(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសមត្ថកិច្ចនិងអាជ្ញាធរ ឱ្យជួយការពារបុរាណដ្ឋាន និងសំណង់បេតិកភណ្ឌ ពិសេសនៅតាមវត្តអារាម ព្រមទាំងចាត់វិធានការ ឱ្យបានទាន់ពេលវេលា ដើម្បីសង្គ្រោះមរតកវប្បធម៌ពីការរំលោភបំពាន និងការវាយបំផ្លាញ។

លោកស្រីស្នើបែបនេះ ពេលអញ្ជើញបិទកម្មវិធីសន្និបាតបូកសរុបការងាររបស់ក្រសួងវប្បធម៌ សម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៣ ដែលបានធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសីទចតុម្មុខ។

លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ស្នើសុំក្រសួងមហាផ្ទៃ ពិសេសនគរបាលការពារបេតិកភណ្ឌ, ក្រសួងធម្មការនិងសាសនា, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានី-ខេត្ត សហការឱ្យ បានកាន់តែសកម្មឡើងក្នុងការការពារបុរាណដ្ឋាន និងសំណង់បេតិកភណ្ឌ ពិសេសនៅតាមវត្តអារាម ព្រមទាំងចាត់វិធានការឱ្យបានទាន់ពេលវេលា ដើម្បីសង្គ្រោះមរតកវប្បធម៌ពីការរំលោភបំពាន និងការវាយបំផ្លាញ រួមទាំងការអនុវត្តច្បាប់ឱ្យបានតឹងរឹងបំផុតចំពោះជនល្មើស ដើម្បីរក្សាមរតកវប្បធម៌ទាំងនោះ ឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិ និងសម្រាប់មនុស្សជំនាន់ក្រោយ»

សូមជម្រាបថា ករណី នៃការវាយកម្ទេចកុដិបុរាណចំនួន០៣ (លេខ៤៣, ៤៤ និង៤៥) ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ ក្នុងបរិវេណវត្តឧណ្ណាលោម រហូតដល់បាត់បង់រូបភាពដើមទាំងស្រុង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៉ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ ដោយរក្សាទីតាំងនោះពុំឲ្យមានការសាងសង់ សំណង់អ្វីថ្មី រហូតដល់នីតិវិធីនានា ដែលមានជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់។

ពាក់ព័ន្ធនឹងករណីនៃការវាយកុដិបុរាណចំនួន៣ (កុដិលេខ ៤៣ ៤៣ និង៤៥) ដែលកសាងកំឡុងឆ្នាំ១៩៣០ នៅក្នុងបរិវេណវត្តឧណ្ណាលោម ដើម្បីសាងសង់ព្រះចេតិយកើតឡើង ក្រសួងមានការសោកស្តាយជាខ្លាំង ព្រោះកុដិទាំង៣នេះ ក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧។

សូមជម្រាបថា កាលពីឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរមួយ ស្តីពីការទប់ស្កាត់ ការវាយកម្ទេច និងបំផ្លិចបំផ្លាញ សំណង់អគារបេតិកភណ្ឌ ដោយសង្កត់ធ្ងន់ថា សំណង់អគារបេតិកភណ្ឌ ដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