(ភ្នំពេញ)៖ កម្មវិធីសន្និបាតបូកសរុបការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៣ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសីទចតុមុខ បានបិទបញ្ចាប់ជាមួយនឹងដំណើរការទៅដោយរលូន។

ពេលអញ្ជើញបិទសន្និបាត លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា នៅក្នុងបរិបទបច្ចុប្បន្នដែលមានភាពអំណោយផលដល់ការអនុវត្តការងារ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ ស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ និងដំណើរវិលត្រឡប់ទៅគន្លងប្រក្រតីភាពដើមឡើងវិញជាបណ្ដើរៗ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិតជាមានសុទិដ្ឋិនិយមខ្ពស់ ក្នុងការបន្តសម្រេចបាននូវលទ្ធផលការងារល្អប្រសើរក្នុងឆ្នាំ២០២៣នេះ ស្របទៅតាមចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ក្នុងគោលបំណងជំរុញទិសដៅការងារដែលបានដាក់ចេញឱ្យមានវឌ្ឍនភាពល្អប្រសើរ នៅក្នុងឆ្នាំ២០២៣នេះ លោកស្រីបានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ ដូចខាងក្រោម៖

ទី១៖ ការពង្រឹងបរិមាណនិងគុណភាពការងារផ្អែកលើលទ្ធផលការងារ ដែលក្រសួងសម្រេចបានទាំងនៅមុនពេលមានការរីករាលដាលឆ្លងជំងឺកូវីដ-១៩ រួមទាំងលទ្ធផលការងារសម្រេចបានចំនួន ៩៧ភាគរយ នៅក្នុងឆ្នាំ២០២២កន្លងទៅថ្មីៗនេះ យើងអាចសន្និដ្ឋានបានថាក្រសួងពិតជាមានសមត្ថភាពអាចសម្រេចការងាររបស់ខ្លួនបានក្នុងរង្វង់ ៩០ភាគរយ ក្នុងមួយឆ្នាំៗ ដោយធៀបជាមួយចំនួនសកម្មភាពការងារសរុប។

ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ ហើយសកម្មភាពសង្គមសេដ្ឋកិច្ចក៏កំពុងវិវឌ្ឍទៅរកគន្លងប្រក្រតីភាពដើមឡើងវិញ ក្រសួងនឹងអាចបន្តសម្រេចបាននូវលទ្ធផលការងារល្អៗបន្ថែមទៀត។ ក្នុងន័យនេះ លោកស្រីសូមកំណត់យកគោលដៅការងារក្នុងទំហំយ៉ាងតិច ៩០ភាគរយ ក្នុងមួយឆ្នាំ ដែលក្រសួងត្រូវសម្រេចឱ្យបាន។ អាស្រ័យហេតុនេះ លោកស្រីស្នើថ្នាក់ដឹកនាំ ប្រធានអង្គភាព និងប្រធានមន្ទីរទាំងអស់ ត្រូវបន្តខិតខំបំពេញការងារ ទាំងការងារក្នុងផែនការនិងការងារក្រៅផែនការ ដោយស្មារតីយកចិត្តទុកដាក់ចំពោះគោលដៅសូចនាករនេះ។

ទន្ទឹមនឹងបរិមាណការងារដែលបានកំណត់ខាងលើ លោកស្រីក៏សូមស្នើឱ្យថ្នាក់ដឹកនាំ ប្រធានអង្គភាព និងប្រធានមន្ទីរទាំងអស់ ត្រូវពិនិត្យឡើងវិញនូវសកម្មភាពការងារក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីធ្វើការកែសម្រួលសកម្មភាពការងារទាំងនោះឱ្យកាន់តែមានគុណភាពនិងមានទម្ងន់យុទ្ធសាស្ត្រជាបណ្ដើរៗ តាមរយៈការដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្ដើមថ្មីៗដែលមានលក្ខណៈច្នៃប្រឌិតនិង នវានុវត្តន៍។ ក្នុងន័យនេះ យើងទាំងអស់គ្នាក៏ត្រូវមានការផ្លាស់ប្ដូរទាំងផ្នត់គំនិតនិងទម្លាប់ក្នុងការបំពេញការងារមួយចំនួនផងដែរ។

