(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ បណ្តាអង្គការ ក៏ដូចជាសមាគមទេសចរណ៍នានាពាក់ព័ន្ធនឹងតំបន់ឆ្នេរសមុទ្រកម្ពុជា ប្តេជ្ញាពង្រឹងការគ្រប់គ្រង និងកាត់បន្ថយសំណល់សមុទ្រ (Marine Debris) ពិសេសសំណល់ប្លាស្ទិកនៅតាមគោលដៅទេសចរណ៍តំបន់ឆ្នេរ។

ការប្ដេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងសំណល់សមុទ្រ ពិសេសសំណល់ប្លាស្ទិកនៅតាមគោលដៅទេសចរណ៍តំបន់ឆ្នេរ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងផែនការ ក្រសួងសាធារណការនិងដឹកជញ្ជូន រួមទាំងរដ្ឋបាលខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកែប ព្រមទាំងបណ្តាអង្គការ និងសមាគមទេសចរណ៍នានាពាក់ព័ន្ធនឹងតំបន់ឆ្នេរសមុទ្រកម្ពុជា។

លោករដ្ឋលេខាធិការ នី ផល្លី បានលើកឡើងពីភាពចាំបាច់ក្នុងការគ្រប់គ្រងសំណល់សមុទ្រ (Marine Debris) ពិសេសសំណល់ប្លាស្ទិកនៅតាមគោលដៅទេសចរណ៍តំបន់ឆ្នេរ គឺតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់សហការគ្នាថែរក្សាឆ្នេរសមុទ្រឱ្យមានអនាម័យល្អ បរិស្ថានល្អ និងគុណភាពទឹកល្អ ដើម្បីបង្កើនភាពទាក់ទាញនិងភាពកក់ក្តៅដល់ទេសចរជាតិនិងអន្តរជាតិ និងចូលរួមលើកស្ទួយសុខមាលភាពសង្គម។

លោករដ្ឋលេខាធិការបានលើកជាគំនិតផ្តួចផ្តើមក្នុងការចងក្រង និងបង្កើតជាថ្នាលរួមមួយក្នុងការសហការរវាងបណ្តាញក្រសួងស្ថាប័ន អាជ្ញាធរមូលដ្ឋាន អង្គការ សមាគម សហគមន៍ និងសមាគមទេសចរណ៍នានានៅក្នុងតំបន់ឆ្នេរសមុទ្រ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញបេសកកម្មតាមគន្លងគោលដៅរួមក្នុងការគ្រប់គ្រង និងកាត់បន្ថយសំណល់សមុទ្រ។

អង្គប្រជុំបានឯកភាពគ្នាប្តេជ្ញាចិត្តពង្រឹងកិច្ចសហការអនុវត្តការងារ ផ្លាស់ប្តូរទិន្នន័យនិងបច្ចេកវិទ្យា និងរួមគ្នាទាំងការកសាង និងអនុវត្តផែនការសមាហរណកម្មអន្តរវិស័យក្នុងការគ្រប់គ្រងនិងកាត់បន្ថយសំណល់សមុទ្រ (Marine Debris) ពិសេសគាំទ្រឱ្យមានការបង្កើតវេទិការួមដើម្បីគាំទ្រដល់ការអនុវត្តគម្រោងនិងផែនការខាងលើ៕