(ភ្នំពេញ)៖ ក្រុមអ្នកជំនាញនៃវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលា បង្ហាញលទ្ធផលលម្អិតនៃគម្រោងស្រាវជ្រាវស្តីពី «ការអនុវត្តបាយអូឆាជាមួយបាយអូកំប៉ុស្តដោយបច្ចេកវិទ្យាក្នុងស្រុក និងកសិកម្មឆ្លាត លើដំណាំបន្លែនៅកម្ពុជា»។

សិក្ខាសាលានេះ បានធ្វើឡើងនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ ដោយបង្ហាញនូវបង្ហាញពីសំណាក់អ្នកជំនាញ រួមជាមួយនឹងការសួរដេញដោលពីសារៈសំខាន់ នៃការអនុវត្តបាយអូឆាជាមួយបាយអូកំប៉ុស្ត នៅលើដំណាំបន្លែជាដើម។

គម្រោងនេះត្រូវបានធ្វើឡើងដោយលោកបណ្ឌិត ម៉ម សារិត ជាមន្រ្តីស្រាវជ្រាវ នៃវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រាជបណ្ឌិត្យសភាកម្ពុជា ជាប្រធានគម្រោង «ការអនុវត្តបាយអូឆាជាមួយបាយអូ-កំប៉ុស្តដោយបច្ចេកវិទ្យាក្នុងស្រុក និងកសិកម្មឆ្លាតលើដំណាំបន្លែនៅកម្ពុជា»។ គម្រោងនេះបានចាប់ផ្តើមពីខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ២០២២។ គាំទ្រថវិកាដោយរាជរដ្ឋាភិបាល តាមរយៈរាជបណ្ឌិត្យសភាសកម្ពុជា។

លោកបណ្ឌិត ម៉ម សារិត បានបញ្ចប់ការសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យជាតិសេអ៊ូល នៃសារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។ សូមជម្រាបផងដែរថា សាកលវិទ្យាល័យជាតិសេអ៊ូលជាសាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់លេខ០១នៅប្រទេសកូរ៉េ និង ចំណាត់ថ្នាក់ទី២៩ នៃសាកលវិទ្យាល័យលើពិភពលោក (ទិន្នន័យWUR ២០២២)។

មុខជំនាញរបស់លោក គឺវិស្វកម្មបរិស្ថាន និងសំណង់ស៊ីវិល Civil and Environmental Engineering។ ការសិក្សាស្រាវជ្រាវរបស់លោកបណ្ឌិត គឺការគ្រប់គ្រងធានធានសំណល់ និងកែច្នៃធនធានករកើតឡើងវិញ។

ផលិតផលបាយអូឆា (Biochars) ឬគេហៅថា ជីវធ្យូង គឺជាការដុតកំដៅនៃសំណល់សរីរាង្គនូវសីតុណ្ហភាពពី២៥០ ដល់៩០០អង្សាសេ ឬលើសពីនេះ និងរយៈពេល (Contacting time) នៃការផលិត។ វត្ថុធាតុដើមសម្រាប់ផលិតឱ្យបានទៅជាបាយអូឆា(Biochars) រួមមានដូចជា សំណល់ពីកសិកម្ម សំណល់ផ្ទះបាយ សំណល់លាមកសត្វ…ជាដើម ឱ្យក្លាយទៅជាបាយអូឆា (វាមានរូបរាងព៌ណសម្បុរ ដូចគ្នាទៅនឹងធ្យូង)។ តួនាទីរបស់វាគឺត្រូវបានគេប្រើសម្រាប់ការធ្វើវិសោធនកម្មដី(កែប្រែ ដីដែលគ្មានគុណភាព ឬដីហិលខូចឱ្យមានគុណភាពល្អឡើងវិញ)។ បាយអូឆា គឺវាសម្បូរទៅដោយសារធាតុកាបូន និងអាចស៊ូទ្រាំនៅក្នុងដីរាប់ពាន់ឆ្នាំ នេះបើយោងតាមលោក (Lehmann and Joseph 2009)។

លោកបណ្ឌិត បានបញ្ជាក់ថា គំនិតគោលចម្បងរបស់ពិភពលោកចំពោះអត្ថប្រយោជន៍របស់បាយអូឆា គឺទី១៖ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ, ទី២៖ ផលិតផលថាមពលសម្រាប់ស្រូបទាញនូវសារធាតុចិញ្ចឹម ឬលោហៈធ្ងន់ក្នុងដីកុំឱ្យប៉ះពាល់សុខភាព, ទី៣៖ ការបង្កើនគុណភាពដី និងទី៤៖ ការគ្រប់គ្រងសំណល់។

