(ភ្នំពេញ)៖ អង្គការ អេដ អេ អាកស្យុង និងអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីផ្ដល់ឱកាសការអប់រំដល់កុមារបាត់បង់ឱកាសនៅកម្រិតបឋមសិក្សាចំនួន ៦៣៨សាលា។

កម្មវិធីចុះហត្ថលេខានេះ មានគោលបំណងលើកកម្ពស់សិទ្ធិទទួលបានសមធម៌ គុណភាព ភាពពាក់ព័ន្ធនៃការអប់រំបឋមសិក្សា ភាពជាម្ចាស់ និងគណនេយ្យភាពក្នុងការដោះស្រាយបញ្ហានៃកុមារងាយរងគ្រោះ កុមារបាត់បង់ឱកាសទទួលបានការអប់រំដែលនឹងគ្របដណ្តប់គោលដៅសាលាបឋមសិក្សា ចំនួន៦៣៨ នៅក្នុងស្រុក ចំនួន៣១ នៃខេត្តចំនួន១០ ទូទាំងប្រទេសកម្ពុជារួមមាន៖ កំពង់ឆ្នាំង, កំពង់ស្ពឺ, តាកែវ, កណ្ដាល, កំពង់ធំ, ក្រចេះ, ព្រះវិហារ, បន្ទាយមានជ័យ, បាត់ដំបង និងសៀមរាប។

លោក វន សំភាស់ នាយកប្រចាំប្រទេសអង្គការអេដ អេ អាកស្យុង អន្តរជាតិ ប្រទេសកម្ពុជា បានថ្លែងថា អង្គការ អេដ អេ អាកស្យុង នឹងដើរតួនាទីជា អ្នកដឹកនាំកម្មវិធីដៃគូរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ ឱកាសនៅកម្ពុជា (CCOSC) ដែលមានអង្គការដៃគូ ចំនួន២៩ នឹងធ្វើការងារគ្របដណ្ដប់លើសាលារៀនគោលដៅ ចំនួន ២,៦៩៤ ក្នុងនោះដែរ គម្រោងផ្តោតលើគោលដៅកុមារបាត់បង់ឱកាសទទួលបានការអប់រំ នឹងទៅចុះឈ្មោះចូលរៀនថ្មី ចំនួន១១៦,៣៩៦នាក់ នៅទូទាំងប្រទេសកម្ពុជា។

លោក ឡេង វិរ: នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោក បានបន្ដថា នៅកម្ពុជា នឹងផ្តោតលើការត្រួតពិនិត្យបច្ចេកទេសនៃកម្មវិធី អប់រំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពពាក់ព័ន្ធនៃការរៀន និងការបង្រៀន តាមរយៈការកសាងភាពជាដៃគូរបស់ សាលា-សហគមន៍ និងភាពជាម្ចាស់ ហើយចុះឈ្មោះ និងរក្សាទុកកុមារបាត់បង់ឱកាសអប់រំទាំងអស់ នៅក្នុងតំបន់គោលដៅ សម្រាប់វគ្គសិក្សាពេញលេញនៃសាលាបឋមសិក្សាដែលមានគុណភាពល្អ។ អង្គការ ទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា ក៏នឹងគាំទ្រដល់ កម្មវិធីដៃគូរួមគ្នា ដោយដើរតួជា អ្នកមានឥទ្ធិពលនៃកិច្ចពិភាក្សាគោលនយោបាយទាក់ទងនឹងបញ្ហាកុមារ បាត់បង់ឱកាសអប់រំ ជាមួយនឹង ក្រសួងអប់រំ យុវជន និងកីឡា។

ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី Educate A Child នៃ Education Above All Foundation កម្មវិធីដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា បានចាប់ផ្តើមដំណាក់កាលទី១ របស់ខ្លួននៅក្នុងឆ្នាំ២០១៤ ដែលជាគម្រោងទូទាំងប្រទេសមួយ ជាចលនាដើម្បីជួយដល់កុមារបាត់បង់ឱកាសអប់រំ នៅសាលារៀលគោលដៅ ចំនួន ១,៣៨៨ ត្រូវ បានទទួលការគាំទ្រ ក្នុងដំណាក់កាលទី១ (ឆ្នាំ២០១៤ ដល់២០១៧)។ ដំណាក់កាលទី២ នៃកម្មវិធីដៃគូរួមគ្នានេះ រាប់បញ្ចូលអង្គការដៃគូ ចំនួន២៩ ដែលបានផ្គត់ផ្គង់ដល់ប្រព័ន្ធអប់រំនៅកម្ពុជាដ៏ទូលំទូលាយ និងរួមបញ្ចូលកុមារមានពិការភាព កុមាររស់នៅតាមដងផ្លូវ សិស្សលើសអាយុ កុមារក្រីក្រ កុមាររស់នៅតំបន់ដាច់ស្រយាល និងជនជាតិដើមភាគតិច។

កិច្ចព្រមព្រៀងក្នុងភាពជាដៃគូរវាង អង្គការ អេដ អេ អាកស្យុង និង អង្គការ ទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា នឹងអនុវត្តការងាររយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ដោយប្រើប្រាស់មូលនិធិសរុប ចំនួនជាង ៥លាន៤ម៉ឺន ដុល្លារសហរដ្ឋអាមេរិក ដែលបានមកពីការរួមចំណែកយ៉ាងសំខាន់របស់ អង្គការ អេដ អេ អាកស្យុង ចំនួន ៣៦ភាគរយ និង វិភាគទានរបស់ អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជាចំនួន៦៤ភាគរយ។ តាមរយៈកិច្ចព្រមព្រៀងក្នុងភាពជាដៃគូ នេះ កម្មវិធីដៃគូរួមគ្នា នឹងគាំទ្រលើសកម្មភាព សាងសង់សាលារៀនស្ដង់ដារថ្មី ចំនួន៨ ចុះឈ្មោះ និងរក្សាទុក កុមារបាត់បង់ ឱកាសទទួលការអប់រំ ចំនួន ១៥,៩៥០នាក់ (៥០% ជាក្មេងស្រី) ផ្តល់ ជំនួយលើការសិក្សា និងសេវាកម្មសម្រាប់ការសិក្សា ចំនួន ៩,០០០កញ្ចប់ ទៅដល់កុមារបាត់បង់ឱកាសទទួលការអប់រំ និងការអភិវឌ្ឍន៍វិជ្ជាជីវៈសម្រាប់គ្រូបង្រៀន និងតួអង្គអប់រំ លើសពី ៥,០០០នាក់៕