(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យទីតាំងសណ្ឋាគារ ម៉ារី ប៊ិច (MARY BEACH Hotel & Resort) នៅក្រុមទី៨ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ តាមរយៈបណ្តឹងតាមរយៈ Hotline មួយករណីទៀត ដោយរកឃើញជនជាតិជប៉ុន ចំនួន១៩នាក់។ នេះជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីមានបណ្តឹងចូលប្រព័ន្ធ Hotline ជនបរទេស (លេខ ៨៩). ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្តីពីករណីសង្ស័យមានការបង្ខាំង ជនជាតិជប៉ុន ចំនួន ២០រូប (គ្មានសាវតា) នៅក្នុងទីតាំងមួយកន្លែងក្នុងខេត្តព្រះសីហនុ។

ភ្លាមៗបន្ទាប់ពីបានឃើញបណ្តឹងតាមរយៈ Hotline ជនបរទេសខាងលើ ស្តីពីករណីសង្ស័យមានការបង្ខាំង កម្លាំងនគរបាលជំនាញផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងចម្រុះ និងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ដឹកនាំដោយ លោក នង ឌីណារ៉ា អភិបាលរងក្រុង និងដោយមានការសម្របសម្រួលនីតិវិធី ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងសណ្ឋាគារ ម៉ារី ប៊ិច (MARY BEACH Hotel & Resort) ដែលមានទីតាំងស្ថិតនៅក្រុមទី៨ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

តាមរយៈរបាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលបានធ្វើការត្រួតពិនិត្យនៅតាមបន្ទប់ដូចខាងក្រោម៖

*បន្ទប់លេខ:B315 មានជនជាតិជប៉ុនចំនួន ០៩នាក់ (ប្រុស)
*បន្ទប់លេខ:B313 មានជនជាតិជប៉ុនចំនួន ០៣នាក់ (ប្រុស)
*បន្ទប់លេខ:B311 មានជនជាតិជប៉ុនចំនួន ០២នាក់ (ប្រុស)
*បន្ទប់លេខ:B211 មានជនជាតិជប៉ុនចំនួន ០២នាក់ (ប្រុស)
*បន្ទប់លេខ:B212 មានជនជាតិជប៉ុនចំនួន ០៣នាក់ (ប្រុស)

តាមរយៈរបាយការណ៍របស់សមត្ថកិច្ច បានគូសបញ្ជាក់ថា ចំពោះករណីនេះពុំមានការបង្ខាំង និងធ្វើទារុណកម្មអ្វីឡើយ។

ក្នុងករណីបណ្តឹងតាមរយៈ Hotline ជនបរទេសខាងលើ កម្លាំងនគរបាលបានអនុញ្ញាតឱ្យជនជាតិជប៉ុនចំនួន ១៩នាក់ ខាងលើស្នាក់នៅទីតាំងសណ្ឋាគារ MARY BEACH ដដែលដោយមានកម្លាំងសមត្ថកិច្ចយាមការពាររង់ចាំបន្តនីតិវិធី៕