ទី២៖ បញ្ហាខ្វះធនធានបម្រើការងារ (មន្ត្រីនិងថវិកា)

អង្គសន្និបាត បានកត់សម្គាល់ឃើញកំណើនការងាររបស់ក្រសួងនិងរដ្ឋាភិបាលមានការកើនឡើងជាបន្តបន្ទាប់ ដោយសារប្រទេសកម្ពុជាបានបន្តធ្វើសមាហរណកម្ម ទៅក្នុងតំបន់ និងពិភពលោកកាន់ស៉ីជម្រៅ។

ដោយសារការងារមានការកើនឡើងច្រើន ប៉ុន្តែថវិកានិងចំនួនមន្ត្រីនៅមិនទាន់ឆ្លើយតបនៅឡើយ លោកស្រីសូមស្នើដូចខាងក្រោម៖

* ត្រូវរៀបចំឱ្យមានផែនការកសាងសមត្ថភាពនិងអភិវឌ្ឍធនធានមនុស្ស តាមរយៈការរៀបចំផែនការបណ្ដុះបណ្ដាល ការធ្វើវិក្រឹត្យការសមត្ថភាពមន្ត្រី ការបញ្ជូនមន្ត្រីចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ និងការគ្រប់គ្រងវត្តមានមន្ត្រីរាជការឱ្យបានកាន់តែប្រសើរឡើង
* ត្រូវពង្រឹងនិងតាមដានការវិវត្តរបស់មន្ត្រីក្មេងៗឱ្យបានច្បាស់លាស់ដោយត្រូវបែងចែកភារកិច្ចទទួលខុសត្រូវនិងត្រូវប្រើឱ្យអស់លទ្ធភាព ជាពិសេសមន្ត្រីដែលទទួលបានការបណ្ដុះបណ្ដាលច្រើន ពីក្រសួងកន្លងមក ដោយមិនត្រូវទុកមន្ត្រីចោលនោះឡើយ។
* ប្រធានអង្គភាព ជាពិសេសប្រធានមន្ទីរត្រូវស្វែងយល់កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីងាយស្រួលអនុវត្តការងារឱ្យទាន់សភាពការនិងមានប្រសិទ្ធភាព
* ការធ្វើនិយ័តមន្ត្រីពីកន្លែងមួយទៅកន្លែងមួយទៀត គឺត្រូវមានភាពប្រុងប្រយ័ត្ន តម្លាភាព និងក្នុងភាពចាំបាច់ពិតប្រាកដ
* ត្រូវប្រើប្រាស់ធនធានដែលមានឱ្យមានប្រសិទ្ធភាពនិងសន្សំសំចៃខ្ពស់បំផុត។

ទី៣៖ បញ្ហាខ្វះបទដ្ឋានគតិយុត្ត

អង្គសន្និបាតកត់សម្គាល់អំពីបញ្ហាខ្វះខាតច្បាប់ និងបទដ្ឋានគតិយុត្តច្រើនដែលមានលក្ខណៈបច្ចុប្បន្នភាពទៅនឹងស្ថានភាពសង្គមបច្ចុប្បន្ន។ អង្គសន្និបាត ក៏កត់សម្គាល់ឃើញថាសេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល គឺបានរៀបចំព្រាងរួចរាល់នៅក្នុងកម្រិតជំនាញ។ ដូច្នេះ លោកស្រីស្នើឱ្យពន្លឿនការរៀបចំនីតិវិធីចាំបាច់នានា ដើម្បីអាចដាក់ឱ្យប្រើប្រាស់នូវច្បាប់នេះក្នុងពេលឆាប់ៗខាងមុខ តាមដែលអាចធ្វើទៅបាន។

ទី៤៖ ការពង្រឹងយន្តការការងារ* ការពង្រឹងយន្តការការងាររបស់អង្គភាពចំនួន២៖ អង្គសន្និបាតបានកត់សម្គាល់ឃើញវឌ្ឍនភាពការងារល្អៗជាច្រើនដែលអាជ្ញាធរជាតិទាំង៣ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ បាននិងកំពុងអនុវត្ត រួមទាំងការដាក់ទិសដៅការងារទៅមុខ។ ប៉ុន្តែ អង្គសន្និបាតក៏កត់សម្គាល់ឃើញមានអង្គភាពចំនួន២ រួមមាន គណៈកម្មការជាតិយូណេស្កូកម្ពុជា និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅមានធនធានមនុស្សនិងថវិកាតិចខ្លាំង ដែលជាកម្មវត្ថុនៃការសិក្សាក្នុងការធ្វើសមាហរណកម្មបញ្ចូលគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។

