(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមហ្វាំងឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដាក់ឱ្យដំណើរជាផ្លូវការនូវកម្មវិធី លើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ដែលប្រព្រឹត្ដទៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោកស្រី Sari Autio មន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ស្តីពីកម្មវិធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍។

កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ឧបត្ថម្ថថវិកាដោយ DG-ECHO តាមរយៈកាកបាទក្រហមហ្វាំងឡង់ មានរយៈពេល៣ឆ្នាំ ចាប់ពីខែមេសា ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៥ លើខេត្ដគោលដៅចំនួន៤ រួមមានខេត្ដកណ្ដាល ត្បូងឃ្មុំ បន្ទាយមានជ័យ និងបៃលិន ដែលបានអនុវត្ដបណ្ដើរៗកាលពីឆ្នាំ២០២២ បន្ទាប់ពីទទួលបានឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កំលុងខែមេសា ឆ្នាំ២០២២។

កម្មវិធីខាងលើនេះ ក្នុងគោលបំណងត្រៀមបង្ការ និងការឆ្លើយតបនៃជំងឺរាតត្បាតផ្សេងៗក្នុងសហគមន៍, គ្រប់គ្រងហានិភ័យ នៃគ្រោះមហន្ដរាយ ការប្រែប្រួលអាកាសធាតុ, លើកកម្ពស់ការអភិវឌ្ឍស្ថា័ន, និងការលើកកម្ពស់ការចូលរួម និងគណនេយ្យភាពក្នុងសហគមន៍។

កាកបាទក្រហមហ្វាំងឡង់ ក៏ធ្លាប់បានជួយគំាទ្រកាកបាទក្រហមកម្ពុជា តាមរយៈសហព័ន្ធអន្ដរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) និងដោយកិច្ចសហការផ្ទាល់ចាប់ពីឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០២០ ហើយកិច្ចសហប្រតិបត្តិការនេះបានផ្អាកមួយរយៈខ្លី ដោយសារផលវិបាកនៃបញ្ហាថវិកានិងហានិភ័យនៃការរាតត្បាតសកលនៃជំងឺកូវីដ១៩។ កំឡុងកិច្ចសហប្រតិបត្ដិការផ្ទាល់ជាមួយជាដៃគូនោះ លើវិស័យសុខភាពសហគមន៍ និងកាត់បន្ថយគ្រោះមហន្ដរាយ។

ថ្លែងក្នុងឱកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីខាងលើនេះ លោកស្រី Sari Autio បានឱ្យដឹងថា ត្បិតតែនៅឆ្នាំ២០១៩ កិច្ចសហប្រតិបត្ដិការរវាងកាកបាទក្រហមហ្វាំងឡង់ និងកាកបាទក្រហមកម្ពុជា បានស្ងាត់មួយរយៈពេលខ្លី។

«ប៉ុន្ដែកាកបាទក្រហមហ្វាំឡង់ បានស្វែងរកឱកាសបន្ដភាពជាដៃគូ ក៏ដូចជាកិច្ចសហប្រតិបត្ដិការបន្ដទៀត ជាមួយកាកបាទក្រហមកម្ពុជា ដោយសារវិស័យអាទិភាពរបស់កាកបាទក្រហមហ្វាំងឡង់ ក៏ដូចជាកាកបាទក្រហមកម្ពុជាមានលក្ខណៈដូចគ្នា ដូច្នេះយើងអាចបន្ដកិច្ចសហប្រតិបត្ដិការជាថ្មីដែលបានចាប់ផ្ដើមនៅឆ្នាំ២០២២នេះ។ ការបន្ដកិច្ចសហប្រតិបត្ដិការថ្មីនេះ វាជាចំណុចមួយកាន់តែងាយស្រួលបន្ថែមទៀត ព្រោះថាកាកបាទក្រហមកម្ពុជា ជាដៃគូយូរអង្វែង មានបទពិសោធន៍ក្នុងការអនុវត្ដ កម្មវិធីនេះប្រកបដោយជោគជ័យ និងអាចជឿទុកចិត្ដបាន»។ នេះតាមការគូសបញ្ជាក់បន្ថែម របស់លោកស្រី Sari Autio ។

សម្រាប់កិច្ចសហការបន្ដថ្មីនេះ កាកបាទក្រហមហ្វាំងឡង់ បានឧបត្ថម្ភដល់ទីស្នាក់ការកណ្តាល នូវកុំព្យូទ័រយួរដៃ៤គ្រឿង ម៉ាស៊ីនព្រីនធើ ស្កេន កូពី១គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ១គ្រឿង កៅអីការិយាល័យ៤គ្រឿង ទូឯកសារបីជាន់៣គ្រឿង។

