(ព្រះសីហនុ)៖ នៅវេលាម៉ោងប្រមាណ ៨យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ មានករណីអគ្គិភ័យឆាបឆេះ ក្លិបកម្សាន្តមួយកន្លែងឈ្មោះ Julie & Anna Tokyo នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់មនុស្ស ២នាក់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យបណ្តាញ Fresh News ដឹងថា ករណីអគ្គីភ័យនេះ បណ្តាលមកពីជាងផ្សារដែកនៅក្នុងក្លិប ដែលផ្សារដែក ក៏ឆាបឆេះតែម្តង។

ទោះជាយ៉ាងនេះក្តី ករណីនេះ ត្រូវបានកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានចុះទៅអន្តរាគមន៍ភ្លាមៗ ដើម្បីបាញ់ទឹកពន្លត់។

ដោយសារនៅវេលាម៉ោងកើតហេតុ មិនទាន់មានភ្ញៀវចូល ករណីនេះសមត្ថកិច្ចបានសង្គ្រោះជាងផ្សារដែក និងមេការម្នាក់ ដែលនៅកន្លែងកើតហេតុ ហើយបញ្ជូនទៅមន្ទីរពេទ្យបង្អែក ចម្ការចេក តែដោយបញ្ហារបួសធ្ងន់ក៏បានស្លាប់ទាំង ២នាក់នៅមន្ទីរពេទ្យ។

បើតាមលោកស្នងការ ម្ចាស់ក្លិបឈ្មោះ ហុង សេង ភេទ ប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ខណៈក្លិបត្រូវបានឆេះទាំងស្រុង។ មូលហេតុ នៃការឆេះ ដោយសារជាងធ្វើវាំននផ្សារដែក ធ្លាក់កំទេចធូបផ្សាដែរលើអេប៉ុង។

ករណីខាងលើបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្ត ព្រះសីហនុចំនួន ២គ្រឿង ប្រើបាស់ទឹកអស់ ២រថយន្ត៕