* ការកត់ត្រាថវិកាដៃគូ៖ អង្គសន្និបាតបានកត់សម្គាល់ឃើញការបូកសរុបទិន្នន័យថវិកាដៃគូជាង ៤លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ គឺនៅមិនទាន់ឆ្លុះបញ្ចាំងអំពីទំហំថវិកាដៃគូពិតប្រាកដ ដែលបានចូលរួមជួយក្នុងវិស័យវប្បធម៌នៅឡើយនោះទេ។ ជាថ្មីម្ដងទៀត លោកស្រីសូមស្នើឱ្យគ្រប់អង្គភាពទាំងអស់ត្រូវបន្តកត់ត្រាថវិកាដៃគូឱ្យបានច្បាស់លាស់ និងបញ្ជូនមកក្រសួង ដើម្បីធ្វើការបូកសរុបឱ្យបានពេញលេញសម្រាប់រាយការណ៍ នៅក្នុងសន្និបាតនាឆ្នាំបន្ទាប់។

* ការពង្រឹងការពិនិត្យតាមដាន និងវាយតម្លៃអនុសាសន៍សន្និបាត៖ គណៈកម្មការរៀបចំសន្និបាតរបស់ក្រសួង ត្រូវពិនិត្យ បូកសរុប និងបែងចែកអនុសាសន៍ដែលបានដាក់ចេញនៅក្នុងសន្និបាតទាំងក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ ទៅដល់ថ្នាក់ដឹកនាំនិងអង្គភាពដែលមានសមត្ថកិច្ចត្រូវអនុវត្ត ព្រមទាំងរៀបចំឱ្យមានប្រព័ន្ធពិនិត្យតាមដាននិងវាយតម្លៃសម្រាប់រាយការណ៍នៅក្នុងសន្និបាតនាឆ្នាំបន្ទាប់។

ចំពោះអង្គភាពដែលត្រូវឡើងធ្វើបទអន្តរាគមន៍ក្នុងសន្និបាតនាឆ្នាំក្រោយៗ គឺត្រូវ៖

* រៀបចំឱ្យមានបទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ដែលបានដាក់ចេញ
* ស្នើកំណត់តួលេខនៃទំហំបញ្ហាប្រឈមសំខាន់ៗដែលអង្គភាពបានជួបប្រទះក្នុងមួយឆ្នាំៗ ដើម្បីមានមូលដ្ឋានក្នុងការប្រៀបធៀបពីការឡើងចុះ ជាជាងការលើកឡើងបញ្ហាប្រឈមក្នុងទិដ្ឋភាពទូទៅពេក។

ទី៥៖ ធាតុចូលសម្រាប់រៀបចំកម្មវិធីនយោបាយរបស់រដ្ឋាភិបាលនៅអាណត្តិបន្ទាប់

ឆ្នាំ២០២៣នេះ គឺជាឆ្នាំចុងក្រោយ នៃអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ ដូច្នេះ អង្គសន្និបាតបានកំណត់ឱ្យថ្នាក់ដឹកនាំ ប្រធានកម្មវិធី និងប្រធានអង្គភាព ត្រូវត្រៀមផ្តល់ធាតុចូលជាទស្សនវិស័យ និងផែនការសកម្មភាពជាក់លាក់ ដោយផ្តោតលើវិស័យអាទិភាពចំនួន៣ រួមមាន ការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន, និងការធ្វើពិពិធកម្មសេដ្ឋកិច្ច នៅក្នុងបរិបទឌីជីថល ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០និង២០៥០។

ចំពោះការអភិវឌ្ឍធនធានមនុស្សផ្នែកសិល្បៈវប្បធម៌ លោកស្រីស្នើឱ្យយកចិត្តទុកដាក់បង្កើនគុណភាពឱ្យបានច្រើនជាងបរិមាណ ដោយផ្តោតលើផលិតភាព និងភាពប្រកួតប្រជែង។ ទន្ទឹមគ្នានេះ ក៏ត្រូវគិតគូរក្នុងការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រនៅក្នុងតំបន់បេតិកភណ្ឌផងដែរ។

