(ភ្នំពេញ)៖ ខ្មែរក្រុមមួយក្រុមសុទ្ធសឹងជាបញ្ញវន្ត ដែលរស់នៅ និងរៀនសូត្រក្នុងប្រទេសកម្ពុជាយូរឆ្នាំមកហើយនោះ រួមគ្នាបង្កើត សមាគមមួយ ដើម្បីធ្វើសកម្មភាពផ្នែកមនុស្សធម៌ ជួយពលរដ្ឋខ្មែរក្រោម កំពុងរស់នៅកម្ពុជា ហើយជួបការខ្វះខាតនៅក្នុងជីវភាព។

សមាគមដែលបង្កើតឡើងដើម្បីជួយដល់ការលំបាករបស់ខ្មែរក្រោមរស់នៅកម្ពុជានេះ មានឈ្មោះថា «សមាគមសម្បុរសធម៌ ខ្មែរកម្ពុជាក្រោម»។ សមាគមនេះ ត្រូវបានក្រសួងមហាផ្ទៃចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។ សមាគមមានទីស្នាក់ការកណ្តាលនៅផ្ទះលេខ២៥១ ផ្លូវលំ ក្រុមទី០៤ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងទៅតាមវត្ថុបំណងដាក់ចូលទៅក្រសួងមហាផ្ទៃ សមាគមបានបញ្ជាក់ថា សមាគមគោលដៅសកម្មភាពសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១៖ រួមចំណែកជាមួយរាជ រដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ស្របតាម គោលនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល
២៖ ចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាជនក្នុងសហគមន៍ក្រីក្រ
៣៖ បង្កើន និងពង្រីកសកម្មភាពសប្បុរសធម៌ដល់ប្រជាពលរដ្ឋទូទៅ និងក្រុមគោលដៅ
៤៖ ផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃ ដើម្បីជួយការពារដល់ផលប្រយោជន៍ស្របច្បាប់របស់ពួកគេ
៥៖ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សមាជិក
៦៖ ពង្រឹង និងពង្រីកចំណេះដឹង បទពិសោធន៍ និងចូលរួមលើកកម្ពស់កម្រិតជីវភាពគ្រួសារក្រីឱ្យមានភាពប្រសើរ ព្រមទាំងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោក សឿង សុធានី ប្រធានសមាគម បានប្រាប់ Fresh News បន្ថែមថា សមាគមរបស់លោកនឹងធ្វើសកម្មភាពផ្តោតជាសំខាន់ទៅលើផ្នែកសង្គមកិច្ច និងមនុស្សធម៌។

លោកបន្តថា មានសមាគមខ្មែរក្រោមជាច្រើនហើយ បានធ្វើសកម្មភាពលើ វិស័យផ្សេងៗ ប៉ុន្តែផ្នែកសង្គមកិច្ច និងមនុស្សធម៌នេះ មិនទាន់មានអ្នកធ្វើ នៅឡើយ។ អាស្រ័យហេតុនេះ ទើបលោកបង្កើតសមាគមនេះឡើង។

លោក សុធានី បានបញ្ជាក់យ៉ាងដូច្នេះ «ការងាររបស់យើងសំខាន់ជាងគេ គឺយើងធ្វើការងារផ្នែកសង្គមកិច្ច និងមនុស្សធម៌។ ដោយសារមើលឃើញថា ខ្មែរក្រោមដែលឡើងមកនេះ មានបងប្អូនខ្លះ មានបញ្ហាជីវភាព បញ្ហាខ្វះការងារធ្វើ បញ្ហាទុរគត និងពេលឈឺស្កាត់ខ្វះលទ្ធភាព ដោះស្រាយបញ្ហាជាដើម»

ប្រធានសមាគមរូបនេះ ក៏បានបញ្ជាក់ដែរថា សមាគម ក៏នឹងផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ផ្សេងៗ ដល់ខ្មែរកម្ពុជាក្រោម នៅពេលពួកគេត្រូវការ។ បន្ថែមពីលើនេះ ដើម្បីលើកកម្ពស់ជីវភាពខ្មែរក្រោមឱ្យកាន់តែប្រសើរថែមទៀតនោះ សមាគម ក៏នឹងស្វះស្វែងរកការងារទាំងក្នុង និងក្រៅប្រទេសជូនពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជាផងដែរ។

លោក សឿង សុធានី បានអះអាងថា សមាគមនឹងប្រឹងប្រែងធ្វើសកម្មភាពឱ្យអស់លទ្ធភាពក្នុងការជួយដោះស្រាយការលំបាក និងការខ្វះខាតរបស់ខ្មែរកម្ពុជាក្រោម កំពុងរស់នៅក្នុងប្រទេសកម្ពុជា៕