(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ដ៏មានប្រជាប្រិយភាព បានគូសរំលេចថា យោងទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការធ្វើសកម្មភាពនយោបាយរបស់លោកមិនមានអ្វីខុសនោះឡើយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត លើកបង្ហាញពីទិដ្ឋភាពច្បាប់ពាក់ព័ន្ធការធ្វើ សកម្មភាពនយោបាយរបស់លោកនេះ គឺដើម្បីឆ្លើយតបទៅនឹងអ្នកវិភាគ បម្រើក្រុមប្រឆាំងក្រៅប្រទេស ដែលបានធ្វើអត្ថាធិប្បាយវាយប្រហារថា សកម្មភាពនយោបាយរបស់លោក ខុសនឹងច្បាប់នៅក្នុងប្រទេសកម្ពុជា។

តាមរយៈវីដេអូឃ្លីបបង្ហោះលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកមកបង្ហាញមាត្រាចំនួនពីរនិយាយពីការធ្វើសកម្មភាពនយោបាយ ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ទី១៖ ការចែងពីការធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត។ ក្នុងមាត្រា៨៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលដាក់ឱ្យប្រើប្រាស់ឆ្នាំ២០១៥ បានចែងថា «បន្ទាប់ពីបញ្ចប់ម៉ោងធ្វើការ ឬស្ថិតនៅក្រៅម៉ោងការងារ ឬមិនស្ថិតនៅក្នុងម៉ោងបំពេញការងារ ក្នុងសមត្ថភាពផ្លូវការ មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិ និងមន្ត្រីតុលាការ អាចចូលរួមក្នុងសកម្មភាពឃោសនាគាំទ្រចំពោះគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ប៉ុន្តែមិនត្រូវស្លៀកពាក់ឯកសណ្ឋានយោធា និងមិនត្រូវមានអាវុធជាប់នឹងខ្លួន និងមិនត្រូវធ្វើអ្វីដែលនាំឱ្យមានការគំរាម កំហែងឡើយ»

ទី២៖ ការឈរឈ្មោះជាតំណាងរាស្ត្រ។ ក្នុងមាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលដាក់ឱ្យប្រើប្រាស់ឆ្នាំ២០១៥ បានចែងថា «មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បុព្វជិតសាសនាដែលមានបំណងឈរឈ្មោះបោះឆ្នោតជាតំណាងរាស្ត្រ ត្រូវដាក់ច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ថ្ងៃប្រកាស លទ្ធផលបោះឆ្នោតជាស្ថាពរយ៉ាងតិច៧ថ្ងៃមុនបើកយុទ្ធនាការឃោសនាបោះឆ្នោត»

ក្នុងមាត្រាដដែលនេះ បានចែងបន្តថា «ប្រសិនបើសាមីខ្លួនជាប់ឆ្នោត សាមីខ្លួនត្រូវដាក់ពាក្យសុំតាមឋាននុក្រមទៅសាមីក្រសួង ឬសាមីអង្គភាព ទៅបម្រើការងារក្រៅក្របខណ្ឌដើម ក្នុងរយៈពេលអាណត្តិរបស់ខ្លួន។ ក្នុងរយៈពេលស្ថិតនៅក្រៅក្របខណ្ឌដើម សាមីខ្លួនត្រូវមានសិទ្ធិឡើង ឋានន្តរស័ក្តិ និងឡើងថ្នាក់ដោយស្វ័យប្រវត្តិ និងរក្សាអតីតភាពការងារ សម្រាប់ទទួលសោធននិវត្តន៍។ នៅពេលចប់អាណត្តិជាតំណាងរាស្ត្រ សាមីខ្លួនអាចសុំត្រឡប់មកបម្រើការងារនៅក្រសួង ឬអង្គភាពដើមវិញ ប៉ុន្តែមុខងារអាស្រ័យដោយសាមីក្រសួង ឬសាមីអង្គភាពជាអ្នកសម្រេច»

ដោយយោងទៅលើច្បាប់ដែលបានកំណត់នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា សកម្មភាពនយោបាយរបស់លោក មិនខុសនោះឡើយ។ បេក្ខភាពនាយករដ្ឋមន្ត្រីដែលបញ្ចប់ការសិក្សានៅសាលាយោធាអាមេរិក និងផ្នែកសេដ្ឋកិច្ច នយោបាពីចក្រភពអង់គ្លេសរូបនេះ បានបញ្ជាក់ដូច្នេះ «គ្មានអ្វីខុសច្បាប់ទាំងអស់។ ខ្ញុំខ្លាចតែអ្នកវិភាគយកច្បាប់មកនិយាយ តែអត់ចេះច្បាប់»

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកការបង្ហាញច្បាប់ខាងលើនេះ ដើម្បីបំពេញបន្ថែមដល់អ្នកវិភាគដែលវាយប្រហារលោកនោះ ក្រែងខ្វះព័ត៌មាន។ ប៉ុន្តែបើដឹងហើយ បែរជាធ្វើមិនដឹងមានន័យថា អ្នកវិភាគរូបនោះ ជាអ្នកវិភាគស៊ីអារម្មណ៍ហើយ។

លោកបណ្ឌិត បានបន្ថែមថា អ្នកវិភាគស៊ីអារម្មណ៍នេះ នឹងទទួលបាបទោះគេកាន់សាសនាអ្វីក៏ដោយ ព្រោះគ្រប់សាសនាមិនឱ្យសាសនិកខ្លួនធ្វើអំពើបាបនោះឡើយ។ បាបដែលទាន់ហន់លឿនជាងគេសម្រាប់អ្នកវិភាគស៊ីអារម្មណ៍ គឺបាបលែងមានអ្នកគាំទ្រ៕