(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៤៣ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈសំខាន់ៗចំនួន ៥។

កិច្ចប្រជុំនេះដែរបានធ្វើឡើងក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រីអភិបាលរងខណ្ឌ លោកនាយករដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធានយោធាភូមិភាគពិសេសខណ្ឌ ការិយាល័យចំណុះជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធ។

របៀបវារៈកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងអនុម័តរួមមាន៖

១៖ សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្ដិទី៣។
២៖ សេចក្ដីព្រាងរបាយការណ៍ប្រចាំខែមករា និងទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌបឹងកេងកង
៣៖ ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក របស់រដ្ឋបាលខណ្ឌបឹងកេងកង ប្រចាំខែមករា ឆ្នាំ២០២៣
៤៖ ប្រកាសតែងតាំងនាយករងរដ្ឋបាលសាលាខណ្ឌបឹងកេងកង ចំនួន ០២រូប រួមមាន៖ លោក មុត ពិសី ជានាយករងរដ្ឋបាលសាលាខណ្ឌបឹងកេងកង និងលោក អ៊ុន ប៊ុនថន ជានាយករងរដ្ឋបាលសាលាខណ្ឌបឹងកេងកង។
៥៖ បញ្ហាផ្សេងៗ៕