លោកបណ្ឌិត ម៉ម សារិត បានឱ្យដឹងថា ប្រយោជន៍ក្នុងការកែប្រែដីខូចដែលបណ្តាលមកពីការប្រើប្រាស់ជីគីមីលើសកម្រិត ជីគីមីខូចគុណភាព ជាដើម។ តួនាទីរបស់បាយអូឆាពេលលាយចូលទៅក្នុងដី គឺរក្សាសំណើមក្នុងដី មិនងាយពុកផុយ (រយៈពេលរាប់រយឆ្នាំ) ជាជម្រករបស់អតិសុខុមប្រាណ, បង្កើនសត្វល្អិតក្នុងដី ដូចជា ជន្លេន ធ្វើឱ្យដីកាន់តែមានជីជាតិល្អសម្រាប់ដំណាំកសិកម្ម និងធ្វើឱ្យមានអុកស៊ីសែនក្នុងដី។

បន្ថែមពីនេះលោកបណ្ឌិត បានរំពឹងថា ប្រយោជន៍សម្រាប់កសិករ និងអ្នកប្រើប្រាស់ គឺទទួលបាននូវទិន្នផលកសិកម្ម (បន្លែ ឬផ្លែឈើហូបផ្លែ) ដែលមានសុខភាពល្អ កសិករអាចផលិតបាយអូឆា ដោយបច្ចេកវិទ្យាដ៏សាមញ្ញ រីឯតម្លៃក៏សមរម្យបំផុតដោយខ្លួនឯង កាត់បន្ថយការនាំចូលជីគីមីពីបរទេស ជាឱកាសដ៏ល្អក្នុងការសំអាតទីក្រុង ដោយការកែច្នៃសំណល់ឱ្យមានប្រយោជន៍ និងទទួលបាននូវបន្លែសរីរាង្គ សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋយើង។

លោកបណ្ឌិត ម៉ម សារិត បានថ្លែងថា ក្នុងនាមស្ថាប័នស្រាវជ្រាវរបស់ជាតិ និងក្នុងនាមអ្នកជំនាញ រីករាយទទួលការពិគ្រោះយោបល់គ្រប់បែបយ៉ាងលើការគាំទ្របចេ្ចកវិទ្យាផលិត និងអនុវត្តបាយអូឆា ក្នុងការកែប្រែគុណភាពដី ដើម្បីបង្កើនទិន្នផលឋដំណាំកសិកម្មនៅកម្ពុជា។

ក្នុងនាមលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក សូត្រ សំណាង អគ្គលេខាធិការរង និងជាប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគម្រោងស្រាវជ្រាវស្ដីពី «ការអនុវត្តបាយអូឆា ជាមួយបាយអូ-កំប៉ុស ផលិតដោយបច្ចេកវិទ្យាក្នុងស្រុក និងកសិកម្មឆ្លាត លើដំណាំបន្លែនៅកម្ពុជា» ដែលបានខិតខំរៀបចំសិក្ខាសាលាបង្ហាញលទ្ធផលដ៏មានអត្ថន័យ និងអត្ថប្រយោជន៍នេះឡើង ដែលទាំងអស់នេះ បានបង្ហាញឱ្យឃើញនូវវឌ្ឍនភាព និងជាលទ្ធផលថ្មីមួយបន្ថែមទៀតក្នុងចំណោមលទ្ធផលដទៃទៀតជាច្រើនរបស់រាជបណ្ឌិត្យសភាកម្ពុជា។

លោក សូត្រ សំណាង បានលើកឡើងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺការធ្វើទំនើបកម្មវិស័យកម្មកម្ពុជា ឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុលមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមអភិក្រម និងវិសាលាភាពថ្មី ដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលនៃការអភិវឌ្ឍបែបវិបុលកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើធនធានដែលមានស្រាប់ (ធនធានដី និងធនធានធម្មជាតិផ្សេងៗទៀត) ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី កសិកម្មវៃឆ្លាត ការសិក្សាស្រាជ្រាវ និងការអភិវឌ្ឍយន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព ដើម្បីលើកកម្ពស់ផលិតភាព ពិពិធកម្មដំណាំដែឡមានសក្តានុពល និងទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈ ពាណិជ្ជកម្ម៕