់ហើយ ទាំងសាលារដ្ឋ និងឯកជន បានចេញទៅប្រកួតប្រជែង និងដណ្តើមបានមេដាយជាច្រើនផងដែរ។

លោក គង់ សាលីមីន បានបញ្ជាក់ដែរថា សិស្សានុសិស្សពូកែរបស់កម្ពុជា ដែលបានចេញទៅប្រកួតលើកនេះមានចំនួន ២៥នាក់ និងអាណាព្យាបាលជូនដំណើរចំនួន ២៣នាក់ ហើយកូនសិស្សដែលបានបានចេញទៅចូលរួមការប្រកួតប្រជែង COPERNICUS OLYMPIAD COMPETITION លើវិញ្ញាសារ Natural Science & Physic Astronomy វគ្គផ្តាច់ព្រ័ត្រ នៅលើទឹកដីអាមេរិក បានទទួលមេដាយមាស ៣នាក់ មេដាយប្រាក់ ៣នាក់ និងមេដាយសំរិទ្ធ ៩នាក់។ ក្នុងនោះ មានកូនសិស្សកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ៣ ចំនួន ៣នាក់ ដែលបានទទួលទាំងមេដាយ និងរង្វាន់លើកទឹកចិត្ត និងជាប់ចំណាត់ថ្នាក់លេខ២ ចំនួន ២នាក់ផងដែរ។

លោក គង់ សាលីមីន ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីឃើញសិស្សានុសិស្ស កម្ពុជាទទួលបានមេដាយជាច្រើនដូចនេះ ហើយតាមរយៈសមទ្ធិផលទាំងនេះ បានបង្ហាញឱ្យឃើញថា សិស្សានុសិស្សកម្ពុជា ពិតជាមានសមត្ថភាពពេញលេញ ព្រមទាំងទទួលបានឪកាសប្រកួតប្រជែងសមត្ថភាពលំដាប់ពិភពលោក។ ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សពិត ជាធ្វើឲ្យមាតាបិតា លោកគ្រូ អ្នកគ្រូ មានមោទនភាពជាខ្លាំង ហើយសមិទ្ធផលដែលទទួលបានលើកនេះ អាចជាកម្លាំងចិត្តដ៏សំខាន់សម្រាប់សិស្សានុសិស្សកាន់តែប្រឹងប្រែង និងស្វាហាប់បន្ថែមទៀត។

សម្រាប់ព័ត៏មានការប្រឡងរបស់ក្រុមហ៊ុន​ ​Bright eudcation consultant and travel សូមចូលទៅកាន់​Telegram channel និង​​Facebook page ៖​ https://t.me/brightcambodia​ ,​ https://www.facebook.com/BrightCambodiaECT.