(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងខែមករា និងលើកទិសដៅបន្តសម្រាប់ខែកុម្ភៈឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងថ្នាក់ដឹកនាំអង្គភាពមួយចំនួន។

នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០២៣នេះ កងយុទ្ធពលខេមរភូមិន្ទបានអនុវត្តតួនាទីភារកិច្ចប្រកបដោយការយកចិត្តទុកដាក់ ដោយទទួលបានលទ្ធផលល្អប្រសើរ។

សភាពការណ៍នៅតាមតំបន់ព្រំដែន ត្រូវបានអ្នកនាំពាក្យអះអាងថា មានភាពស្ងប់ស្ងាត់ពុំមានអ្វីគួរឲ្យកត់សម្គាល់។ លោកថាកងយោធពលខេមរភូមិន្ទបាន បន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុង ភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួនដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់ បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមករវាងប្រទេសជិតខាង ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយសន្តិវិធី។

«ជាក់ស្ដែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន២៦២លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន១៣៥លើក»។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ។

ក្នុងខែមករាកន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានប្រមូលផ្តុំរៀបចំផែនការសកម្មភាពការងារតាមបណ្តាស្ថាប័ន អង្គភាពរៀងៗខ្លួន និងបានបន្តយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រ នយោបាយនិងសតិអារម្មណ៍កងទ័ព ព្រមទាំងការងារផ្សេងៗទៀតតាមភារកិច្ច។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់បន្ថែមថា ការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ផ្អែកតាមការវាយតម្លៃរបស់ អង្គការសហប្រជាជាតិនាចុងឆ្នាំ២០២២នេះ កងកម្លាំងកម្ពុជាបន្តទទួលបានលំដាប់លេខ២៧/១២១នៃប្រទេស បរិច្ចាគកងកម្លាំង រីឯការចូលរួមរបស់នារីទទួលបានលំដាប់លេខ១២/១២១នៃប្រទេសបរិច្ចាគកងកម្លាំង។ ចំណែកក្នុងសហគមន៍អាស៊ានកម្ពុជាទទួលបានលំដាប់លេខ៣ រីឯការចូលរូមរបស់នារីទទួលបានលំដាប់ លេខ២។

បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបការងារ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានវាយតម្លៃខ្ពស់ ចំពោះការអនុវត្តការងារ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងអង្គភាពក្រោមចំណុះ។ លោកក៏បានលើកទិសដៅមួយចំនួន ព្រមទាំងបានជំរុញឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអង្គភាពក្រោមចំណុះយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព។

នៅក្នុងឱកាសនោះ ក្នុងការអនុវត្តទិសដៅការងារបន្ត នាយឧត្តមសេនីយ៍ នាង ផាត បានជំរុញថែមទៀត ឲ្យតាមបណ្ដាអង្គភាពក្រោមចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បន្តយកចិត្តទុកដាក់ជំរុញការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រកងទ័ព និងគ្រប់គ្រងថែរក្សាអាវុធយុទ្ធភណ្ឌក្នុងអង្គភាពរបស់ខ្លួនឲ្យបានល្អ។ ឆ្លៀតឱកាសនេះ នាយឧត្តមសេនីយ៍ ក៏បានជំរុញឲ្យយកចិត្តទុកដាក់ទៅលើការថែទាំសុខភាពកងទ័ព គ្រាដែលធាតុអាកាសប្រែប្រួលចុះត្រជាក់ ជាពិសេសកងទ័ព នៅតាមតំបន់ភ្នំ និងព្រំដែន។

នាយឧត្តមសេនីយ៍ប្រធានអង្គប្រជុំ បានបញ្ជាក់អំពីការប្ដេជ្ញាចិត្ត របស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងបណ្ដាអង្គភាពកងទ័ពក្រោមចំណុះ ក្នុងការអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ប្រឆាំងនឹងបទល្មើសផ្សេងៗ។ នាយឧត្តមសេនីយ៍ ក៏បានជំរុញឲ្យតាមបណ្ដាអង្គភាពកងទ័ព ត្រៀមខ្លួន ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះមហន្តរាយផ្សេងៗ នៅតាមមូលដ្ឋាន៕