(ភ្នំពេញ)៖ លោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់កម្ពុជា ជាមួយនឹងការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោក Dominic Williams បានថ្លែងកោតសរសើរដូចនេះ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែល លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។

ថ្លែងក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននានា ដែលក្រសួងបាន និងកំពុងប្រឹងប្រែងធ្វើការអភិវឌ្ឍ ជាពិសេសលើវិស័យដឹកជញ្ជូនសាធារណៈក្នុងទីក្រុង ដែលក្រសួងធ្លាប់បានសិក្សាសមិទ្ធិលទ្ធភាពពីមុនមក រួមមាន៖ ការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងដែលបានរៀបរាប់ខាងលើ បានបង្ហាញឱ្យឃើញថា ដើម្បីអភិវឌ្ឍគម្រោងទាំងនេះបាន គឺត្រូវការថវិកាក្នុងទំហំមួយយ៉ាងធំ ដែលពិតជាត្រូវការជំនួយហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន ហើយកម្ពុជាក៏កំពុងតែក្រឡេកមើលលើប្រភពហិរញ្ញប្បទានផ្សេងៗ រួមទាំង EU Global Gateway និងបានលើកឡើងអំពីការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការសិក្សាគម្រោងនេះ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិ ឱ្យកាន់តែរីកចម្រើន ជាពិសេសគឺតាមបណ្តាខេត្ត និងក្រុងនានាដែលស្ថិតនៅតាមបណ្តោយផ្លូវ។

ទាក់ទងនឹងការបន្តជំរុញលើកទឹកចិត្ត ការប្រើប្រាស់រថយន្តថាមពលអគ្គិសនី លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនដែរថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំបង្កើតក្រុមការងារពិសេសអន្តរក្រសួងមួយ ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងរថយន្តថាមពលអគ្គិសនីនេះ ដើម្បីជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តប្រភេទនេះកាន់តែទូលំទូលាយ និងទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីវិស័យឯកជន សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការអព្យាក្រឹតកាបូន ដើម្បីថែរក្សាបរិស្ថានឱ្យបានគង់វង្សយូរអង្វែង និងបានជម្រាបពីទីតាំងស្ថានីយបញ្ចូលថាមពលអគ្គិសនី ដែលកំពុងដាក់ឱ្យដំណើរការនាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តពង្រាយឱ្យបានច្រើននៅពាសពេញផ្ទៃប្រទេស។

ឆ្លៀតក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើឱ្យចក្រភពអង់គ្លេសជួយផ្ដល់សាស្ត្រាចារ្យ វគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ ធonline ក៏ដូចជាពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូល រួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងដែលក្រសួងកំពុងសិក្សា គឺការដឹកជញ្ជូនតាមផ្លូវទឹកតាមទន្លេបាសាក់ ភ្ជាប់ទៅកាន់កំពង់ផែសមុទ្រក្នុងខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែមានភាពឆាប់រហ័ស និងកាត់បន្ថយការចំណាយ និងបានជម្រាបជូនដែរថា ប្រសិនបើគម្រោងនេះសម្រេចបាន វានឹងក្លាយជាគម្រោងប្រវត្តិសាស្រ្ត ដែលផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល នៅលើវិស័យដឹកជ្ជូនតាមផ្លូវទឹកផងដែរ។

ជាមួយគ្នានេះដែរលោកឯកអគ្គរាជទូត ក៏បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ចំពោះគម្រោងនានាដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកយកមកជម្រាបជូន និងបានឆ្លៀតយកឱកាសនេះ ក្នុងការគោរពអញ្ជើញថ្នាក់ដឹកនាំក្រសួង ដើម្បីចូលរួមក្នុងកម្មវិធី ពិភាក្សាពិគ្រោះយោបល់អំពីគម្រោងអភិវឌ្ឍន៍មួយចំនួន ជាពិសេសលើគម្រោងសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈ MRT ក្នុងរាជធានីភ្នំពេញ ព្រមទាំងសិក្ខាសាលាអំពី «ការកៀរគរវិស័យឯកជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា» (Mobilizing Private Sector for Sustainable Development in Cambodia) ដែលស្ថានទូតនៃចក្រភពអង់គ្លេស គ្រោងនឹងរៀបចំនាថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២៣ខាងមុខ។

ជាការឆ្លើយតបលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឯកភាពក្នុងការចាត់តាំងថ្នាក់ដឹកនាំក្រសួង អមដោយមន្ត្រីជាន់ខ្ពស់មួយចំនួន ដើម្បីចូលរួមក្នុងកម្មវិធីខាងលើនេះផងដែរ៕