សម្រាប់សាខាគោលដៅទាំង៤៖

១៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលបានម៉ូតូ៥គ្រឿង កុំព្យូទ័រយួរដៃ៥គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធើ៣គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង ទូឯកសារមានទ្វារ៤គ្រឿង។

២៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ទទួលបានម៉ូតូ៥គ្រឿង កុំព្យូទ័រយួរដៃ៥គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធើ៣គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង ទូឯកសារមានទ្វារ៤គ្រឿង។

៣៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ទទួលបានម៉ូតូ៤គ្រឿង កុំព្យូទ័រយួរដៃ៤គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធើ២គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង ទូឯកសារមានទ្វារ៣គ្រឿង

៤៖ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ទទួលបានម៉ូតូ៤គ្រឿង កុំព្យូទ័រយួរដៃ៤គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធើ២គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង និងទូឯកសារមានទ្វារ៣គ្រឿង។

ក្នុងឱកាសនោះផងដែរ លោកស្រី ពុំ ចន្ទីនី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកាកបាទក្រហមហ្វាំងឡង់ តែងតែឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ១៩៩០ ពិសេសការបន្ដកិច្ចសហប្រតិបត្ដិការជាថ្មីនេះ។

ខណៈនោះលោកស្រី ពុំ ចន្ទីនី ក៏បានធ្វើពិធីប្រគល់-ទទួល ម៉ូតូ និងសម្ភារៈឧបករណ៍ ការិយាល័យ សម្រាប់កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ដល់សាខាខេត្ដគោលដៅទាំង៤ផងដែរ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ អនុប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្ដត្បូងឃ្មុំ ដែលជាសាខាមួយ ក្នុងសាខាគោលដៅទាំង៤ ក្នុងការអនុវត្ដនូវគម្រោងខាងលើបានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ក្រុមការងារបានចាប់ផ្ដើមអនុវត្ដគិតគូរកាលពីដើមឆ្នាំ២០២២ ហើយនៅដើមឆ្នាំ២០២៣នេះ យើងបានចាប់ផ្ដើមជ្រើសរើសទីតាំងភូមិ ដើម្បីអនុវត្ដ​ផ្ទាល់ បន្ទាប់ពីបានបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ដភូមិ និងគ្រូបង្គោល ហើយអ្វីដែលយើងតៀមបង្ការឆ្លើយតបទៅនឹងជំងឺឆ្លងនៅក្នុងសហគមន៍ គឺការអប់រំសុខភាព និងឆ្លើយតបនឹងគ្រោះមហន្ដរាយផ្សេងៗ។

លោកវេជ្ជបណ្ឌិតបានថ្លែងបន្ដថា «សម្រាប់សម្ភារៈឧបករណ៍ដែលសាខាយើងទទួលបាននេះ នឹងឆ្លើយតបទៅនឹងគម្រោងនៅក្នុងសហគមន៍របស់យើងបានកាន់តែល្អ ដើម្បីចុះទៅដល់សហគមន៍ផ្ទាល់ ហើយជាកិច្ចការមួយគាំទ្រទៅដល់ការផ្លាស់ប្ដូរឥរិយាបថរបស់សហគមន៍នៅក្នុងគម្រោងរបស់យើង។ លោកបន្ដថានឹងពង្រីក និងអនុវត្ដនៅតាមសហគមន៍ផ្សេងៗទៀត តាមរយៈការផ្លាស់ប្តូរឥរិយាបថគម្រោងនេះ»

តំណាងឱ្យសាខាខេត្ដត្បូងឃ្មុំ លោកថ្លែងទាំងទឹកចិត្ដត្រេកអរថា «សូមគោរពថ្លែងអំណរគុណដល់ស្នាក់ការកណ្ដាលរបស់កាកបាទក្រហមកម្ពុជា ដែលបានផ្ដល់ និងរៀបចំគម្រោងនេះ ដាក់ទៅខាងខេត្តរបស់ខ្ញុំ ។ខ្ញុំពិតជារីករាយណាស់ និងមានមោទនភាពដែលទទួលបានគម្រោងនេះ ដើម្បីឱ្យប្រជាពលរដ្ឋនៅខេត្ដមានការផ្លាស់ប្តូរឥរិយាបថ ក្នុងការរស់នៅ និងត្រៀមបង្ការគ្រោះមហន្ដរាយនានា នៅក្នុងសហគមន៍។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់ម្ចាស់គម្រោង ដែលបានផ្ដល់ថវិកា ក្នុងការអនុវត្ដកមកម្មវិធីនេះ»

ទន្ទឹមនឹងនោះ លោកតំណាងឱ្យសាខា បានប្ដេជ្ញាចិត្ដនៅក្នុងការអនុវត្ដកម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ឱ្យបានល្អ និងអនុវត្ដឱ្យចំគោលដៅ ដើម្បីសម្រេចបានជោគជ័យ៕