(បាត់ដំបង)៖ សមិទ្ធផលនានាក្នុងអារាមចំនួន៣ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយពីបានជួសជុលរួចរាល់ជាស្ថាពរ ក្រោមការជំនួយឧបត្ថម្ភ​ថវិកា​ពីលោកបណ្ឌិត ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានប្រារព្ធពិធីបុណ្យឆ្លង ក្រោមព្រះអធិបតីភាពសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះមេគណ​​ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

សមិទ្ធផលដែលបានធ្វើពិធីបុណ្យឆ្លង នាឱកាសនេះចំណាយថវិកាអស់ចំនួន១៨៨,២០៤.៣៩ដុល្លារអាមេរិក ហើយសំណង់ទាំងនេះសុទ្ធសឹង ជាសំណង់បុរាណនាសម័យអាណានិគមន៍រួមមាន ពុទ្ធិកបឋមសិក្សា វត្តពោធិ៍វាល, សាលាឆាន់វត្តពោធិ៍វាល, កុដិលោកគ្រូចៅអធិការវត្តពោធិ៍វាល, សាលាអ៊ឹង ធួខាងមុខ, សាលា អ៊ឹង ធួង ខាងក្រោយ, រោងភត្តវត្តពោធិ៍ក្នុង និងព្រះវិហារវត្តអន្លង់វិល។

លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានថ្លែងថា «ដោយការស្រឡាញ់វប្បធម៌ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់បុព្វបុរសខ្មែរ ​និងចង់អភិរក្ស កេរដំណែលបុរាណដ៏ល្អវិសេសនេះ សម្រាប់ទុកជាប្រយោជន៍ ដល់កូន​ខ្មែរ​ជំនាន់ក្រោយបានឃើញ​ និងបានជាគំនិតសិក្សារៀនសូត្របន្ត ខ្ញុំព្រមទាំងក្រុមគ្រួសារបានមូលមតិគ្នា សម្រេចធ្វើការជួយជួសជុលអគារបុរាណទាំងនេះ ឲ្យបានល្អស្អាតឡើងវិញ ដើម្បីរួមចំណែករក្សាឲ្យបានគង់វង្ស និងដើម្បីឲ្យបូជនីដ្ឋានអគារទាំងនេះ ក្លាយជាសម្បត្តិវប្បធ៌មមានតម្លៃរបស់មនុស្សជាតិ»

លោកស្រីបញ្ជាក់ថា សមិទ្ធផលបានជួយឧត្ថម្ភនេះ តិចតួចស្ដួតស្ដើងបំផុតមួយតែប៉ុណ្ណោះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកស្តួយវិស័យព្រះពុទ្ធសាសនា និងការបណ្ដុះបណ្ដាលធនធានមុស្ស តាមសាលាពុទ្ធិកសិក្សា។

លោក អ៊ូ ដារី អភិបាលរងនៃខេត្តបាត់ដំបង បានចាត់ទុកការជួយឧបត្ថមពីលោកបណ្ឌិត ជា ចាន់តូ​​ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា ជាចាន់តូ ដល់វិស័យពុទ្ធសាសនាក្នុងខេត្តបាត់ដំបងនេះ ជាគំរូដ៏ល្អបំផុតធ្វើឡើងប្រកបដោយសទ្ធាយ៉ាងមុតមាំ។ លោកទាំងពីរមិនត្រឹមតែជួយ ក្នុងខេត្តបាត់ដំបងប៉ុណ្ណោះទេ ឃើញស្ទើរគ្រប់ទីកន្លែងឲ្យតែមានព្រះសង្ឃសិក្សារៀនសូត្រ ដោយបានប្រើប្រាស់នូវធនធានផ្ទាល់ខ្លួនផង និងដឹកនាំសប្បុរសជនក្នុង និងក្រៅប្រទេសឲ្យមានឱកាសធ្វើសេចក្តីល្អ ជាមួយផងដែរ។

លោកបានបន្ដថា ទាំងនេះជាមហាទានដ៏ប្រពៃថ្លៃថ្លា និងចាត់ជាសេនាសនទានផងជាធម្មទានផង ព្រោះជាទានដែលនឹងត្រូវចូលរួមចំណែក អភិវឌ្ឍធនធានមនុស្ស ដោយចំពោះផ្នែកពុទ្ធិកសិក្សា និងជួយដល់ការទ្រទ្រង់ព្រះពុទ្ធសាសនានៅកម្ពុជា ឲ្យមានការរីកចម្រើន និងតាំងនៅបានយូរអង្វែងទៀតផង។

សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន មានថេរដីកាថា សម្ដេចពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះសទ្ធាជ្រះថ្លា និងការខិតខំប្រឹងប្រែងធ្វើការងារជាបុណ្យកុសល របស់លោកបណ្ឌិត និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងសហការី ចំពោះស្ថាប័នព្រះពុទ្ធសាសនា ជាពិសេសផ្នែកពុទ្ធិកសិក្សា ដែលតាំងពីបុរាណកាលមកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ជួយដល់ព្រះសង្ឃចេញពីត្រកូលក្រីក្រ ឲ្យមានឱកាសបានសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង កសាងសមត្ថភាពមានអនាគតភ្លឺថ្លា អាចជួយខ្លួនឯង គ្រួសារ និង ចូលរួមអភិវឌ្ឍសង្គមបានតាមលទ្ធភាព និងសមត្ថភាព។

សម្ដេចព្រះពុទ្ធជ័យមុនី បានថ្លែងបន្ដថា កាលសម័យបុរាណអ្នកប្រាជ្ញបណ្ឌិត កោវិទ និងវិទូភាគច្រើនគឺចេញពី វិស័យពុទ្ធិកសិក្សានេះដូចមាន សម្តេចព្រះមហាសង្ឃរាជ ជួន ណាត ជាឧទាហរណ៍ស្រាប់។ ហើយរាល់សមិទ្ធផលរីកចម្រើននានាទាំងអស់នេះ បើគ្មានវត្តមាននៃសុខសន្តិភាពពេញលេញ ក្នុងផ្ទៃប្រទេសក៏មិនអាចកើតមានបានដែរ៕