(ភ្នំពេញ)៖ រដ្ឋបាលខេត្តក្រចេះ បានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ជាបន្ដបន្ទាប់ ដើម្បីធ្វើការយ៉ាងណាការពារសត្វផ្សោត ក្នុងមូលដ្ឋានរបស់ខ្លួនកុំឲ្យបាត់បង់បន្ដទៀត ដោយសារកត្តាមនុស្ស។ គ្រាដែលបច្ចុប្បន្ន​នៅក្នុងខេត្តក្រចេះ មានជាង៥០ក្បាល និងខេត្តស្ទឹងត្រែង មានជាង៣០ក្បាល។

វិធានការនានាដែលបានដាក់ចេញដោយរដ្ឋបាលខេត្តនោះ ត្រូវបានលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ ក្នុងសន្និសីទសារព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តក្រចេះ»។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

បើតាមលោក ទ្រី សុភក្ដិ, ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានោះ រដ្ឋបាលខេត្តបានដាក់ចេញវិធានការដូចជា បង្កើនឆ្មាំការពារ រហូតដល់៤៤នាក់ ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង, ប៉ុស្ដិ៍ត្រួតពិនិត្យចំនួន១១ នៅលើទន្លេមេគង្គ ដែលមានប្រវែងជាង៨០គីឡូម៉ែត្រក្នុងមូលដ្ឋានខេត្តក្រចេះ និង​បំពាក់ម៉ាស៉ីនទូកដែលមានល្បឿនលឿនជាដើម។

លោកបន្ដថា តំបន់ប្រឈមដែលធ្វើឲ្យផ្សោតងាប់ គឺនៅកាំពីរ ដូច្នេះមន្ដ្រីបានប្រមូលផ្ដុំគ្នាទៅកាន់ទីនោះដើម្បីទប់ស្កាត់ ហើយកន្លងមកអាជ្ញាធរបានចុះស្រាយមង ដែលមានប្រវែងរហូតដល់រាប់ម៉ឺនម៉ែត្រ។ លោកបន្ថែមទៀតថា ថ្មីៗនេះ រដ្ឋមន្ដ្រីក្រសួងកសិកម្ម ក៏បានចុះទៅពង្រឹងគុណភាពឆ្មាំបន្ដទៀត សំដៅឲ្យការងារបង្ការ និងទប់ស្កាត់កុំឲ្យងាប់ផ្សោតនេះកាន់តែមានប្រសិទ្ធភាព។

លោក ទ្រី សុភក្ដិ បានអះអាងទៀតថា លោកក៏បានណែនាំឲ្យរដ្ឋបាលជលផល ចុះពិនិត្យការសាងសង់ផ្ទះទឹក និងចិញ្ចឹមត្រី នៅតំបន់អភិរក្សផ្សោត និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ព្រមទាំងរកឃើញអ្នកនេសាទខុសច្បាប់ជាច្រើនទៀតផងដែរ។ លោកគូសបញ្ជាក់ថា ការងារទប់ស្កាត់ និងបង្ការកុំឲ្យសត្វផ្សោតងាប់នេះ នឹងបន្ដធ្វើយ៉ាងសស្រាក់សស្រាំបន្ដទៀត។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បាន​​ណែនាំជាពិសេសដល់អភិបាល​ខេត្ត​ក្រចេះ និងស្ទឹងត្រែង ឲ្យបង្កើនការយក​ចិត្តទុក​ដាក់អភិរក្ស​សត្វផ្សោត ដោយមិនត្រូវពឹងផ្អែកតែលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះឡើយ និងបានណែនាំឲ្យបង្កើតតំបន់ស្នូលអចិន្ត្រៃយ៍ដើម្បីអភិរក្សសត្វផ្សោត។

ការណែនាំបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន គឺបន្ទាប់មានរបាយការណ៍ពីករណីសត្វផ្សោតដែលជាប្រភេទសត្វជិតផុតពូជ​ បានងាប់ជាបន្ទាប់ ដោយសារតែជាប់មង សន្ទូច និងបទល្មើសសនេសាទខុសច្បាប់មួយចំនួន នៅតំបន់សត្វផ្សោតទន្លេមេគង្គរស់នៅ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅអភិបាលខេត្តទាំងពីរ ឲ្យរៀបចំកំណត់តំបន់ស្នូលអចិន្ត្ត្រៃយ៍ ដើម្បីការអភិរក្ស ដោយហាមឃាត់​ការនេសាទ ការ​ដាក់​មង​ និង​ការរំខានផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យតំបន់សត្វផ្សោតរស់នៅមានសុវត្ថិភាពបាន​១០០ភាគរយ រួមទាំងការកំណត់​តំបន់ស្នូល​ផ្សេងទៀត ទៅ​តាម​ស្ថានភាពទឹក​ឡើង​ និងទឹកចុះជាដើម។

អង្គការមូលនិធិធម្មជាតិសកល ហៅកាត់ថា WWF ធ្លាប់បានប្រកាសអាសន្នអំពីការងាប់ជាបន្តបន្ទាប់ នៃសត្វផ្សោតទន្លេមេគង្គ នៅកម្ពុជា ខណៈនៅឆ្នាំ២០២២នេះ មានសត្វផ្សោតងាប់កើនឡើងរហូតដល់ទៅ១១ក្បាលទៅហើយ។ រីឯសត្វផ្សោតដែលបានងាប់ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ក្បាល។

មន្ដ្រីជំនាញបានអះអាងថា សត្វផ្សោតអាចរស់បានត្រឹមអាយុ៣០ឆ្នាំប៉ុណ្ណោះ ហើយការបង្កើតកូនវិញ គឺធ្វើឡើងរយៈពេល២ឆ្នាំម្ដង។ សម្រាប់ខេត្ដក្រចេះ ក្នុងករណីបាត់បង់សត្វផ្សោត ច្បាស់ណាស់ទេសចរណ៍ក៏មានការធ្លាក់ចុះផងដែរ៕