(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងាឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

យោងតាមរបាយការណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០២២ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួនជាង១,៧០០នាក់ បើធៀបនឹងឆ្នាំ២០២១ បានកើនឡើងដល់ ១៤ភាគរយ ក្នុងនោះបានបញ្ជូនជនល្មើស បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ទៅតុលាការចំនួនជាង៣០០នាក់។ ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងចំនួន ២,៩៧៦ករណី បណ្ដាលឲ្យស្លាប់ចំនួន ១,៧០៩នាក់ និងរងរបួសជាង ៤ពាន់នាក់។

អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម។ មូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរដោយលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ វ៉ាជែង បត់ ស្រវឹង កត្តាយានយន្ត និងងងុយ។ ក្នុងចំណោមជនរងគ្រោះជិះម៉ូតូសរុបជាង ៤ពាន់នាក់, ជនរងគ្រោះមិនពាក់មួកសុវត្ថិភាពជាង ៣ពាន់នាក់ ដែលភាគច្រើនមិនពាក់នៅពេលយប់ ។

ក្នុងនោះ បានបញ្ជូនករណីគ្រោះថ្នាក់ចរាចរណ៍ទៅតុលាការចំនួន ១,០២៧ករណី បានដោះស្រាយចំនួន ១២១ករណី កំពុងអង្កេតចំនួន ៦៦៤ករណី បញ្ជូនជនល្មើសទៅតុលាការចំនួន៣១៦នាក់។

ដោយឡែក សម្រាប់ការងារត្រួតពិនិត្យយានយន្ត បានសរុបចំនួនជាង១លានគ្រឿង រកឃើញយានយន្តល្មើស និងពិន័យជាង ១៤ម៉ឺនគ្រឿង, ពិន័យបានថវិកា ១២ពាន់ ៤រយហាសិបបួនលានរៀល។ ដំណើរការសាកល្បងធ្វើការពិន័យ និងដកពិន្ទុបណ្ណបើកបរ ដោយឧបករណ៍បច្ចេកទេស គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ទី៣១ ខែធ្នូ ឆ្នាំ២០២២ សរុបចំនួនជាង ៨,៥០០នាក់ (ស្រី៤៨៩នាក់)៕