ទី៦៖ កិច្ចសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ

អង្គសន្និបាតបានពិនិត្យនិងពិភាក្សាលើបញ្ហាប្រឈម សំណូមពរ និងទិសដៅការងារសំខាន់ៗជាច្រើន ដោយក្នុងក៏មានកិច្ចការងារមួយចំនួន ដែលត្រូវការឱ្យមានកិច្ចសហការកាន់ច្រើនឡើងពីក្រសួងស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, និងភាគីពាក់ព័ន្ធផ្សេងៗផងដែរ។

អាស្រ័យហេតុនេះ លោកស្រីសូមស្នើតំណាងពីក្រសួងស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, និងភាគីពាក់ព័ន្ធទាំងអស់ សូមជួយជំរុញការងារ ដូចខាងក្រោម៖

* ស្នើសុំក្រសួងមហាផ្ទៃ ពិសេសនគរបាលការពារបេតិកភណ្ឌ, ក្រសួងធម្មការនិងសាសនា, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និងរដ្ឋបាលរាជធានី-ខេត្ត សហការឱ្យបានកាន់តែសកម្មឡើងក្នុងការការពារបុរាណដ្ឋាន និងសំណង់បេតិកភណ្ឌ ពិសេសនៅតាមវត្តអារាម ព្រមទាំងចាត់វិធានការឱ្យបានទាន់ពេលវេលា ដើម្បីសង្គ្រោះមរតកវប្បធម៌ពីការរំលោភបំពាន និងការវាយបំផ្លាញ រួមទាំងការអនុវត្តច្បាប់ឱ្យបានតឹងរឹងបំផុតចំពោះជនល្មើស ដើម្បីរក្សាមរតកវប្បធម៌ទាំងនោះ ឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិ និងសម្រាប់មនុស្សជំនាន់ក្រោយ។

* ស្នើក្រសួងមុខងារសាធារណៈជួយពិនិត្យ ផ្ដល់យោបល់ និងសម្របសម្រួលលើបញ្ហាខុសអត្តសញ្ញាណរបស់មន្ត្រីសម្រាប់ត្រៀមរៀបចំកាតមន្ត្រីរាជការទម្រង់ថ្មី(Smart Card)។ អង្គសន្និបាត បានកត់សម្គាល់បញ្ហានេះថាមានលក្ខណៈប្រឈមជាអាទិភាព ដោយសារមានមន្ត្រីក្រសួងជាច្រើនដែលមានបញ្ហាខុសអត្តសញ្ញាណ។ ជាទិសដៅ យើងត្រូវដោះស្រាយអ្វីងាយមុន ឯអ្វីស្មុគស្មាញត្រូវទុកជាករណីពិសេសតាមក្រោយ។

* ស្នើរដ្ឋបាលរាជធានី-ខេត្ត យកចិត្តទុកដាក់បន្ថែមទៀតក្នុងការចូលរួមជួយលើកស្ទួយសិល្បៈវប្បធម៌របស់សហគមន៍ និងសំណង់បេតិកភណ្ឌ ដែលស្ថិតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន តាមរយៈការរៀបចំឱ្យមានវេទិការសម្ដែងសិល្បៈ និងការផ្ដួចផ្ដើមថ្មីៗក្នុងការប្រែក្លាយសំណង់បេតិកភណ្ឌទៅជាសារមន្ទីរ សាលពិព័រណ៍ ឬទីតាំងវប្បធម៌ផ្សេងទៀតដែលមានភាពទាក់ទាញ និងរស់រវើក ដើម្បីឱ្យសាធារណជនបានស្គាល់កាន់តែច្រើន និងក្លាយទៅជាអត្តសញ្ញាណរបស់ខេត្តនីមួយៗផងដែរ។ កន្លងមក សហគមន៍ល្ខោនខោលវត្តស្វាយអណ្ដែត បានក្លាយទៅជាមុខមាត់និងជាអត្តសញ្ញាណរបស់ខេត្តកណ្ដាល ដែលអាចចាត់ទុកជាគំរូល្អមួយ៕